នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ
ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុន ម៉ាណែត បានបង្ហោះសារទាក់ទងទៅនឹងកម្ពុជាសម្រេចចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ( The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសរសេរថា៖ កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។
ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។
ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕SRP

