ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ

ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
0

ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឱ្យដឹងថា ដើមឆ្នាំ២០២៦នេះ ផ្លូវ១៦ខ្សែ ក្នុងក្រុងបាត់ដំបង បានចាប់ផ្តើមដំណើរការបើកការដ្ឋាន ស្ថាបនាផ្លូវដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋធ្វើដំណើរ។

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា នៅអំឡុង ខែដំបូងឆ្នាំ២០២៦ នេះ ផ្លូវ១៦ខ្សែ ក្នុងក្រុងបាត់ដំបង បានចាប់ផ្តើមដំណើរការបើកការដ្ឋានបណ្តើរៗហើយ ដោយប្រើប្រាស់ថវិកាជាតិ។

ឯកឧត្តមបានបន្តថា នៅសល់២១ខ្សែទៀត ដែលជាគម្រោងប្រព័ន្ធរំដោះទឹកកខ្វក់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងរៀបចំដេញថ្លៃនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ឆាប់ៗនេះ និងគ្រោងចាប់ផ្តើមការងារសាងសង់ក្នុងអំឡុងខែមេសា។

ឯកឧត្តម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការយោគយល់ អធ្យាស្រ័យខ្ពស់ដល់ដំណើរអនុវត្តន៍គម្រោងរហូតដល់ទទួលបានជោគជ័យតាមការគម្រោងទុក។

សូមបញ្ជាក់ថា ក្រុងបាត់ដំបងទទួលគម្រោងធំៗចំនួន៣ពីរាជរដ្ឋាភិបាល ដែលជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន

១.គម្រោងសាងសង់ទីលានចាក់សំរាមស្ដង់ដានៅឃុំតាគ្រាម ស្រុកបាណន់ ជាទីលានចាក់សំរាមស្ដង់ដាធំជាងគេមួយនៅកម្ពុជា។
២.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់ប៉ែកខាងកើតស្ទឹងសង្កែ។សាងសង់រួចរាល់ ១០០ ភាគរយ និងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ១០ ហិកតានៅស្រុកសង្កែ មុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ ៣.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ២០២៥។គម្រោងនេះប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ ហិកតា នៅស្រុកឯកភ្នំ៕SRP