Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ៖ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង
អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម
អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ
កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៦

សម្ដេចតេជោ៖ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វី
ដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាម
សាសនានេះឯង

សម្ដេចតេជោហ៊ុន សែន នៅរសៀលថ្ងៃនេះបានបង្ហោះសារមួយទាក់ទងទៅនឹង រឿង
ក្មួយស្រីកន្និដ្ឋា។

សម្ដេចតេជោបានសរសេរថា ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញ
មតិលើរឿង ដែលថាអាមេរិកអាចមក
ចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់
សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។
ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ
វារីកកាន់តែធំព្រោះអ្វី ដែលកន្និដ្ឋាលើក
ឡើងវាមានចរិតជាការគំរាមកំហែងមក
លើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ
ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។
អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្ក
គ្រោះថ្នាក់ នៃការបែងចែកនិកាយ
សាសនាក្នុងសាសនាឥស្លាមផង និង
ការបែងចែកសាសនាផ្សេងគ្នានៅ
កម្ពុជាផង។
អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វី
ដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាម
សាសនានេះឯង។
ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាច
នៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្ម
ជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យ
គ្មានជម្លោះជាតិសាសន៍ និងសាសនា
នៅកម្ពុជានោះឡើយ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៦

អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមានទៅកាន់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងខេត្តកំពង់ចាម មិនឱ្យមានការស្តុកទុកប្រេងដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ ដែលបង្កផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យោងតាមការចុះត្រួតពិនិត្យ និងតាមដានស្ថានភាពទីផ្សារ របស់មន្ត្រីជំនាញពាក់ព័ន្ធបានកត់សម្គាល់ឃើញថា មានករណីខ្លះម្ចាស់ស្ថានីយ បានព្យាយាមផ្អាកការលក់ជាបណ្តោះអាសន្ន ឬស្តុកទុកប្រេង នៅពេលដែលតម្លៃទីផ្សារពិភពលោកមានសន្ទុះឡើងថ្លៃ។

ជុំវិញបញ្ហានេះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់អាជីវកម្មត្រូវលក់តាមតម្លៃកំណត់មានន័យថា រាល់ស្ថានីយទាំងអស់ត្រូវតែលក់ប្រេងឥន្ធនៈតាមតម្លៃសេចក្តីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្ម ។ ហាមឃាត់ការស្តុកទុកដោយខុសច្បាប់ ដូចជាការផ្អាកលក់ដោយគ្មានមូលហេតុបច្ចេកទេសត្រឹមត្រូវ ឬការលាក់ទុកប្រេងឥន្ធនៈដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ គឺជាទង្វើខុសច្បាប់។

ឯកឧត្តមអភិបាលខេត្ត បន្តថា ករណីរកឃើញម្ចាស់អាជីវកម្មណាដែលបានប្រព្រឹត្តល្មើស នឹងត្រូវប្រឈមមុខនឹងវិធានការ ដោយការផាកពិន័យជាប្រាក់ទៅតាមទំហំនៃបទល្មើសដែលបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល និងសេវា។ ក្នុងករណីធ្ងន់ធ្ងរ នឹងសម្រេចបិទអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណលក់ដូរជាបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍។ ដូចច្នេះ ម្ចាស់អាជីវកម្មត្រូវរក្សាបាននូវក្រមសីលធម៌ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។ ជាមួយគ្នានេះមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បន្តចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀងរលឹម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៦

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការឡើងថ្លៃ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ក្នុងខេត្តសៀមរាប នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានណែនាំដល់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយទាំងអស់ ត្រូវផ្គត់ផ្គង់ប្រេងទៅអតិថិជនឱ្យមានតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ជាមួយការធានាគុណភាព បរិមាណ និងតម្លៃចំពោះអតិថិជន កុំកេងបន្លំទាំងតម្លៃ បរិមាណនិងគុណភាព ព្រោះការបន្លំទាំងនេះវានាំឱ្យប្រឈមទៅនឹងការពិន័យ និងឈានទៅដកហូតអាជីវកម្មតែម្ដង។

