ខេត្តសៀមរាប៖ចៅហ្វាយស្រុកប្រាសាទបាគង លោកសូរ ប្លាតុង បានអះអាងថានឹងបើកការស្រាវជ្រាវ រកជនល្មើស លួចឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់អោយបាន។
ការអះអាងនេះនៅថ្ងៃទី០៥ខែឧសភា ម្សិលមិញ ក្នុងពេលលោកបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំង នៃតំបន់ព្រៃលិចទឹក ដែលមានជនល្មើសមិនស្គាល់អត្តសញ្ញាណ លួចឈូសឆាយទន្ទ្រានយក នៅចំណុចស្បែកខ្លាក់ ភូមិគោកធ្លក និងនៅក្រោមចំណុច ទំនប់ទឹកថ្លា ស្ថិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកអភិបាលស្រុកបានបន្តថា ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឺងរៀបចំផែនការដាំដើមឈើជួសឡើងវិញ កំណត់ទីតាំងនិងទំហំ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹក អោយបានគង់វង្ស ធ្វើជាជម្រកសម្រាប់ត្រីពងកូននារៀងរាល់រដូវវស្សាទឹកឡើង។
ចំណែកអាជ្ញារធរភូមិ ឃុំ ត្រូវរៀបចំក្រុមការងារ ធ្វើការល្បាត ទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រាន ឈូសឆាយព្រៃលិចទឹកនេះ អោយខ្លាំងក្លាជាងមុន ជាពិសេសរួមគ្នារកវិធីបង្ការកុំអោយមានភ្លើងឆេះព្រៃនិងត្រៀមលក្ខណៈពន្លត់ផងដែរ។
ជាមួយគ្នានេះ អភិបាលស្រុកក៏បានស្នើអោយបងប្អូនប្រជាកសិករ ដែលអាស្រ័យក្បែរទីតាំងនេះ ជួយសហការណ៍ ផ្តល់ព័ត៌មាន មកអាជ្ញាធរ ក្នុងករណីបង្ក្រាបបាន រដ្ឋបាលស្រុកនឹងផ្តល់រង្វាន់លើកទឹកចិត្តជូនផងដែរ៕SRP


ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន៩តោន ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។

ខេត្តសៀមរាប៖លោក សុខ តុញ ស្ថាបនិក ក្រុមហ៊ុនសុខ តុញ រៀលអុីសស្ទេត និង ប្រធានក្រុមប្រឹក្សាភិបាល គម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន)និងក្រុមការងារ នៅព្រឹកមិញនេះ បាននាំយកអង្ករចំនួន ១តោន មីម៉ាម៉ាចំនួន ៥០កេស ទឹកសុទ្ធ ៣០កេស ត្រីខ ១០កេស ម៉ាស ១០០ប្រអប់ អាល់កុល ៣បាដុង ទឹកស៊ីអ៊ីវ ៣០យួ ទឹកត្រី ៣០យួ និងថវិកាចំនួន ១លានរៀល ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប ក្រោមវត្តដ៏ខ្ពង់ខ្ពស់របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប។