ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប បានថ្លែងថា «យើងបានមកជុំគ្នាឆ្លងឆ្នាំសប្បាយនៅថ្ងៃនេះ ដោយសារសម្ដេចតេជោបានផ្ដល់វ៉ាក់សាំងឲ្យយើង» សម្ដេចជួយទាំងអស់នេះហើយ អញ្ចឹងសូមឱ្យបងប្អូនគិតគូរដល់សម្ដេច»។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ នៅបរិវេណមុខព្រះរាជដំណាក់ខេត្តសៀមរាប ក្នុងឱកាសអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ មកជួបជុំបងប្អូនប្រជាពលរដ្ឋ ខេត្តសៀមរាប ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករដើម្បីដឹកនាំធ្វើពិធីរាប់ថយក្រោយឆ្លងឆ្នាំសកល នារាត្រីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១នឹងត្រៀមចូលឆ្នាំ ២០២២។
លោកអភិបាលខេត្ត បានធ្វើពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំង ភ្ញៀវជាតិនិងអន្តរជាតិដែលបានចូលរួមក្នុងពិធី ដោយមានការបញ្ជាក់ចំៗថា «តែយ៉ាងណាក៏ដោយយើងមានសុខសន្តិភាព យើងបានមកជួបជុំគ្នាថ្ងៃនេះ ដោយសារសម្ដេចតេជោលោកបានចាក់វ៉ាក់សាំងឲ្យយើងទាំងអស់គ្នា ហើយបន្តិចទៀតយើងនៅមានវ៉ាក់សាំងជាបន្តបន្ទាប់ ហើយចាក់ជូនប្អូនៗក្មួយៗទាំងអស់»។
អភិបាលខេត្តក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ហើយសូមរក្សានៅគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តទៅតាមវិធានការ ៣ កុំនឹង ៣ការពារឲ្យបានជាអតិបរិមា។
ជាទីបញ្ចប់នៃពិធីសំណេះសំណាលលោកក៏បានជូនពរឆ្នាំថ្មី ដល់បងប្អូន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់និងបានចាប់ផ្ដើមរាប់ថយក្រោយទាំងអស់គ្នាដើម្បីឆ្លងឆ្នាំសកល ព្រមទាំងមានការបាញ់នូវកាំជ្រួចចម្រុះពណ៌ បញ្ជាក់ជាសញ្ញាពន្លឺដែលនឹងនាំមកនូវ ឯករាជ្យ សន្តិភាព និង សេរីភាព សម្រាប់ឆ្នាំថ្មីផងដែរ៕SRP


