Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម​៖លោក​​ ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ តំណាង សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​នាំយក​ស្រូវ​ពូជ​ប្រមាណ​ជា​ង៣០០តោន ចែកជូន​ប្រជាពលរដ្ឋចំនួន៣២០០គ្រួសារ មកពី​ស្រុកចំនួន​៥​ ក្នុងខេត្ត​កំពង់ចាម​ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​នាពេល​កន្លង​មក​។
ពិធី​នេះ​ត្រូវបាន​ធ្វើ​ឡើង​នាថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ស្ថិត​នៅ​ក្នុង​ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នោះ​ លោក​​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា​ ​សម្តេចតេជោទោះ នាពេលនេះ មិនបានអញ្ជើញមកផ្ទាល់ក៏ដោយ ក៏សម្តេច​តែងតែ គិតគូរជានិច្ច ដល់សុខទុក្ខ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសនោះ ចំពោះប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយប្រការផ្សេងៗ មិនថា​នៅ​ទីតំបន់​ជិតឬឆ្ងាយ​ឡើយ។

លោក​ហ៊ុន​ ម៉ាណែត​​ ក៏បាន​នាំមក​នូវ​ប្រសាសន៍​ របស់ សម្ដេចតេជោ ដែល​បាន​ ថ្លែងអំណរអរគុណ ចំពោះការបោះឆ្នោតគាំទ្រពីជនរួមជាតិ​បងប្អូន​ ប្រជាពលរដ្ឋ ហើយ​ក៏​​បានអរគុណ​ ចំពោះការចូលរួមថែរក្សា សុខសន្តិភាព ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ឲ្យមានការរីកចម្រើន។ ព្រមទាំង​បាន​អំពាវនាវ​ដល់​បងប្អូនប្រជាពលរដ្ឋ ឲ្យមានការថែទាំសុខភាព ដោយ​អនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យ​បានជាប់ជាប្រចាំ​ ដើម្បី​ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ និងជំងឺរាតត្បាតផ្សេងៗ​ផងដែរ​។

បើតាមលោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំង នៅអំឡុងដើមខែតុលា ឆ្នាំ២០២០ តាមបណ្តាស្រុកមួយចំនួន នៅក្នុងខេត្តកំពង់ចាម បានទទួលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង ដែលប៉ះពាល់លើដំណាំស្រូវរបស់ប្រជាកសិករ ចំនួន ២.៩០៤ហិកតា ស្មើនឹង៣.៩៣២គ្រួសារ ក្នុងនោះ ខូចខាតចំនួន ១.៩៦៧ហិកតា ស្មើនឹង៣.២០០គ្រួសារ និងបានប្រសើរឡើងវិញចំនួន៩៣៧ហិកតា ស្មើនឹង ១.១៥៣ គ្រួសារ។

គួរ​បញ្ជាក់​ថា​ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ សម្ដេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ បានឧបត្ថម្ភស្រូវពូជ ចំនួន៣២០តោន សម្រាប់ការស្ដារឡើងវិញ ចំនួន១.៩៦៧ហិកតា នៅស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ សរុប​ចំនួន ៣២០០គ្រួសារ ដោយ​ក្នុងមួយគ្រួសារទទួលបានស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន១០ម៉ឺនរៀល​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២០

