ខេត្តសៀមរាប៖អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៅក្រសួងបរិស្ថាន លោក ងួន សែប បានថ្លែងថា ព្រៃលិចទឹកក្នុងតំបន់៣ ដែលបានដកហូតពីប្រជាពលរដ្ឋ នាពេលកន្លងមក នៅទូទាំងខេត្ដសៀមរាប មានចំនួនជាង២ពាន់ហិកតា ប៉ុន្ដែត្រូវបានដាំដើមឈើសាកល្បងក្នុងបីដំណាក់កាល នៅលើផ្ទៃដី៤០ហិកតា ក្នុងនោះដំណាក់កាលទី១ លើផ្ទៃដីទំហំ៥ហិកតា មានជា២ពាន់ដើម , ដំណាក់កាលទី២ និងដំណាក់កាលទី៣ មានផ្ទៃដីទំហំ៣៥ហិកតា ស្មើនឹងកូនឈើព្រៃលិចទឹកចម្រុះជាង១ម៉ឺនដើម ដើម្បីស្ដារគម្របព្រៃលិចទឹកឡើងវិញ បង្កើតជំរកសម្រាប់មច្ឆជាតិពងកូន និងបង្កើននូវជីវចម្រុះ សម្រាប់តំបន់បឹងទន្លេសាប។
លោក ងួន សែប បន្តថា ក្រសួងបរិស្ថាន បានកំណត់ការដាំស្ដារព្រៃលិចទឹកសាកល្បងនេះជាជំហានៗ ហើយការដាំសាកល្បងជំហានទី១នេះ ក្រសួងបរិស្ថានបានកំណត់ដាំស្ដារសាកល្បងលើផ្ទៃដីព្រៃលិចទឹកក្នុងតំបន់៣ ចំនួន២០០ហិកតា ក្នុងនោះមាន ៖ខេត្តសៀមរាប ចំនួន៤០ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុប ២.២៤៨,៦១ហិកតា , ខេត្តកំពង់ឆ្នាំង ដាំស្ដារសាកល្បងចំនួន៥០ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុប ២៧.៨៣៨,១៤ហិកតា , ខេត្តបាត់ដំបងដាំសាកល្បងចំនួន៤០ ក្នុងចំណោមផ្ទៃដីដកហូតសរុប ៤.៣៤៧,១៥ហិកតា , ខេត្តបន្ទាយមានជ័យ ដាំសាកល្បងចំនួន២៥ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុប ៣.៤៧១ហិកតា និងខេត្តកំពង់ធំ ដាំសាកល្បចំនួន៤៥ហិកតា ក្នុងចំណោមផ្ទៃដីដកហូតសរុបជាង៩ម៉ឺនហិកតា។
លោកថ្លែងបែបនេះក្នុងពិធីដាំស្ដារព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងសៀមរាប នៅព្រឹកមិញនេះ។
បើតាម លោក ងួន សែប យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ផ្ទៃដីព្រៃលិចទឹក ដែលត្រូវបានដកហូតពីការកាប់រុករាន រំលោភកាន់កាប់ខុសច្បាប់នោះ ត្រូវដាំឫស្សី និងកូនឈើព្រៃលិចទឹកជាច្រើនប្រភេទឡើងវិញ រួមមានឫស្សី ពឹងពុង ឬស្សីស្រុក ឫស្សីព្រៃ ដើមរាំងទឹក ដើមរំដេញ ដើមល្វា ដើមដង្កៀបក្តាមនិងដើមសណ្ដាន់ នៅលើផ្ទៃដីដកសរុប៤៧.០១៤,៦៩ហិកតា តាមបណ្តាខេត្ដជាប់នឹងបឹងទន្លេសាប៕SRP



ខេត្តសៀមរាប៖អាជ្ញាធរស្រុកបន្ទាយស្រី បានប្រកាសទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលកំពុងមានបញ្ហាទំនាស់ដីធ្លី។