លោក ឌី រ៉ាដូ បានបញ្ជាក់ថា ចំពោះករណីម្ចាស់ស្ថានីយ៍ ឬដេប៉ូចែកចាយណាដែលអស់ស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ដល់អតិថិជន ត្រូវជូនដំណឹងមកក្រុមហ៊ុនប្រេងឥន្ទនៈ ឬអាជ្ញាធរពាក់ព័ន្ធដើម្បីសម្របសម្រួល និងចែករំលែកទៅតាមលទ្ធភាពជាក់ស្ដែង។ ប៉ុន្តែម្ចាស់ស្ថានីយ ម្ចាស់ដេប៉ូចែកចាយប្រេងទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចៀសវាងប្រព្រឹត្តផ្ទុយដូចជាការតម្លើងថ្លៃ និងមានប្រេងក្នុងស្តុកតែមិនលក់ ដែលនាំឱ្យប្រឈមទៅនឹងការផាកពិន័យ និងទោសទណ្ឌនៃច្បាប់ជាធរមាន។

លោកបានបញ្ជាក់ទៀតថា ដោយសារសភាពការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា នៃការផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់ ជាងមួយសប្តាហ៍កន្លងមកនេះ បានបង្កឱ្យមានភាពជ្រួលច្របល់ថាប្រឈមនឹងកង្វះប្រេងឥន្ទនៈជាសកល។ ប៉ុន្តែគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ពុំមានខ្វះប្រេងទេ យើងអាចធានាប្រេងបានរយៈពេល ២១ថ្ងៃ បើក្នុងករណីគ្មានការនាំប្រេងចូលទាំងស្រុង តែបច្ចុប្បន្នលំហូរប្រេងនាំចូលនៅបន្តចូលមកជាធម្មតាទេ។

លោកអភិបាលរងខេត្ត បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវណែនាំបន្តដល់បងប្អូនអាជីករ ម្ចាស់ដេប៉ូចែកចាយក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវសេចក្ដីណែនាំ ស្ដីពីការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម។ លើសពីនេះ អាជ្ញាធរក្រុងស្រុកត្រូវសហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អនុវត្តឱ្យបានម៉ឹងម៉ាត់ចុះត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ធនៈនានា លើតម្លៃលក់ខុសពីតម្លៃធម្មតា ដែលក្រសួងជំនាញបានជូនដំណឹង។

លោកក៏បានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវរួមគ្នាពិនិត្យឱ្យបានហ្មត់ចត់ ករណីម្ចាស់ស្ថានីយ៍ផ្អាកការផ្គត់ផ្គង់ប្រឹងដល់អតិថិជន ករណីម្ចាស់ស្ថានីយ និងដេប៉ូប្រេងករណីអស់ស្តុកប្រេងឥន្ធនៈ ឬមានបំណងផ្អាកលក់ជាបណ្ដោះអាសន្ន ត្រូវជូនដំណឹងមុនយ៉ាងតិច១ថ្ងៃ ទៅអាជ្ញាធរពាក់ព័ន្ធ ព្រោះបើក្នុងករណីមិនប្រក្រតីស្ថានីយ៍មានប្រេងតែផ្អាកមិនលក់ជូនអតិថិជន គាត់នឹងប្រឈមការដកហូតអាជីវកម្មមួយជីវិត ហើយពុំទទួលបានការអនុញ្ញាតចុះបញ្ជីពាណិជ្ជកម្មផ្សេងៗឡើយ៕SRP

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៦

អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ

ខេត្តសៀមរាប៖លោក លី សារី អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំបើកកិច្ចប្រជុំ ពិភាក្សា និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការណូតដឹកអ្នកដំណើររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ ដែលបានចេញការណូតដោយមិនគោរពតាមកិច្ចសន្យា និងវេនការណូតដឹកជញ្ជូនអ្នកដំណើរ បង្កឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសេវាកម្មដឹកជញ្ជូនក្នុងខេត្ត ជាពិសេសប៉ះពាល់ដល់ការធានាឱ្យបាននូវការអនុវត្តតាមកិច្ចសន្យា និងការពារប្រយោជន៍សាធារណៈ ក៏ដូចជាសេវាកម្មទេសចរណ៍ក្នុងតំបន់។

ក្នុងឱកាសនោះ លោក លី សារី បានបញ្ជាក់ថា ក្រុមហ៊ុន សមាគម ដែលរកស៊ីដឹកការណូត ជាពិសេសការណូតដឹកអ្នកដំណើរក្រុមហ៊ុន រ៉ូយ៉ាល់ ត្រូវគោរពតាមកិច្ចសន្យាព្រមព្រៀង និងវេនការណូតដឹកជញ្ជូនអ្នកដំណើរដែលមានស្រាប់។ ក្នុងនោះសូមឱ្យតំណាងក្រុមហ៊ុនរ៉ូយ៉ាល់ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់អារម្មណ៍របស់ភ្ញៀវទេសចរដែលបានធ្វើដំណើរតាមរយៈការណូតរបស់ខ្លួន និងកុំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាបយើង។

