អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ

អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
0

អាជ្ញាធរខេត្តសៀមរាប បើសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុត្រូវចុះក្នុងអវត្តមានកុំលើកលែងឱ្យសោះ

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយឱ្យកាន់តែប្រសើរថែមទៀតសិស្សានុសិស្សទាំងអស់ត្រូវតែគោរព តាមវិន័យរបស់សាលា។ ក្នុងនោះនាយក និងគណៈគ្រប់គ្រងទាំងគ្រឺះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិតត្រូវរឹតបន្តឹងដល់សិស្សានុសិស្សរបស់ខ្លួនគោរពវិន័យ និងបទបញ្ជាសាលាឱ្យបានខ្ជាប់ខ្ជួន បើមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុត្រូវចុះក្នុងអវត្តមានកុំលើកលែងឱ្យសោះ។

លោកស្រី ម៉ននី រង្សី បានបន្តថាដើម្បីចៀសវាងសិស្សមករៀនមិនទាន់ម៉ោង ឬគេចសាលា និងការចេញចូលរហេតរហូតក្នុងម៉ោងសិក្សា ចាំបាច់ណាស់គណៈគ្រប់គ្រងសាលាត្រូវណែនាំឱ្យសិស្សានុសិស្សទាំងអស់ត្រូវតែគោរព តាមវិន័យនិងត្រូវមករៀនឲ្យទាន់ពេលវេលា។ ករណីមកយឺត គ្រូបន្ទុកថ្នាក់កត់ត្រាការមកយឺតនោះចូលទៅក្នុងរបាយការណ៍ពិន្ទុប្រចាំខែ។ លោកស្រីថា៖ ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាសំខាន់ ទាំងសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ។

ទន្ទឹមនឹងនេះ ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ មនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ក៏ជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលយើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវជួយជ្រោមជ្រែងគាំទ្រដល់ដំណើរការអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ «ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ «លើកកម្ពស់គុណភាពអប់រំ» ដោយផ្តោតលើគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ក្នុងនាមរដ្ឋបាលខេត្ត អាជ្ញាធរខេត្ត លោកស្រីម៉ននី រង្សី បានជំរុញដល់អង្គសន្និបាត បន្តពង្រឹងការអនុវត្តស្តង់ដាសាលារៀនគំរូ យកចិត្តទុកដាក់លើការអប់រំបច្ចេកទេស និងត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពឱ្យបានល្អ ដើម្បីចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ និងការប្រកួតប្រជែងផ្សេងទៀត ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាបនឹងបន្តគាំទ្រ និងលើកកម្ពស់កិត្តិយស វិស័យអប់រំក្នុងខេត្តឱ្យបានល្អប្រសើរឡើងថែមទៀត។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យអង្គរ នៅថ្ងៃម្សិលមិញ។

បើតាមរបាយការណ៍សង្ខេបរបស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បង្ហាញថា៖ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិស័យអប់រំក្នុងខេត្តសៀមរាបទទួលជោគជ័យក្នុងការប្រឡងប្រណាំងនានា ដូចជាអង្គភាពផ្តល់សេវាសាធារណៈគំរូ សាលាស្អាត នាយកល្អ គ្រូល្អ និងការប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងមក មានបេក្ខជនប្រឡងជាប់ ៨៨,៥៧% និងទទួលបាននិទ្ធេស A រហូតដល់ ២៤៧នាក់ ក្នុងនោះស្រី ១៣៥នាក់៕SRP