ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកមិញនេះអញ្ជើញបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ស្ថិតក្នុងភូមិ ទោង ឃុំ ស្រឡៅ ស្រុក តាំងគោក ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ដឹកនាំ ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក សុខ លូ អភិបាលខេត្ត កំពង់ធំ ថ្ងៃនេះលោក បានបើកការដ្ឋាន និងបញ្ចុះបឋមសិលា ដើម្បីសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ថ្មីស្រឡាងមួយបន្ថែមទៀត ដែលមានលក្ខណៈរឹងមាំុធំទូលំទូលជំនួសអាគារប៉ុស្ដិ៍រដ្ឋបាលដែលសាងសង់អំពីឈើ ដែលមានសភាពចាស់ទ្រុឌទ្រោម តូចចង្អៀត ដំបូលប្រេះស្រាំធ្លុះធ្លាយ នារដូវវស្សាមានទឹកភ្លៀងជោគជាំហូរមកក្នុងអាគារផ្ដល់ផលលំបាកខ្លះៗ ដល់បងប្អូន ក្នុងកាបំពេញភារកិច្ច។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បន្តថ្លែងថាអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវសាងសង់នេះ មានទំហំ ៦ម៉ែត្រ ×១០ម៉ែត្រ ក្រាលការ៉ូ ជញ្ជាំងឥដ្ឋ ប្រក់ដំបូលសង្ក័សី ដែលជាការឧបត្ថម្ភ គាំទ្រ ពីសំណាក់ថ្នាក់ដឹកនាំ កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក និងបងប្អូនសប្បុរសមានសទ្ធាជ្រះថ្លា នៅពេលដែល ឃើញអង្គភាពមានការខ្វះខាត បងប្អូនតែងតែចូលរួមឧបត្ថម្ភ គាំទ្រជាបន្តបន្ទាប់ ដើម្បីអង្គភាពផ្លាស់ប្ដូរមុខមាត់ថ្មី ពីអ្វីដែលមិនល្អ កែប្រែជាទីកន្លែងមានសោភ័ណភាព ល្អស្អាត ដែលជាទីកន្លែងនៅគៀកជិតជាមួយប្រជាពលរដ្ឋ និងជាផ្ដល់សេវាសាធារណៈយ៉ាងមានប្រសិទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកប្រាស្រ័យទំនាក់ទំនងលើកិច្ចការងារដែលពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល
បានឧបត្ថម្ភស៊ីម៉ង់ត៍១០តោន ,ឥដ្ឋ ៥.០០០ដុំ និងថវិកាមួយចំនួន។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានាដែលបានជួយឧបត្ថម្ភនូវថវិកានិងសម្ភារដើម្បីសាងសង់អគារប៉ុស្ដិ៍ស្រឡៅខាងលើនេះផងដែរ៕SRP