ជាមួយគ្នានេះ ដើម្បីធានាការសណ្ដាប់ធ្នាប់ និងការងារនេះប្រព្រឹត្តិទៅដោយរលូន និងមានតម្លាភាព លោកអភិបាលរងខេត្ត បានសម្រេចដាក់ចេញនូវគោលការណ៍មួយចំនួន ដោយក្នុងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវបានចាត់តាំងឱ្យចុះពិនិត្យរាល់ឯកសារពាក់ព័ន្ធរបស់ម្ចាស់អាជីវកម្មដឹកជញ្ជូនភ្ញៀវតាមកាណូតឯកជនទាំង ៦ទីតាំង ហើយក្នុងករណីរកឃើញថា ម្ចាស់អាជីវកម្មណាមួយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬអនុវត្តខុសពីបទដ្ឋានបច្ចេកទេសដែលបានកំណត់ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។

លោកបន្តថា ចំពោះម្ចាស់អាជីវកម្មកាណូតទេសចរណ៍ទាំង៦ ត្រូវតែបន្តអនុវត្តតាមកិច្ចព្រមព្រៀងដែលមានចែងក្នុងកំណត់ហេតុចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ឱ្យបានខ្ជាប់ខ្ជួនដោយមិនត្រូវអនុវត្តខុសបន្តទៀតឡើយ។ ប្រសិនបើភាគីពាក់ព័ន្ធមិនអនុវត្ត ឬមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។ ហើយចាប់ពីខែមេសា ដល់ខែកក្កដា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានលម្អិតថាតើស្ថានភាពទឹក និងកត្តាភូមិសាស្ត្រ អំណោយផលដល់ការបន្តសកម្មភាពដឹកជញ្ជូនភ្ញៀវដែរឬទេ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរ៕SRP

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 5.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៦

កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព

‎ សមាគមទេសចរណ៍កម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកសូទ្រនិគម នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានដាំកូនត្នោតចំនួន ៤០០ដើម ដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន ការបង្កើនភាពបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព អមជាមួយកម្មវិធីដំណើរទស្សនកិច្ចទេសចរណ៍បរិស្ថាន ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថា ការដាំកូនត្នោតនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនភាពស្អាត និងភាពបៃតងធ្វើឱ្យពលរដ្ឋមានសុខុមាលភាពក្នុងសហគមន៍បង្កើតអនុស្សាវរីយ៍ជាមួយនឹងបវរកញ្ញាពិភពលោក ដែលមកពី៥០ប្រទេសផ្សេងគ្នា ក្នុងគោលដៅរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅសហគមន៍កំពង់ឃ្លាំង និងបង្ហាញពីអត្ដសញ្ញាណជាតិទៅកាន់ពិភពលោក។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា កូនត្នោតទាំង ៤០០ដើម ដែលបានដាំនាឱកាសនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ការអភិរក្សបរិស្ថាន ការបង្កើនភាពបៃតង និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។ ជាពិសេសការដាំដើមត្នោតនេះ មិនត្រឹមតែរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាការថែរក្សានូវអត្តសញ្ញាណវប្បធម៌របស់យើងផងដែរ ពីព្រោះដើមត្នោតត្រូវបានចាត់ទុកជារុក្ខជាតិដ៏មានតម្លៃ និងបង្ហាញពីអត្ដសញ្ញាណជាតិរបស់ប្រទេសកម្ពុជា។

លោកអភិបាលរង មានប្រសាសន៍បន្ដថា សម្រាប់ការធ្វើដំណើរទស្សនកិច្ចរបស់ប្រតិភូបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៦ លើកទី៤ នាពេលនេះ ក្នុងគោលបំណងស្វែងយល់ពីរបៀបរស់នៅ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ការចូលរួមរបស់ប្រតិភូអន្ដរជាតិនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយនូវសក្ដានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌របស់ខេត្ដសៀមរាបទៅកាន់សហគមន៍អន្ដរជាតិ និងពិភពលោកផងដែរ។