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានអះអាងថា«បច្ចុប្បន្ន ខេត្តព្រៃវែងជាខេត្តលេខ១ លើខេត្តបាត់ដំបង ដែលមានការបង្កបង្កើនផលស្រូវបានច្រើន»។ សម្ដេចបានបន្ថែមថាការធ្វើស្រូវបានច្រើននេះ ក៏ដោយសារប្រជាពលរដ្ឋជាប្រជាកសិករ មានឱកាសធ្វើស្រែបាន២ទៅ៣ដងក្នុងមួយឆ្នាំ អាស្រ័យដោយមានប្រព័ន្ធ ធារាសាស្រ្ត និងមានមធ្យោបាយធ្វើស្រែទំនើប រួមផ្សុំនឹងការមានទីផ្សារល្អសមរម្យ។ សម្ដេចបានមានប្រសាសន៍ថាសម័យនេះ ទោះបីជាប្រជាកសិករ ធ្វើស្រែកើនឡើង ប៉ុន្តែតម្រូវការកម្លាំង កសិករធ្វើស្រែបែរជាមានតិចទៅវិញ ដោយសារតែការធ្វើកសិកម្ម បានប្រែក្លាយពីកសិកម្ម តាមបែបប្រពៃណី មកជាការធ្វើស្រែតាមបែបទំនើប ដូចជាប្ដូរពីការភ្ជួរ ដោយគោក្របី មកជាការភ្ជួរដោយត្រាក់ទ័រ ឬគោចយន្ត ឬប្ដូរពីការស្ទូងមកជាព្រោះគ្រាប់ និងប្ដូរមកច្រូតកាត់បោកបែនដោយម៉ាស៊ីន។
សម្ដេចថ្លែងថាការងារផ្ដល់ជំនួយ ពិសេសពូជស្រូវ ពូជបន្លែជូនពលរដ្ឋ នាពេលនេះ គឺជាជំហានបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាល បានដឹកនាំការងារជួយសង្គ្រោះ ប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយទឹកជំនន់ ដែលទន្ទឹមគ្នានឹងការ ជួយសង្គ្រោះ នាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋ ពិតជាបានជ្រាបហើយ ថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ក្នុងគ្រាដ៏លំបាកនោះ។ ថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋ មានការខ្វះខាត ក្នុងជីវភាពក្រោយ រងគ្រោះដោយជំនន់ទឹកភ្លៀង រៀបចំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សម្ដេចក៏បានថ្លែងផងដែរថា របៀបរបបធ្វើការងារ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបងប្អូនតែងតែបោះឆ្នោតគាំទ្រមកនេះ គឺមានប្រពៃណី បែងចែកមន្រ្តីឱ្យចុះ ទៅតាមមូលដ្ឋាន ដើម្បីតាមដានតម្រូវការ ក្ដីកង្វល់ និងសំណូមពរនានារបស់បងប្អូន ហើយរួមសហការគ្នាពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ដើម្បីមានវិធានការដោះស្រាយឱ្យបានឆាប់រហ័សបំផុត និងមានទំលាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

សម្ដេចក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោក ដោយសម្ដេចបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថារដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋនឹងបន្តបង្កើនការប្រុងប្រយ័ត្ន ហើយអនុត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាកាត់បន្ថយការប្រមូលផ្ដុំ ការប្រើម៉ាស និងលាងដៃជាដើម។
សម្ដេចបានបន្តមានប្រសាសន៍ អំពីបញ្ហាគ្រឿងញៀនដោយសម្ដេចបានសង្កត់ធ្ងន់ថាបញ្ហាគ្រឿងញៀន វានឹងមិនងាយបញ្ចប់ដូចបញ្ហាកូវីដ១៩នោះទេ។ ដូច្នេះសម្ដេចបានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមអប់រំកូនចៅ សមាជិកគ្រួសារ ចៀសឆ្ងាយពីគ្រឿងញៀន។ ព្រមជាមួយគ្នានេះ អាជ្ញាធរត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹង ហើយប្រជាពលរដ្ឋត្រូវចូលរួមរាយការណ៍ករណីគ្រឿងញៀនទៅកាន់អាជ្ញាធរ។

ទន្ទឹមនឹងការរាយការណ៍ ឬប្ដឹងអំពីបញ្ហាគ្រឿងញៀន ឬបញ្ហាផ្សេងៗទៅកាន់អាជ្ញាធរ ឬក្នុងករណីអាជ្ញាធរមិនសូវអើពើនឹងបញ្ហាណាមួយ សម្ដេចក្រឡាហោម ក៏បានថ្លែងលើកទឹកចិត្តប្រជាពលរដ្ឋរាយការណ៍បញ្ហាទាំងនោះទៅកាន់បណ្ដាញផ្សព្វផ្សាយនានា ឬតាមរយៈមធ្យោបាយបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុកជាដើម ដើម្បីឱ្យបញ្ហាទាំងនោះត្រូវបានលាតត្រដាង និងមានដំណោះស្រាយ។

បើតាមលោក សួន ម៉ាលីន អភិបាលស្ដីទីខេត្តព្រៃវែង បានធ្វើរបាយការណ៍ថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង៧ម៉ឺន៧ពាន់ម៉ែត្រ, ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។ លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ហិកតា។

សូមបញ្ជាក់ថា អំណោយ ដែលសម្ដេច ស ខេង ផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនេះ រួមមានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពែពីរមុខ ត្រប់ និងត្រកួន ព្រមទាំងឃីតមួយកញ្ចប់ មានសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួនទៀតដែរ។ បន្ទាប់ពីបញ្ចប់ពិធីសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋនៅទីនេះ សម្ដេចបានបន្តអញ្ជើញសួរសុខទុក្ខ និងចែកអំណោយដូចគ្នានេះជូនពលរដ្ឋដែលរៀបចំនៅសាលាខេត្តព្រៃវែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវរការ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកានេះ បានសរសេរថា៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យ ចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។

«ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ»។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាសការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

សម្រាប់ការពាក់ម៉ាសដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាសក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។
នគរបាលចរាចរណ៍ក៏នឹងជូនម៉ាសសម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស។

សូមបងប្អូនពាក់ម៉ាសទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។

សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោកសេង ទៀង ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូន ពលរដ្ឋ០១គ្រួសារ ដែលសម្រាលបានកូនភ្លោះ៣នាក់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទីរសៀល នៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧។

កូនភ្លោះបីនាក់នេះ មានឪពុកឈ្មោះ ឡាន់ គឹមលាង អាយុ ៣០ឆ្នាំ និងម្តាយឈ្មោះ តយ រ៉ានី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងមានកូនក្នុងបន្ទុក មុនជាកូនប្រុសចំនួន២នាក់ផងដែរ។
នាឱកាសនោះ លោកសេង ទៀង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។

លោកសេង ទៀង បានបញ្ជាក់ទៀតថា ការយកអំណោយ មកផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឹសម្តេចមិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូន ប្រសូតបាន កូនភ្លោះ៣ គឹកូនទាំងនោះជាចៅរបស់សម្តេចពីរ ហើយនឹងទទួលបានអំណោយដូចៗគ្នាផងដែរ។

សូមជម្រាបថាការចុះចែកអំណោយដល់កូនភ្លោះនេះ នៅថ្ងៃអង្គារថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោកស្រី ម៉ននី រង្សី អភិបាលស្រុក និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។

បញ្ជាក់អំណោយដែលបានប្រគល់ជូនរួមមាន៖ ថវិកា ចំនួន ៥លានរៀល ទឹកដោះគោ ២កេស ស្ករស ៥គីឡូក្រាម អង្ករ ៥០គីឡូក្រាម ក្រមា ២សារុង២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម​៖លោក​យឹម​ ឆៃលី​ ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម បាន​នាំយក​អំណោយ​មនុស្សធម៌​ ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ ក្រីក្រ​ អតីតយុទ្ធជន​ ចាស់ជរា​ និង​ស្ត្រី​មេម៉ាយ​ ប្រមាណជាង៣០០គ្រួសារ​ មកពីស្រុកព្រៃឈរ ស្រុក​កំពង់សៀម​ និង​ក្រុង​កំពង់ចាម​។

ពិធី​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នារសៀល​ថ្ងៃ​ទី​១១​ ខែវិច្ឆិកានេះ ដោយ​មានការ​អញ្ជើញ​ចូលរួមពី​ លោក​​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ និង​លោក​​ អ៊ុន​ ចាន់ដា​ ​អភិបាលខេត្តកំពង់ចាម​ ព្រមទាំង​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​មន្ត្រីរាជការ​ជាច្រើន​រូប​​ផងដែរ​។

លោក​​យឹម​ ឆៃលី​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់​ សម្តេច​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលជានិច្ចកាលល​ សម្តេចតែងតែគិតគូរ ពីទុក្ខលំបាក និង​ការ​ខ្វះខាត​ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកអោយនរណាម្នាក់ស្លាប់​ ដោយអាជ្ញាធរមិនបានដឹងឡេីយ។

លោកក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ​ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងបន្តយកចិត្តទុកដាក់អប់រំ ដល់សមាជិកក្រុមគ្រួសារ អំពីវិធានការអនាម័យ និងវិធានការនានាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យគ្រួសារ និងសង្គមជាតិយើង បានចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

លោក​​ អ៊ុន​ ចាន់ដា​ បាន​ឲ្យដឹងថា​ ស្របពេលនៃការរាតត្បាត នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីលើកកំពស់កម្រិតំជីវភាព ប្រជាពលរដ្ឋ និងជួយស្តារផលប៉ះពាល់ ដោយសារជំងឺនេះ ក្នុងនោះ រដ្ឋាភិបាល ឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាជន ប្រភេទក្រ១ និងក្រ២។ ដោយក្នុងដំណាក់កាលជំងឺកូវីដ-១៩ ខេត្តកំពង់ចាម មានប្រជាជនក្រ១ ក្រ២ ដែលមកផ្ទៀងផ្ទាត់ និងបើកប្រាក់ពីកម្មវិធីនេះ ជាង​៤ម៉ឺន​ ៥ពាន់​គ្រួសារ​ បានផ្តល់ជិត​៤ម៉ឺន​គ្រួសារ ដែលគិតជាសាច់ប្រាក់​ជិត​៤០០លានរៀល​ បច្ចុប្បន្ន បាននឹងផ្ទៀងផ្ទាត់ និងបើកប្រាក់ឧបត្ថម្ភ ក្នុងជុំទី៣ លើកទី១ (ខែតុលា) ហើយកម្មវិធីនេះនឹងត្រូវ បញ្ចប់នៅបំណាច់ខែធ្នូ ឆ្នាំ២០២០នេះ។

