ខេត្តបាត់ដំបង៖លោក សុខ លូ បានធ្វើការផ្សព្វផ្សាយ ពីដល់ប្រជាពលរដ្ឋ អំពីបញ្ហាអាងភាស ដោយកន្លងមក មានការផ្សព្វផ្សាយថា មានប្រជាពលរដ្ឋ ជាង៨០០គ្រួសារអះអាងថា ខ្លួនកំពុងអាស្រ័យផលនៅក្នុងអាងនេះ និងនាំគ្នាមកតវ៉ា ក្រោយពេលដែលក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចស្ដារអាងនេះឱ្យជ្រៅជាងមុន ដើម្បីអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់រាប់ពាន់គ្រួសារ តែបែរមានជនមួយចំនួនបានធ្វើការផ្សព្វផ្សាយថា ធ្វើឱ្យប៉ះពាល់ដីធ្វើស្រែចំនួនជាង៨០០គ្រួសារ ដែលជាក់ស្ដែង មានតែ២៣គ្រួសារតែប៉ុណ្ណោះ ដែលកំពុងធ្វើការអាស្រ័យផលនៅទីនោះ នឹងរៀបចំដោះស្រាយ ជូន២៣គ្រួសារនោះ ជាបន្តបន្ទាប់ទៀត។ ចំណែកចំពោះបុគ្គល ដែលធ្វើការផ្សព្វផ្សាយញុះញង់ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដែរ។
លោកបានបញ្ជាក់ថា ចំពោះប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ នឹងត្រូវថែរក្សា តែចំពោះប្រយោជន៍រដ្ឋ ដែលជាប្រយោជន៍ ក៏មិនត្រូវបាត់បង់ឡើយ ពោលគឺត្រូវការពារផលប្រយោជន៍រួម ដែលជាទ្រព្យសម្បត្តិ របស់រដ្ឋ បើពុំដូច្នោះទេ យើងនឹងត្រូវបាត់បង់ផលប្រយោជន៍ធំ ធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារខ្វះទឹកប្រើប្រាស់សម្រាប់ធ្វើស្រែចំការរបស់ពួកគាត់។
អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរស់នៅលើខ្នងទំនប់អាងភាស ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួន២៥៦គ្រួសារ មកពីភូមិចំនួន២ដែលរស់នៅលើទំនប់អាងភាសមកពី ភូមិចំនួន២ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃអង្គារ នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក៏បាននាំយកនូវការផ្តាំផ្ញើ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីអំពីជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយ លោកតា ប្រជាពលរដ្ឋ ងាយរងគ្រោះ ទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត ពិសេសសម្ដេចតែងតែបានណែនាំដល់សាខាកាកបាទក្រហមខេត្ត ទាំងអស់ ខិតខំយកចិត្តទុកដាក់ ស្វែងរកប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមភូមិសាស្រ្ដនានានៅទូទាំងខេត្ត ដើម្បីធ្វើការដោះស្រាយបញ្ហាជូនគាត់ឱ្យបានទាន់ពេលវេលា។
លោកបានថ្លែងបន្តថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺវត្តមានកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងគោលដៅជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ។ លើសពីនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជាប្រចាំ។
លោក សុខ លូ បានផ្ដាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយដោយធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវបន្តចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឬដូសជំរុញបន្តបន្ទាប់ទៀតតាមគោលការណ៍ណែនាំ របស់អាជ្ញាធរ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ និងជាពិសេស ពង្រឹងភាពស៊ាំនៅក្នុងខ្លួនយើងឱ្យកាន់តែខ្លាំង។
សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១ កេស,ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ៕SRP