‎លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានឱ្យដឹងថា ការរៀបចំទស្សនកិច្ចទេសចរណ៍ ដែលមានព្រឹត្តិការណ៍ដាំកូនត្នោត គឺដើម្បីបណ្ដុះគំនិត ពន្លកបៃតង ដែលចូលរួមចំណែកក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
‎
‎លោកអភិបាលស្រុកក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស នាំគ្នាដាំកូនត្នោត ដើមឈើនានាឱ្យបានច្រើនក្នុងគោលបំណងទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវចម្រុះ សេដ្ឋកិច្ច សង្គមកិច្ច និងបង្កើនការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៕SRP

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 3.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៦

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» និងណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ចុះណែនាំដល់ស្ថានីយប្រេងឥន្ធនៈ តាមបណ្តាក្រុង-ស្រុកកុំឱ្យមានការលក់លើសពីតម្លៃដែលបានកំណត់

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុកទាំង១៤ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះនឹងរៀបចំឡើងតាមបែប សាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានការរៀបចំទីតាំងលេងល្បែងប្រជាប្រិយ៍ ការតាំងពិព័រណ៌ម្ហូបអាហារអ្នកបាត់ដំបង ព្រមទាំងមានការតុបតែងភ្លើងបំភ្លឺផ្សេងៗជាដើម។

ឯកឧត្តម គូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងទាក់ទាញភ្ញៀវទេសចរ។ ព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីរាំលេងកម្សាន្ត ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះឡើយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ត សុខ លូ បានណែនាំដល់មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល មន្ត្រីជំនាញរបស់សាខាក.ប.បខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តចុះត្រួតពិនិត្យតាមដានការស្តុកប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈ និងដេប៉ូលក់រាយប្រេងឥន្ធនៈសំដៅទប់ស្កាត់កុំឱ្យមានករណីស្តុកប្រេងចាស់ទុកមិនព្រមលក់ឱ្យអតិថិជនដើម្បីទុកលក់នៅពេលប្រេងឡើងថ្លៃដែលអាចបង្កឱ្យមានភាពចលាចល និងធ្វើឱ្យប្រេងកាន់តែឡើងថ្លៃបន្ថែមទៀត។

ឯកឧត្តម ណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ត្រូវចុះណែនាំទៅដល់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាក្រុង-ស្រុកក្នុងខេត្តបាត់ដំបងដើម្បីធ្វើយ៉ាងណាកុំឱ្យមានការលក់រាយប្រេងឥន្ធនៈលើសពីតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម និងជំរុញឱ្យម្ចាស់ស្ថានីយ-ដេប៉ូ លក់ប្រេងឥន្ធនៈបើកដំណើរការអាជីវកម្មលក់ប្រេងឥន្ធនៈជាធម្មតាប្រកបដោយគុណភាពតាមបទដ្ឋានកំណត់ដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតីឡើយ។

ឯកឧត្តមអភិបាលខេត្តជំរុញអាជ្ញាធរ ក្រុង ស្រុក ត្រូវចុះអប់រំណែនាំពន្យល់ប្រជាពលរដ្ឋកុំឱ្យជ្រួលច្របល់ទិញប្រេងស្តុកទុកក្នុងផ្ទះដែលអាចបង្កហានិភ័យ ខណៈប្រេងនៅតែបន្តនាំចូល និងមានក្នុងស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៦

អភិបាលក្រុងសៀមរាបណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល បូទិក អាផាតមិន សម្រាប់ជនបរទេស សូមឱ្យត្រួតពិនិត្យឱ្យបានច្បាស់នូវឯកសារបញ្ជាក់ លិខិតបញ្ជាក់ឯកសារផ្ទាល់ខ្លួន និងលិខិតឆ្លងដែនមុនអនុញ្ញាតឱ្យស្នាក់នៅ

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល បូទិក អាផាតមិន សម្រាប់ជនបរទេស សូមឱ្យត្រួតពិនិត្យឱ្យបានច្បាស់នូវឯកសារបញ្ជាក់ លិខិតបញ្ជាក់ឯកសារផ្ទាល់ខ្លួន និងលិខិតឆ្លងដែនឱ្យបានច្បាស់លាស់មុនអនុញ្ញាតឱ្យស្នាក់នៅ។