គួរ​បញ្ជាក់ផងដែរថា​ អំណោយ​ដែល​ត្រូវ​ចែក​ជូន​ពលរដ្ឋជាង៣០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន​ អង្ករ៥០គីឡូ​ក្រាម​ មីមួយកេស​ ទឹកបរិសុទ្ធ​ សំលៀកបំពាក់២សម្រាប់​ និងថវិកា​ ចំនួន​៥ម៉ឺន​រៀល​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរបានប្រកាសថា ដោយមានកិច្ច សហការល្អ និងទំនាក់ទំនងជាមួយនឹងស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្ត បានទទួលព័ត៌មានថា មានបុគ្គលម្នាក់ ដែលអះអាងថាជាតំណាងក្រុមហ៊ុន (ដោយពុំស្គាល់អត្តសញ្ញាណ-ច្បាស់) បានប្រាប់បុរសម្នាក់ថា ដើម្បីបានបម្រើការងារនៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ត្រូវទៅដាក់ពាក្យចូលបម្រើការងារ នៅស្ថានកុងស៊ុលនោះ ដោយបង់កម្រៃជើងសាចំនួន ៥០០ដុល្លារ សម្រាប់ក្រុមហ៊ុន និង១០០ដុល្លារ សម្រាប់ស្ថានកុងស៊ុលជប៉ុន។

ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយតាមគណនីហ្វេកប៊ុករបស់ខ្លួន បដិសេធថា ស្ថានឯកអគ្គរាជទូត-ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប ពុំមានផែនការជ្រើសរើសបុគ្គលិក តាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារណាមួយនោះឡើយ។

ដោយទទួលបានព័ត៌មាន ពីស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសូមជម្រាបជូនដល់សាធារណជន សូមមានការប្រុងប្រយ័ត្ន អំពីការឆបោក ពីបុគ្គលទុច្ចរិតពាក់ព័ន្ធ នឹងករណីដូចបានបញ្ជាក់ជូនខាងលើ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់សាមីជន ដែលទទួលរងគ្រោះដោយ អំពើ-ល្មើសនេះ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីឈានទៅរកការស្រាវជ្រាវ ផ្តល់ព័ត៌មានបន្ថែម ក្នុងការទប់ស្កាត់ បង្ការ និងចាត់វិធានការ ចំពោះបុគ្គលទុច្ចរិតនេះតាមផ្លូវច្បាប់ និងធានាបាននូវផល-ប្រយោជន៍សាធារណជន។

រាល់ព័ត៌មានទាំងនេះ សូមសាមីជនដែលទទួលរងគ្រោះ ដោយអំពើល្មើសនេះ និងសាធារណជនដែលធ្លាប់បានទទួលព័ត៌មាន ឬដឹងពីអត្តសញ្ញាណក្រុមហ៊ុន ឬជន ដែលបានប្រព្រឹត្តអំពើល្មើសនេះ សូមទំនាក់ទំនងមករដ្ឋបាលខេត្តសៀមរាប ឬលេខទូរស័ព្ទ ០១២ ៩០២ ២៩៩/០១២ ៥៩៨ ៦៧២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២០

ខេត្តព្រៃវែង៖លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែគិតគូ សុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ នៅទូទាំងប្រទេស ដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសនពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ជាពិសេសនោះគឺការដោះស្រាយ ឲ្យបានទាន់ពេលវេលានិងឆាប់រហ័ស មិនត្រូវទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ រងការលំបាកខ្វះខាត និងស្លាប់ដោយសារអត់ស្បៀងអាហារ ដោយគ្មានអាជ្ញាធរមូលដ្ឋានដឹងឭនោះឡើយ។ លោកថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១១ ខែវិច្ឆិកា ព្រឹកមិញនេះ ក្នុងពិធីចែកអំណោយ របស់ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនពលរដ្ឋក្រីក្រចំនួន៦៧គ្រួសារ នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ។

លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គិភ័យ និងមិនត្រូវធ្វេសប្រហេស ចំពោះជំងឺឆ្លងកូវីដ-១៩ នោះទេ ត្រូវបំផុសឲ្យជាពលរដ្ឋទាំងអស់ មានទំលាប់ធ្វើអនាម័យទប់ស្កាត់ ការចម្លងក្នុងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លាងសំអាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជាប្រចាំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ និងត្រូវបង្កបង្កើនផល ដាំដំណាំ បន្លែ ចិញ្ចឹមសត្វផ្សេងៗ ដើម្បីចូលរួមលើកស្ទួយជីវភាពគ្រួសារ សង្គម និងប្រទេសជាតិ ក្នុងបរិបទជម្ងឺកូវីដ១៩។

អំណោយ ដែលចែកជូនពលរដ្ឋក្រីក្រទាំង៦៧គ្រួសារ មួយគ្រួសារទទួលបានអង្ករ២៥គ.ក មី១កេស និងថវិកា៤០.០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានដឹងថាទីតាំងរោងម៉ាស៊ីនរ៉ៃអារឈើចំនួនពីរកន្លែង នៅក្រុងសៀមរាប បានដំណើរការ រាប់ខែឆ្នាំមកហើយ ពុំទាន់មាន សមត្ថកិច្ច ជំនាញណា ហ៊ានចុះទៅបង្ក្រាបនោះទេ។ ទីតាំងទី១មានម្ចាស់ឈ្មោះ «សាន» ស្ថិតនៅក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី២មានទីតាំង ស្ថិត នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានឈ្មោះ «អេង ហៅតាអេង»។

យោងតាមប្រភពបានឲ្យដឹងថាទីតាំងរោងម៉ាស៊ីនអាឈើទាំងពីរខាងលើ គេតែងតែសង្កេតឃើញ មានឈ្មួញដឹកឈើ តាមរថយន្ត នឹងរុឺម៉ក ដឹកចូលដោយមួយថ្ងៃៗ ជាច្រើនគ្រឿង ដោយពួកគេកោតខ្លាចមិនញញើតអ្វីទាំងអស់។

ទីតាំងរោងម៉ាស៊ីនរ៉ៃអារឈើ ទាំងពីរខាងលើនេះ គេនៅពុំទាន់ដឹងថាមានលិខិតអនុញ្ញាត ពីក្រសួងពាក់ព័ន្ធ ឬយ៉ាងណានោះទេ។ ក៏ប៉ុន្តែសមត្ថកិច្ចធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ទីតាំងរោងម៉ាស៊ីនរ៉ៃអារឈើខាងលើនោះ មានច្បាប់អនុញ្ញាត ដើម្បីធ្វើអាជីវកម្ម ឈើក្នុងស្រុក។

ប៉ុន្តែគេមិនបានបញ្ជាក់ថា ឈើដែលចូលមកទីតាំង រោងម៉ាស៊ីនអារឈើនោះ ដឹកចេញពីក្រុមហ៊ុនណាមួយ ដែលមានច្បាប់អនុញ្ញាត ពីរដ្ឋាភិបាល ស្របច្បាប់នោះឡើយ គឺឃើញតែក្រុមឈ្មួញ ដឹកជញ្ជូន ចេញចូលៗ តាមរថយន្តនឹងរុឺម៉ក តែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះ បណ្ដាញ«សៀមរាបប៉ុស្ដិ៍» នៅមិនទាន់ ទទួលបានការបំភ្លឺ ពីលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាបនៅឡើយទេ។ ទោះយ៉ាងណា ពលរដ្ឋ រំពឹងថា សមត្ថកិច្ចជាពិសេស រដ្ឋបាលព្រៃឈើខេត្តសៀមរាប និងចុះចាត់វិធានការចំពោះទីតាំងរោងម៉ាស៊ីនអារឈើទាំងពីរខាងលើ នេះជាក់ជាពុំខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២០

ភ្នំពេញ៖លោកដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅមុននេះបន្តិច បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖«សុខភាពខ្ញុំធម្មតាទេថ្ងៃនេះ កម្តៅគឺ ៣៦.៥ »។ ខ្ញុំកំពុង ធ្វេីចត្តាឡីស័កនៅក្នុងផ្ទះហើយរង់ចាំធ្វើតេស្ត២លើកទៀត។
ទោះបីកន្លងទៅខ្ញុំបានចូលរួមដោយប្រយោលក្តី ក៏ខ្ញុំត្រូវធ្វើតេស្តពិនិត្យអោយបានច្បាស់គ្រប់៤លើក។
លោកដួង តារា បានបន្តថា៖ ថ្ងៃនេះ “សារព័ត៌មានជាភាសាចិនជានហ្វា” បានធ្វើការកែតម្រូវការផ្សព្វផ្សាយព័ត៌មានពិតឡើងវិញ ព្រោះកាលពីម្សិលមិញបានសរសេរថាខ្ញុំ “ មានជំងឺកូវីដ១៩វិជ្ជមាន” ។ ខ្ញុំសួរថាបានព័ត៌មានហ្នឹងមកពីណា? គាត់ថាយកមកពី “កម្ពុជាថ្មី”។ ប៉ុន្តែពេលនេះ ជានហ្វា បានកែមកផ្សាយព័ត៌មានត្រឹមត្រូវវិញ ព្រមទាំងមានការសូមទោសជាសាធារណៈផងដែរ។

ព័ត៌មានគេរៀបចំបញ្ជាអោយធ្វើ, ព័ត៌មានឮតាមគេ, ឬព័ត៌មានឮគេថា, ឬយកតាមកាសែត ដោយគ្មានការសួរនាំអោយបានច្បាស់ពីប្រភពដើម គឺមិនត្រឹមតែបំផ្លាញកិត្តិយសបុគ្គលទេ ថែមទាំងបំផ្លាញសង្គមជាតិទៀតផង។ ពាក់ព័ន្ធនឹងកូវីដ១៩ ព័ត៌មានពិតនឹងផ្លូវការតែមួយគត់គឺព័ត៌មានចេញពីក្រសួងសុខាភិបាល។

ខ្ញុំបាទសូមគាំទ្រនឹងគោរពអនុវត្តន៍ធ្វើតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា “ សូមកុំអោយកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង”។

អរគុណបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់ពីបេះដូង។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២០

ខេត្តត្បូងឃ្មុំ៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តយីឌុប បុកជាមួយនិងរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សេចក្ដីរាយការណ៍បន្តថា នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ មានមនុស្សចំនួន៥នាក់ តៃកុងរថយន្តម្នាក់(របួសស្រាល) គ្រូពេទ្យស្រីម្នាក់(របួសធ្ងន់បាក់ភ្លៅម្ខាង) អ្នកកំដរអ្នកជំងឺ២នាក់(របួសធ្ងន់)និងអ្នកជំងឺបានស្លាប់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍។
ដោយឡែកអ្នកគ្រូពេទ្យ ត្រូវបានគេដឹកបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែត នៅរាជធានីភ្នំពេញដើម្បីជួយសង្គ្រោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ស្នងការប៉ូលិសខេត្តសៀមរាប បានធ្វើការបដិសេធថា«គ្មានករណីចោរ ចាំស្ទាក់ប្លន់ នៅតាមផ្លូវ ទៅអង្គរវត្ត នោះទេ» ការចេញបដិសេធនេះ ក្រោយពីមានហ្វេសប៊ុកមួយបានបង្ហោះថា «អ្នកគ្រប់គ្នាពេលយប់ឡើងស្ងាត់កុំជិះម៉ូតូតាមផ្លូវអង្គរកន្លែងលក់គំនូរព្រោះមានចោរនៅចាំស្ទាក់ប្លន់ម្ដុំហ្នឹង»។

ពាក់ព័ន្ធករណីនេះស្នងការប៉ូលិសខេត្តនៅព្រឹកថ្ងៃទី១១ខែ វិច្ឆិកានេះ បានបញ្ជាក់ថា«ករណីដែលគណនីហ្វេសបុកឈ្មោះ លី វណ្ណដា បានបង្ហោះកន្លងមក ជាការមិនពិត»។

