ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់សមាជិក្រុមប្រឹក្សា.ឃុំ សង្កាត់ ជាប់ឆ្នោតថ្មី ត្រូវរក្សាគោលចំហរសាមគ្គីភាព ដេីម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព និងយុត្តិធម៌ ពុំមានការប្រកាន់និន្នាការនយោបាយ ព្រមទាំងអនុវត្តឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ផងដែរ៊
ការថ្លែងបែបនេះក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំចំការអណ្តូង ស្រុកចំការលើ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
លោក អ៊ុន ចាន់ដា បានលើកឡើងថា បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពីគណបក្ស នយោបាយនានា ដែលបានប្រកួតប្រជែង ក្នុងពេលបោះឆ្នោត នឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ធ្វើជាតំណាងឲ្យ ប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ សង្កាត់ របស់ខ្លួន ដែលត្រូវការពារ និងបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋគ្រប់ៗរូប គឺមិនតំណាងឲ្យតែប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សរបស់ខ្លួននោះឡើយ។
លោកអភិបាលខេត្ត បានបន្តថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមកពីគណបក្សផ្សេងៗ គ្នា ត្រូវខិតខំរួបរួមសាមគ្គី សហការធ្វើការជាមួយគ្នាប្រកដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើង បែងចែកពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលបានចូលរួមធ្វើសកម្មភាពគាំទ្រគណបក្សនយោបាយផ្សេងៗគ្នា ដែលបានប្រកួតប្រជែងគ្នា ក្នុងពេលបោះឆ្នោត ក៏មិនត្រូវធ្វើការបែងចែក ការគុំគួន ការរើសអើងខាងនយោបាយដាក់គ្នានោះឡើយ។ ពោលគឺត្រូវរួមសាមគ្គីសហការគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ឲ្យបានល្អនៅតាមសហគមន៍ មូលដ្ឋាននានា និងត្រូវសហការចូលរួមជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត ដើម្បីអភិវឌ្ឍ មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានការរីកចម្រើនបន្តទៀត។
លោក អ៊ុន ចាន់ដា ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី គណបក្សនយោបាយនានា និងប្រជាពលរដ្ឋ ទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់ វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងាររួមគ្នា ប្រកបដោយភាពសុខដុមរមនា ក្នុងសង្គម សម្រាប់ជាមូលដ្ឋាន ក្នុងការធានាចីរភាពដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គមឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន បន្តទៀតផងដែរ៕SRP