លោក នួន ពុទ្ធារ៉ា បានមានប្រសាសន៍ថា អនុក្រឹត្យនេះមិនត្រឹមតែជាឧបករណ៍គតិយុត្តិមួយសម្រាប់គាំទ្រ ដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅ តាមទីតាំងរស់នៅប្រមូលផ្តុំប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រលើ ការបង្ការ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានាដែលបានកំណត់ ជាពិសេសគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

អភិបាលក្រុងណែនាំយ៉ាងដូច្នេះក្នុង
ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពី”ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ”។ នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦។

នៅរដ្ឋបាលក្រុងសៀមរាប លោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការផ្សព្វផ្សាយពីបែបបទនៃការស្នាក់នៅ នីតិវិធីនៃការផាកពិន័យចំពោះម្ចាស់អគារ និងអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដូចមានចែងក្នុងអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពី “ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ”។

ក្នុងនេះដែរ លោកស្នងការរង ក៏បានធ្វើការណែនាំដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាខ្លឹមសារអនុក្រឹត្យនេះឲ្យបានច្បាស់លាស់ ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព ស្របតាមនីតិវិធីច្បាប់ និងធានាបាននូវការគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខសង្គម ក្នុងមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។

លោកស្នងការបន្តថា ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ ឲ្យអនុវត្តតាមបទប្បញ្ញត្តិច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការប្រព្រឹត្តល្មើស ដែលអាចនាំឲ្យមានការផាកពិន័យ ឬវិធានការផ្សេងៗតាមច្បាប់ជាធរមាន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 10.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៦

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។ សូមបញ្ជាក់ផងដែរថា សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៦

ដូរស្នងការខេត្តបន្ទាយមានជ័យ

សម្ដេចធិបតីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ​ផ្ទេរភារកិច្ច​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ពី​ ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ ទៅជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ និងតែងតាំងលោកឧត្ដមសេនីយ៍ត្រី​ សឿម​ សារិទ្ធ​ ពី​ស្នងការ​រងខេត្ត​បាត់ដំបង​មកជា​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​៕SRP

Like 199
Comment 0
Share ចែកចាយ
Views 9.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៦

អភិបាលខេត្តបាត់ដំបងណែនាំដល់អាជ្ញាធរសង្កាត់ ក្រុង ត្រូវជំរុញពន្លឿនការរំដោះដីចំណីផ្លូវកាត់សំយាប និងរុះរើរសំណង់ផ្សេងៗដែលសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ១៥៤ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលបេតុងប្រវែង៧៧៥ម៉ែត្រ ទទឹង១២ម៉ែត្រ និងស្ថាបនាលូទឹកភ្លៀងបណ្តោយផ្លូវ មុខកាត់១ម៉ែត្រសងខាងផ្លូវ ប្រវែង១៧៥៦ម៉ែត្រ អណ្តូងលូចំនួន៦២កន្លែង និងខឿនបេតុងចិញ្ចើមផ្លូវប្រវែង១៨២០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបងុំនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំដល់អាជ្ញាធរសង្កាត់ ក្រុង ត្រូវជំរុញពន្លឿនការរំដោះដីចំណីផ្លូវ កាត់សំយាប និងរុះរើរសំណង់ផ្សេងៗដែលសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការសាងសង់សំយាប និងសំណង់ផ្សេងៗលើដីចំណីផ្លូវ រៀបចំការលក់ដូរនៅក្នុងផ្ទះឱ្យមានរបៀបរៀបរយមិនត្រូវលក់ដូរលើដីចំណីផ្លូវឡើយ។

ឯកឧត្តម សុខ លូ បានបង្ហាញចក្ខុវិស័យក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងស៊ីវិល័យ ស្អាត ស្មាត បៃតង និងងាយស្រួលដើរ។

ឯកឧត្តម ថ្លែងបន្ថែមថា ផ្លូវនៅក្នុងក្រុងបាត់ដំបងទាំងអស់នឹងត្រូវបើកការដ្ឋានជួសជុល និងសាងសង់ថ្មីឡើងវិញជាបន្តបន្ទាប់ទៅតាមដំណាក់កាលដើម្បីសម្រួលដល់ធ្វើការដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ ស្នើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន បញ្ឈប់ការដុតសំរាម និងការដុតជញ្ជ្រាំងដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

ឯកឧត្តម ជំរុញប្រជាពលរដ្ឋឱ្យចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៦

សម្ដេចធិបតីនិងភរិយា ផ្ដល់អំណោយម៉ូតូ និងថវិកាជូនគ្រួសារវីរយុទ្ធជនពលី នៅស្រុកពួក

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បាននាំយកម៉ូតូ និងថវិកាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីជាការលើកទឹកចិត្ត ប្រគល់ជូនដល់គ្រួសារវីរយុទ្ធជនពលី ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានប្រគល់ជូន អ្នកមីង អ៊ូ យឿត ដែលត្រូវជាម្តាយបង្កើត របស់វីរយុទ្ធជនពលី ស្មឿន វ៉ិត (អត្តលេខ ១៧១១៩០) អតីតមេបញ្ជាការរងអនុសេនាធំទី២ វរសេនាតូចកាំភ្លើងត្បាល់ នៃកងពលធំអន្តរាគមន៍លេខ២ ដែលបានពលី ក្នុងសមរភូមិទិសប្រាសាទតាមាន់ធំ ដោយសារគ្រាប់ផ្លោងកាំភ្លើងធំរបស់សត្រូវ។ គ្រួសារសពមានទីលំនៅបច្ចុប្បន្ននៅភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

ការផ្ដល់ជូននាពេលនេះ គឺជាការសម្រេចតាមសំណូមពររបស់គ្រួសារសព កាលពីឱកាសដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចុះសួរសុខទុក្ខ និងរំលែកទុក្ខដោយផ្ទាល់ដល់លំនៅឋាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ក្រៅពីម៉ូតូ១គ្រឿង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ក៏បានបន្ថែមនូវអំណោយរួមមាន៖ ថវិកាបន្ថែម ២០០ដុល្លារប្រេងសាំង ៤០លីត្រ មួកសុវត្ថិភាព ២គ្រឿង និងរៀបចំធ្វើស្លាកលេខម៉ូតូជូនដោយឥតគិតថ្លៃផងដែរ។

ក្នុងបរិយាកាសប្រកបដោយភាពកក់ក្តៅ អ្នកមីង អ៊ូ យឿត បានសម្តែងនូវសេចក្ដីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ មិនបោះបង់ចោល និងផ្តល់តម្លៃខ្ពស់ចំពោះជីវភាពរស់នៅ ក៏ដូចជាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារយុទ្ធជនពលីដែលមានគុណបំណាច់ចំពោះជាតិ។

សកម្មភាពនេះ បានស្ដែងឱ្យឃើញនូវស្មារតីសាមគ្គីភាព និងការដឹងគុណរបស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះវីរភាពរស់រវើករបស់កងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីជូនមាតុភូមិ៕SRP

អត្ថបទ និងរូបភាព៖ ក្រុមការងារ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 198
Comment 0
Share ចែកចាយ
Views 6.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២៦

កម្លាំងកងអាវុធហត្ថខេត្តសៀមរាប សម្រេច
ប្រគល់ម៉ូតូចំនួន០១គ្រឿង ជូនម្ចាស់វិញ

ខេត្តសៀមរាប៖សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃនេះថា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានសម្រេចប្រគល់ម៉ូតូចំនួន០១គ្រឿង ដែលពាក់ព័ន្ធករណីជនបរទេសជួលម៉ូតូ (ផ្លុងចោល) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានមកកម្លាំងកងរាជអាវុធហត្ថប្រចាំការទីបញ្ជាការស្រាលមាត់ស្ទឹង ថាមានម៉ូតូ០១គ្រឿង ទុកចោលមុខផ្ទះគាត់មិនឃើញម្ចាស់ បានរាយការណ៍មកកម្លាំងការិយាល័យជំនាញ ដើម្បី​យកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីជ្រាវស្រាវស្វែងរកម្ចាស់ លុះដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ទើបម្ចាស់ដឹងថាកម្លាំងការិយាល័យជំនាញយកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប និងបានប្រគល់ម៉ូតូជូនម្ចាស់វិញ។

ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕SRP

Like 197
Comment 0
Share ចែកចាយ
Views 26.3K
Sponsored
Sponsored
Older posts
Page1 Page2 … Page649 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ៖ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង សម្ដេចតេជោ៖ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង ចុះផ្សាយថ្ងៃទី ១១ មីនា ២០២៦
អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ ចុះផ្សាយថ្ងៃទី ១១ មីនា ២០២៦
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី ១១ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×