ស្នងការប៉ូលិសបានបន្តថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០៖០០នាទី កម្លាំងប៉ុស្តិ៍បានចុះទៅដល់ទីតាំងផ្ទះ របស់ម្ចាស់គណនីហ្វេសបុកឈ្មោះ លី វណ្ណដា មានទីតាំងនៅខាងលិចផ្សាលើភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានសរសេរសារបង្ហោះ ថា «អ្នកគ្រប់គ្នាពេលយប់ឡើងស្ងាត់កុំជិះម៉ូតូតាមផ្លូវអង្គរកន្លែងលក់គំនូរព្រោះមានចោរនៅចាំស្ទាក់ប្លន់ម្ដុំហ្នឹង»។ នគរបាលបានចុះទៅជួបជាមួយឈ្មោះ លី វណ្ណដា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកធ្វើនំពៀរលក់ (អ្នកបង្ហោះ) បានអោយដឹងថា នៅថ្ងៃកើតហេតុថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២១និង៤០នាទី ពេលខ្លួនមិនបាននៅជាមួយប្ដីទេ ខ្លួនកំពុងនៅផ្ទះ បានទទួលទូរស័ព្ទពីប្ដីតាមរយៈលេខ ០១៥៨៨៥៨៤៨ ថាមានគេតាមបងពីក្រោយ បងមើលតាមកញ្ចក់ឃើញគេកាន់កាំបិត គេជិះម៉ូតូគៀរផ្ដួលបង បងរត់ចូលក្នុងរបងព្រៃឧទ្យាន អាជ្ញាធរអប្សរា នៅពេលឮដូច្នេះ ខ្លួនមានការភ័យខ្លាច និងបានឆាត រកបងប្អូនអោយទៅជួយមើលប្ដី ។ ស្រាប់តែនៅវេលាម៉ោងប្រហែល ២៣និង៣០នាទី ខ្លួនក៏បានឃើញប្ដី ជិះម៉ូតូត្រលប់មកផ្ទះ ដោយសុវត្ថិភាព និងមិនមានរបួសស្នាមអ្វីទាំងអស់ ម៉ូតូក៏មិនមានខូចខាតអ្វីដែរ។

នគរបាលបានស្រង់សំដី ការបំភ្លឺឈ្មោះ ស៊ាន វ៉ាន់នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងតោនឡាន(ការ៉ាស់ជាងម៉ៅផ្សាភូមិភាគ) ថា ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្លួនបានផឹកស្រាបៀរហ្គេនប៊ឺគ អស់ចំនួន១កេសកន្លះ គ្នា០៤នាក់ ក្រោយពីផឹករួចវេលាម៉ោង ២១និង៣៥នាទី ខ្លួនបានចេញពីការ៉ាស់ជួសជុលឡាន ជាងម៉ៅ ត្រលប់មកផ្ទះវិញដោយជិះម៉ូតូម៉ាក Zoomer X ពណ៌ក្រហមជិះត្រឡប់មកផ្ទះវិញ ពេលជិះមកដល់ចំណុចមុខជាងគំនូរផ្លូវកូម៉ៃ មានគុម្ពឫស្សីនៅពីមុខស្រាប់តែមានម៉ូតូពីរគ្រឿង ជិះគ្នា០៤នាក់ជិះពីក្រោយ មានម៉ូតូ០១គ្រឿង ជិះវ៉ាមកខាងមុខ នៅពេលនោះខ្លួនបានបត់ចង្កូត ទៅខាងកើតផ្លូវ ហើយផ្ដួលម៉ូតូរបស់ខ្លួនឯង ដកសោចុះរត់ចូលព្រៃឧទ្យានអង្គរតែម្ដង រួចហើយក៏បានខលមកប្រពន្ធអោយជួយ។ លុះក្រោយមកម៉ូតូទាំងពីរគ្រឿងនោះក៏ជិះហួសទៅបាត់ទៅ ទើបខ្លួនចេញមកក្រៅហើយបានជួបជាមួយជាងគំនូរ និងសមត្ថកិច្ចពីរនាក់ ដែលខ្លួនស្គាល់ថាឯកសណ្ឋានប៉ូលីសអន្តរាគមន៍ បានធ្វើកំណត់ហេតុរូបគាត់នៅលើម៉ូតូ រួចខ្លួនក៏បានជិះម៉ូតូត្រឡប់មកផ្ទះមក។

បើតាមសន្និដ្ឋា របស់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដែលជនរងគ្រោះ ចង្អុលបង្ហាញ សួរបំភ្លឺជាងគំនូរបាននិយាយអោយដឹងថា នៅថ្ងៃកើតហេតុអំឡុងម៉ោង២១ ទៅម៉ោង២២ មិនមានករណីដូចដែល ជនរងគ្រោះនិយាយទេ។ កន្លែងកើតហេតុមានភ្លើងបំភ្លឺ មិនដូចដែលឈ្មោះ លី វណ្ណដា សរសេរក្នុងហ្វេសប៊ុកនោះទេ។ ដោយជាងគំនូរមិនបានឮសម្លេងស្រែកអោយជួយទេ ឮតែសម្លេងឆ្កែព្រូសប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២០

ខេត្តបន្ទាយមានជ័យ៖មានការលើកឡើងថាមន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយមិនកោតខ្លាចញញើតអ្វីទាំងអស់។

យោងតាមប្រភពពីអាជីវករបានឲ្យដឹងថា មេឈ្មួញដែលធ្លាប់រកស៊ីដោយប្រើប្រាស់ កម្លាំងកម្មករ អូសរទេះដឹកជញ្ជូនទំនិញ ចេញពីទឹកដីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ចូលកម្ពុជា ឥឡូវនេះពួកគេបង្វែរ ការជួល រថយន្តរបស់ថៃ ម្ដងដើម្បី ដឹកជញ្ជូនទំនិញ យកមកទម្លាក់ នៅកន្លែងផែស្ងួតវិញម្តង ដោយមានមន្រ្តីគយនិងរដ្ឋាករដែលនៅកន្លែងទីលានរទេះ មកត្រួតពិនិត្យ។

ប្រភពបានបន្តថាឈ្មួញដឹកទំនិញចេញចេញ ពីថៃ ចូលមក កម្ពុជា មានដូចជាមេឈ្មួញ ជាទី.ថោងឡេង. កូនកុង ម៉ែអាឆុន. យាយវិត. ហ៊ាណយ. ថោងស៊ីង. ចែស្រី. ចែអៀង. និងចែអាង. ឈ្មួញទាំងនោះជាប្រភពចំណូលរបស់គយច្រកទ្វារអន្តរជាតិប៉ោតប៉ែត ដែលមិនចេះរីងស្ងួត។ ទោះយ៉ាងណាឈ្មួញដែលរកស៊ីដឹកទំនិញទាំងនោះបានបង្ហើបថាពួកគេដឹកជញ្ជូន គឺត្រូវបានបង់ប្រាក់ឲ្យទៅស្ថាប័នគយប៉ោយប៉ែត ជាប្រចាំ ដោយគយនៅច្រកទ្វារប៉ោយប៉ែត រាប់ក្បាលឡាន បង់ប្រាក់ដោយមិនមានការ សរសេរវិក័្កយបត្រ អ្វីទាំងអស់។

បើតាមប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកទំនិញ ចេញ ចូល ថៃ -កម្ពុជា ថា សព្វថ្ងៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រថយន្តដែលដឹកទំនិញចេញចូល ថៃ កម្ពុជា គឺមន្ត្រីគយប្រចាំការនៅទីនោះ កូនចៅរបស់លោក ងួន កុសល តម្រូវអោយក្រុមឈ្មួញដឹកទំនិញបង់លុយ ក្នុងក្បាលឡាន មួយចាប់ពី ២លាន ទៅ៤លានរៀលដោយមិនមានចេញវិក័្កយបត្រនោះទេ។ សូម្បីតែទំនិញទាំងនោះ តិចតួច មិនពេញរថយន្តក៏ដោយ ក៏មន្ត្រីគយខាងលើមិនបន្ធូរបន្ថយ ក្នុងការបង់លុយនោះដែរ។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈកូវិដ19-នេះ គ្រប់ទឹកតែម្តងហើយ លោក ងួន កុសល ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបក្ខពួកគប់គិត គ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុន។

ប្រភពពីជាតំណាងឈ្មួញដឹកជញ្ជូនទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានត្អូញត្អែរថា សព្វថ្ងៃនេះ លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត តម្រូវទារលុយច្រើនពេក ធ្វើអោយពួកគាត់ពិបាកក្នុងការរកស៊ីខ្លាំងណាស់។ ដោយពួកគាត់យល់ថាការបង់លុយមិនមានចេញវិក្កយបត្រ បែបនេះអាចជាអំពើពុករលួយ ជាប្រព័ន្ធតែម្ដង។

ហេតុនេះសូមលោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរមើលរំលងអំពើពុករលួយ របស់លោក ងួន កុសល ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នោះទេ។

បណ្ដាញ«សៀមរាបប៉ុស្ដិ៍» នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពី​លោក ងួន កុសល ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាននៅឡើយទេ ជុំវិញការលើកឡើងរបស់អាជីវករនេះ។ ប៉ុន្តែលោកងួន កុសល ធ្លាប់ប្រាប់«សៀមរាបប៉ុស្ដិ៍ថាសុទ្ធតែមានលិខិតអនុញ្ញាតទាំងអស់។ ដោយឡែកចំពោះសំណួរពាក់ព័ន្ធនឹងការយកលុយ $៥០០ក្នុងមួយរថយន្តដោយមិនចេញ វិក្កយបត្រ លោក ងួន កុសល ថា គ្មានទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page508 Page509 Page510 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ចុះផ្សាយថ្ងៃទី ៩ កុម្ភៈ ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×