អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានលើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ដោយនិងរក្សាការសម្ងាត់ជូន។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបមានប្រសាស៍ថា ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និង សណ្តាប់ធ្នាប់ សាធារណៈ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើប្រតិភូកម្មការងារគ្រប់គ្រងការស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ០៣អនក្រ.បក។សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តសៀមរាប។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ត្រូវចលនាប្រជាពលរដ្ឋ ធ្វើជាភ្នែក ជាច្រមុះរបស់យើង បើមានការសង្ស័យអោយគាត់រាយការណ៍មកយើង ហើយត្រូវរក្សាការសំងាត់ឲ្យគាត់ ដើម្បីមានវិធានការចាត់ការតាមច្បាប់បានទាន់ពេលវេលា ចំពោះការប្រមូលផ្ដុំរបស់ជនបរទេសដោយខុសច្បាប់។
ឯកឧត្តមបានបញ្ជាក់ទៀតថា យើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឲ្យបាន ដើម្បីមុខមាត់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍របស់កម្ពុជា។
អភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ៕SRP

