ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោហ៊ុន សែន នឹងថ្លែងនៅសារពិសេស នៅវេលាម៉ោង០៣សៀល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១នេះ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញទូរទស្សនិកជន រង់ចាំតាមដានទស្សនា៕SRP
ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោហ៊ុន សែន នឹងថ្លែងនៅសារពិសេស នៅវេលាម៉ោង០៣សៀល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១នេះ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញទូរទស្សនិកជន រង់ចាំតាមដានទស្សនា៕SRP
ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាព បានឲ្យដឹងថាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន៦៣,៨៧%ហើយ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុន សែន។
គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុមដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា។
ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣៥,៨៧៦គីឡូម៉ែត្រ ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ គីឡូម៉ែត្រ គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០,៨៨០ គីឡូម៉ែត្រ ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប ៥២,៥៩៦ គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
សូមជម្រាបថានៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ម្សិលមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យគុណភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញ បច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើន រំលឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកា ជាតិ និងខាតបង់ពេលវេលា។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យគុណភាពផ្លូវជាក់ស្តែង លោកស៊ុន ចាន់ថុល បានច្រានចោលមតិរិះគន់នៅតាមបណ្តាញសង្គមហ្វេសប៊ុកដែលថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់សរសៃដែកតូច លួចគុណភាព មិនគោរពតាមស្តង់ដារបច្ចេកទេសសាងសង់ ក្នុងការចាក់ផ្លូវ បេតុង និងធ្វើឱ្យផ្លូវឆាប់ខូច។
រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការសាងសង់ផ្លូវទៅតាម ស្ថានភាពភូមិសាស្ត្រជាក់ស្តែង ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ ពោលគឺ៖ ក្រសួងមិនចាំបាច់ធ្វើផ្លូវស្តង់ដារតែមួយទេ កន្លែងណាដែលមានទឹកច្រើន ដឹកធ្ងន់ យើងត្រូវចាក់បេតុង ដូចជាផ្លូវក្រវ៉ាត់ក្រុង សៀមរាប ជាដើម និងបានសម្តែងនូវសុទិដ្ឋិនិយមថា៖ គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះនឹងបញ្ចប់ តាមផែនការគ្រោងទុក។
រដ្ឋមន្ត្រី ក៏បានណែនាំឱ្យអង្គភាពសាងសង់ និងក្រុមការងារ ត្រួតពិនិត្យបច្ចេកទេសសាងសង់ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវរៀបចំសណ្តាប់ធ្នាប់កុំឱ្យកកស្ទះចរាចរណ៍ និងស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ៕SRP
ខេត្តសៀមរាប៖នគរបាលសុខសង្កាត់ស្លក្រាម នៃស្នងការប៉ូលិសខេត្តសៀមរាប ចុះទៅដល់ទីតាំងផ្ទះឈ្មោះភា ដោយពិនិត្យឃើញថា ពុំមានការលេងល្បែងស៊ីសង (បាញ់អាប៉ោង) ដូចដែលសារព័ត៌មានបានចុះផ្សាយនោះទេ។
ការអះអាងនេះក្រោយ ប៉ុស្តិ៍ទូរទស្សន៍ CHR TV ONLINE បានចុះផ្សាយថា៖ ទីតាំងលេងល្បែងស៊ីសង(បាញ់អាប៉ោង) មួយកន្លែងដុះស្លែ ដោយមិនរំខានដល់សមត្ថកិច្ច នៅក្នុងផ្ទះឈ្មោះ ភា ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកលេងល្បែងស៊ីសង (បាញ់អាប៉ោង) ជាច្រើនឆ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចចុះបង្រ្កាប។
នគរបាលក្រុងសៀមរាប សូមធ្វើការអះអាង និងបញ្ជាក់ជូន សាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អោយបានជ្រាបថាៈ ចំពោះការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ CHR TV ONLINE គឺមិនមានមូលដ្ឋានពិតប្រាកក្នុងការចុះផ្សាយនោះទេ ដោយការចុះផ្សាយនេះធ្វើឲ្យប៉ះពាល់ ដល់ភាពអសន្តិសុខសុវត្ថិភាព និងធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ថ្នាក់ដឹកនាំ នៅក្នុងខេត្តសៀមរាប ទាំងមូលផងដែរ៕SRP
ភ្នំពេញ៖បុរសឈ្មោះសូ សយ អតីតយុទ្ធជន ពិការជើងឆ្វេង បានចាក់វ៉ាក់សាំងដូសទី៤លាន នឹងទទួលបានថវិកា១០លានរៀល ពីសម្ដេច ហ៊ុន សែន។
តាមរយៈទំព័រផេកហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន នៅរសៀលថ្ងៃនេះបានបង្ហាញថា៖កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជននិងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុក
បុទុមសាគរ ខេត្តកោះកុង។
សម្ដេច ហ៊ុន សែន បានបន្តថា ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ លោកជំទាវឱ វណ្ណឌីន នឹងនាំសម្ភារថវិកា ទៅជូនប្អូន សូ សយ និង
ក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។
សូមអរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។
សូមអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនដែលត្រូវចាក់។ ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ៕SRP
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកចំនួន៤ ចាប់ពីថ្ងៃស្អែក គឺថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ តទៅ ។ ក្នុងនោះ ទី១ ស្រុកកំពង់សៀម ទី២ ស្រុកព្រៃឈរ ទី៣ ស្រុកជើងព្រៃ និងទី៤ ស្រុកបាធាយ។
លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសចូលរួមចែកអំណោយដល់គ្រិស្តបរិស័ទ ចំនួន១០០គ្រួសារ នៅវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១នេះ។
អភិបាលខេត្ត បានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានដឹកបញ្ជូនមកដល់រដ្ឋបាលខេត្តកំពង់ចាមហើយ។ ដោយ ក្រុមគ្រូពេទ្យ ក៏បានរៀបចំទុកដាក់រួចរាល់ហើយដែរ សម្រាប់ត្រៀមចាក់ជូនប្រជាពលរដ្ឋរបស់យើង។ ដូច្នេះរដ្ឋបាលខេត្ត សូមប្រកាសអញ្ជើញ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីប្រជុំជន អាជីវករលក់ដូរតាមផ្សារ និងមន្ត្រីរាជការ សូមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅតាមគោលដៅនីមួយៗ ដែលក្រុមគ្រូពេទ្យបានរៀបចំ និងសូមកុំភ្លេចយកអត្តសញ្ញាណប័ណ្ណ សំគាល់ខ្លួនមកផង។
អភិបាលខេត្ត បានរំលឹកផងដែរថា មកដល់ពេលនេះខេត្តកំពង់ចាមមានប្រជាពលរដ្ឋ បានធ្លាក់ទៅក្នុងភាពក្រីក្រក្នុងរង្វង់ ៤៧,០០០ គ្រួសារ ដោយសារតែជួបគេបាត់ជំងឺកូវីដ១៩។ ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋដែលធ្លាក់ទៅក្នុងភាពក្រ១ ក្រ២ ក្នុងបរិបទជំងឺកូវីដ១៩ ផងដែរ ដែលសរុបទឹកប្រាក់ដល់ពេលនេះសម្រាប់ខេត្តកំពង់ចាម អស់ជាង ២០លានដុល្លារហើយ។
អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ទទាំងអស់ ត្រូវបង្កើនការ ការពារខ្លួន ចៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល៕SRP
ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាបន្ថែមទៀតផងដែរ។ ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
នាយករដ្ឋមន្ត្រីបានបន្តថា វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។
គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែមិថុនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជិត ៤លាននាក់ ស្មើនឹងជិត ៤០ភាគរយហើយ។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជាឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ៕SRP
ភ្នំពេញ៖សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២១ )៕SRP
ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប នៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២១នេះបានចុះចែកអំណោយ ដល់ពលរដ្ឋ កំពុងធ្វេីចត្តាឡីស័កពីរគ្រួសារ និង
អាវុធហត្ថស្រុកវ៉ារិន រួមនឹងសាលាបឋមសិក្សាខ្នារផ្ទោលផងដែរ។
គោលដៅទី០១លោក អ៊ុំ ភឿង អនុប្រធានផ្នែកបុគ្គលិក សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប បាននាំយកអំណោយជូនពលរដ្ឋ ចំនួន២គ្រួសារ ដែលកំពុងធ្វេីចត្តាឡីស័កតាមផ្ទះស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ដោយក្នុង១គ្រួសារទទួលបាន៖ - អង្ករ 10គីឡូក្រាម – ទឹកសុទ្ធ 5យួរ - មី 1កេស- ទឹកត្រី 1យួរ - ទឹកស៊ីអុីវ 1យួរ - អំបិល 1គីឡូក្រាម - ស្ករស 1គីឡូក្រាម - ខ្ទឹមស 1គីឡូក្រាម - នំធុង 1ធុង - ការ៉ុត 1 គីឡូក្រាម- ស្ពៃក្តោប 1គីឡូក្រាម - ផ្សិតម្ជុល 2ថង់- ម្រះ 1គីឡូក្រាម - ត្រីខ 1យួរ - ម្ទេសប្លោក 1គីឡូក្រាម - ស្ពៃបូកគោ 1គីឡូក្រាម- ប៉េងប៉ោះ 1 គីឡូក្រាម - ក្រូចឆ្មា 1គីឡូក្រាម-ផ្សិតភ្លៅមាន់ 1គីឡូក្រាម - ថវិកា 4ម៉ឺនរៀល។
គោលដៅទីទី០២ លោក ផយ ម៉ក់ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកវ៉ារិន បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូលោកវរសេនីយ៍ត្រី អ៊ួច សុីម មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកវ៉ារិន និងលោកស្រី ពេជ្រ ណារ័ត្ន នាយកសាលាបឋមសិក្សាខ្នារផ្ទោល ដោយមានការចូលរួមពីលោក ប៊ុត វិបុល ប្រធាន ស.ស.យ.ក ស្រុកវ៉ារិន ព្រមទាំងសមាជិក នឹងជាតំណាងឲ្យលោកអភិបាលស្រុកវ៉ារិន ផងដែរ។
អំណោយដែលត្រូវប្រគល់ជូនអាវុធហត្ថស្រុករួមមាន៖ – អាកុល ៣០ លីត្រ – ម៉ាស ១ពាន់ម៉ាស – ទឹកបរិសុទ្ធ ៥០ យួរ – ទឹកបរិសុទ្ធទ្បឺគូលេន ៥ កេស – មី ៥ កេស។
អំណោយដែលត្រូវប្រគល់ជូនសាលារួមមាន៖- អាកុល ២០ លីត្រ – ម៉ាសចំនួន ៥ពាន់ម៉ាស- ទឹកបរិសុទ្ធ ៣០ យួរ – ទឹកបរិសុទ្ធ ទ្បឺគូលេន ៥ កេស – ក្រដាសរ៉ាម ៥ កេស ស្មេីរនឹង២៥ ដុំ។
នៅព្រឹកមិញនេះដែរលោក ចៅ ពិសែន លេខាធិការរង សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប និង លោក អាំង សុផល សមាជិកខេត្ត បាននាំយកថវិកាចំនួន ៨៩មុឺនរៀល ដែលបានពីការចូលរួមសទ្ធា ពីសមាជិកសមាជិកា របស់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ក្នុងកម្មវិធីបុណ្យសព ឧបាសិកា គង់ ឆូរ ដែលត្រូវជាម្តាយបង្កេីតរបស់លោក អុឹង សុភ័ក្រ ដែលជាសមាជិករបស់ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាបផងដែរ។
ការចុះចែកអំណោយនិងសម្ភារដល់ពលរដ្ឋនិងសមត្ថកិច្ចមន្ត្រីខាងលើ តាមការណែនាំរបស់លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប។
ក្នុងឱកាសចុះចែកអំណោយសម្ភារនេះផងដែរ ប្រធានអនុប្រធាន បានមានមតិសំណេះសំណាល ជាមួយពលរដ្ឋ នឹងមន្ត្រីអាវុធហត្ថស្រុក លោកគ្រូ អ្នកគ្រូ សូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP
ខេត្តកំពង់ធំ៖មន្ត្រីបរិស្ថានខេត្តកំពង់ធំ បានបាញ់ ចំពលរដ្ឋម្នាក់ឲ្យរងរបួស ខណៈជនរងគ្រោះ លួចចូលទៅកាប់អាឈើក្នុងដែនអភិរក្សព្រៃអង់តែន។
ហេតុការណ៍បាញ់ប្រហារទៅលើពលរដ្ឋនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ក្នុងដែនអភិរក្សព្រៃអង់តែន ស្ថិតនៅត្រពាំងឪឡឹក ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះ បានរបួសចំត្រង់ភ្លៅខាងឆ្វេង ខណៈនេះកំពុងតែសម្រាកព្យាបាលរបួសនៅ គ្លីនិកឯកជនមួយ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ លោក តុប កក្តដា បានប្រាប់អ្នកសារព័ត៌មានថា ករណីមានការបាញ់ទៅលើពលរដ្ឋ គឺជាសិទ្ធិការពារខ្លួន ខណៈជនរងគ្រោះជាជនសង្ស័យ មុខសញ្ញាចាស់ ធ្លាប់បង្កហេតុ កាប់មន្រ្តីបរិស្ថានបណ្តាលឲ្យបែកក្បាល របួសធ្ងន់កន្លងមក តែត្រូវបានជនសង្ស័យម្នាក់នេះ រត់គេចខ្លួនបាត់តែម្តង និងទើបតែប្រទះឃើញខណៈកំពុងតែអាតឈើតំបន់ហាមឃាត់នេះ។
លោកតុប កក្តដា បានបន្តថា នៅថ្ងៃកើតហេតុ មន្រ្តីបរិស្ថានប្រចាំការនៅស្នាក់ការចំនួន២នាក់ បន្ទាប់ពីឮសូរ សំឡេងអារឈើ មន្រ្តីបរិស្ថានម្នាក់បានចូលក្នុងព្រៃទៅមើល ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ កំពុងតែធ្វើសកម្មភាព អារឈើ ខណៈនោះមន្រ្តីបរិស្ថានបាន ប្រាប់ឲ្យជនសង្ស័យទាំង២នាក់ ទម្លាក់ម៉ាស៊ីនអារឈើចុះ តែអ្នកទាំងពីរពុំបានទម្លាក់ចុះនោះឡើយ បែរជាគ្រវីម៉ាស៊ីនតម្រង់មកមន្រ្តីបរិស្ថាន ខណៈនោះមន្រ្តីអភិរក្សក៏បាន បាញ់កំភ្លើងបង្អើលតែ គ្រាប់បានផ្លាតទៅចំភ្លៅបណ្តាលឲ្យរបួសតែម្តង។
លោកតុប កក្តដា បញ្ជាក់ថាបើមានចេតនាបាញ់សម្លាប់គឺស្លាប់បាត់ហើយ តែនេះគឺជាការពារខ្លួន ប្រសើរជាងត្រូវគេកាត់និងម៉ាស៊ីអារឈើ ព្រោះជាមុខសញ្ញាចាស់ធ្លាប់បង្កហេតុម្តងមកហើយ គឺត្រូវការពារខ្លួនរួចចាំដោះស្រាយគ្នា តាមនិតិវិធីច្បាប់។
លោក ម៉ែន លី ស្នងការប៉ូលិសខេត្តកំពង់ធំ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរបួសដោយសារគ្រាប់កំាភ្លើង មានឈ្មោះ ប៉ុន ផល្លា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកមន្រ្តីបរិស្ថាន ដែលបានបាញ់ទៅលើជនរងគ្រោះ ដោយអះអាងថា ការពារខ្លួននោះ មានឈ្មោះចក់ សុជាតិ រស់ភូមិសរជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បន្ទាប់ពីមានការហេតុការណ៍ បាញ់ពលរដ្ឋលោក ចក់ សុជាតិ បានមកផ្ទះ ទើបមន្រ្តីនៃស្នងការនគរបាលខេត្តកំពង់ធំ បាននាំខ្លួនមកស្នងការដើម្បីសាកសួរ៕SRP
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានផ្ដល់អំណោយដល់អ្នកប្រកបរបរស៊ីក្លូនៅរាជធានីភ្នំពេញចំនួន៣០០នាក់ ដើម្បីជួយសម្រួលដល់ជីវភាពនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។
ពិធីប្រគល់អំណោយនេះធ្វើឡើងនៅស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដោយមានការរៀបចំជូនដោយលោក ជិន ប៊ុនធឿន រួមជាមួយនឹងក្រុមការងារមួយចំនួនទៀត។
ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំទៅដល់បងប្អូនអ្នកធាក់ស៊ីក្លូ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខបងប្អូនអ្នកធាក់ស៊ីក្លូគ្រប់ពេលវេលា។
លោកក៏បានក្រើនរម្លឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់ ឱ្យថែរក្សាសុខភាពពិសេសការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីដ-១៩។ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ពិតជាសប្បាយរីករាយ និងអរគុណដល់ទាំងទ្វេ ដែលតែងតែគិតគូរចំពោះពួកគាត់ជាពិសេសតាមរយៈការបង្កើតមូលនិធិត្រីចក្រក្រយានធ្វើឲ្យពួកគាត់បានកាត់បន្ថយការលំបាកក្នុងជីវភាពមួយផ្នែកធំ។
គួររំលឹកថា កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានង្កើនមូលនិធិនេះត្រីចក្រក្រយានឡើង ជាពិសេសសម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូនេះតែម្តង ដែលមូលនិធិនេះអ្នកធាក់ស៊ីក្លូបាន ទទួលបាន ប្រយោជន៍ ជាច្រើន ដូចជា ការទទួលបាន ប្រាក់ឧបត្ថម្ភ ៧០០០រៀលក្នុងមួយថ្ងៃ (បើកប្រាក់នេះ ១០ថ្ងៃ ម្តង ) ការទទួលបានសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ និងផលប្រយោជន៍ផ្សេងទៀត ដូចជាប្រាក់ឧបត្ថម្ភក្នុងថ្ងៃបុណ្យជាតិធំៗ និងពេលចូលនិវត្តន៍ជាដើម។
សម្រាប់អំណោយដែលផ្ដល់ជូននាពេលនេះក្នុងម្នាក់ៗ ទទួលបាន:
០១- អង្ករចំនួន ១បេស្មើនឹង២៥ គីឡូក្រាម
០២- ត្រីខចំនួន២យួរ ស្មើនឹង២០កំប៉ុង
០៣- មីចំនួន៣កេសតូច
០៤- ភេសជ្ជៈខារ៉ាបាវចំនួន៦កំប៉ុង
០៥- ទឹកសុទ្ធអរុណាចំណុះ៣៥០ml ចំនួន១ កេស
០៦- ក្រមា១
០៧- ភួយ ១
០៨- មុង ១
០៩- ស្បែកជើងមួយគូ
១០-ថ្នាំវីតាមីនសេចំនួនមួយទីប
១១- ថ្នាំពេទ្យចំនួនមួយប្រអប់
១២- ប្រេងកូឡាចំនួនមួយដប
១៣- ប្រេងខ្យល់ ១ដប
១៤- ម៉ាសចំនួនមួយប្រអប់
១៥- ច្រាស និងថ្នាំដុសធ្មេញមួយឈុត
១៦- ជេលលាងដៃចំនួន១ដប
១៧-សាប៊ូ១ ដុំ
១៨- ថវិកាចំនួន៥ ម៉ឺនរៀល៕SRP
ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់របស់ខ្លួន។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២០និង៤០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២១ នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហែន លឿម អាយុ៤២ឆ្នាំ រស់នៅនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជនរងគ្រោះស្លាប់ មូលហេតុដោយជំងឺរបេង៕SRP
ភ្នំពេញ៖នគរបាលចំនួន ២ រូបនិងយោធាមួយរូប ត្រូវបានឃាត់ខ្លួន ដោយក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ការឃាត់ខ្លួននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនៅខេត្តបណ្ឌលគីរី។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តរុករកវត្ថុតាងរកឃើញគល់ឈើដែលបានកាត់ចំនួន ៧៧គល់ និងរកឃើញឈើស្រឡៅមូលចំនួន ៣ដើម និងឈើអារជ្រុងស្រឡៅ ចំនួន១៣កំណាត់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
ជនសង្ស័យទាំង៣នាក់១.ឈ្មោះ ព្រំ វណ្ណៈ នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន។២.ឈ្មោះ ផាត សុខឡេង នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន។ ៣.ឈ្មោះ អ៊ាង ចាន់ឌី មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន។
សូមជម្រាបថាប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះធ្វើឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅមុននេះប៉ុន្មានថ្ងៃ
ក្រុមមន្ត្រីចម្រុះក៏បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលសង្ស័យមានការសមគំនិត ឃុបឃិតគ្នា ជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅ ប្រទេសវៀតណាម។
មន្ត្រីបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ ជនសង្ស័យទាំង៤នាក់។ទី១ ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២,ទី២ ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច,ទី៣ ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច,ទី៤ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP


