ខេត្តសៀមរាប៖ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានសរសេរ សុំទោសអាជ្ញាធរខេត្តសៀមរាប ក្រោយបង្ហោះសារប្រើពាក្យមិនសមរម្យ លើ facebookរបស់ខ្លួន។
យោងតាមគណនីfacebook ផ្លូវការរបស់លោកពេជ្រ ស្រស់ បានឲ្យដឹងថា៖នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ខ្ញុំបានបង្ហោះសារពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋ ១៩ គ្រួសារ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ខេត្តសៀមរាប ដែលប្រើសំណេរលើសលួសដល់អាជ្ញាធរ ដោយប្រើពាក្យថា”កូវីដជាន់កហើយ ត្រូវអាជ្ញាធរជាន់កថែមទៀត” គឺជាសំណេរដែលមានចរិតមិនសមរម្យ ក្នុងន័យនេះ ខ្ញុំសូមធ្វើការសុំទោសដល់អាជ្ញាធរខេត្តសៀមរាប គ្រប់ជាន់ថ្នាក់ និងទុកលទ្ធភាពជូនអាជ្ញាធរអនុវត្តកិច្ចការចំពោះគ្រួសារ១៩គ្រួសារ ហើយប្រតិភូគណបក្សយុវជនកម្ពុជា គឺបញ្ចប់ការសិក្សាលើបញ្ហារបស់ប្រជាពលរដ្ឋ១៩គ្រួសារទៀតហើយ ពីព្រោះគឺជាកិច្ចការរដ្ឋអំណាចអភិវឌ្ឍទីក្រុង។
សូមរំលឹកថាកាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២១នេះរដ្ឋបាលខេត្តសៀមរាប បានចេញលិខិតមួយទំព័របំភ្លឺជុំវិញហ្វេសប៊ុក ពេជ្រ ស្រស់ បង្ហោះថា ប្រជាពលរដ្ឋ ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរ។
ខាងក្រោមនេះជាលិខិតបំភ្លឺទាំងស្រុងរបស់រដ្ឋបាលខេត្តសៀមរាប៖កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មានករណីបង្ហោះព័ត៌មានក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់គណនីឈ្មោះ Pich Sros-ពេជ្រ ស្រស់ បានផ្សព្វផ្សាយនៅក្នុង បណ្តាញសង្គមថា ប្រជាពលរដ្ឋ ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរ ខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញពីលំនៅដ្ឋានរបស់ពួកគាត់ ដែលពួកគាត់មានចុះបញ្ជីដីធ្វើប្លង់ កម្មសិទ្ធិត្រឹមត្រូវទាំងផ្ទះរបស់ពួកគាត់ ដោយគ្មានប៉ះពាល់គម្រោងអភិវឌ្ឍរបស់រដ្ឋនោះឡើយ។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តសៀមរាបសូមបញ្ជាក់ និងជម្រាបជូនសាធារណជន អ្នក សារព័ត៌មានជាតិ និងអន្តរជាតិថា ការលើកឡើងរបស់ម្ចាស់គណនីខាងលើ គឺពុំត្រឹមត្រូវនោះឡើយ ដោយហេតុថាករណីប្រជាពលរដ្ឋ ១៩គ្រួសារនេះ គឺបានទៅរស់នៅ និងសាងសង់សំណង់លំនៅដ្ឋានលើ ដីប្រព័ន្ធការពារដែលជាដីសាធារណៈរបស់រដ្ឋទាំងស្រុង មានទីតាំងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ទីតាំងដីលំនៅដ្ឋានមិនរៀបរយរបស់ប្រជាពលរដ្ឋ ១៩គ្រួសារខាងលើនេះ គឺស្ថិតនៅក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រព័ន្ធ(LMAP)បានចុះវាស់វែង និងបានចេញបង្កាន់ដៃ ចំពោះអ្នកដែលបានបង្ហាញព្រំដី និងអ្នកដែល បានផ្តល់ទិន្នន័យក្បាលដីដល់ក្រុមការងារ ប៉ុន្តែបង្កាន់ដៃដែលក្រុមការងារផ្តល់ជូននេះ គឺគ្រាន់តែជាការ ប្រមូលទិន្នន័យ និងព័ត៌មានក្បាលដីប៉ុណ្ណោះ ដោយពុំបានកំណត់ទទួលស្គាល់ភាពជាកម្មសិទ្ធិករស្របច្បាប់ នៅលើដីនោះទេ និងមិនអនុញ្ញាតឲ្យយកបង្កាន់ដៃនេះ ទៅធ្វើការលក់ដូរ ផ្ទេរសិទ្ធិ និងបញ្ចាំបានឡើយ។
ដោយយោងតាមតម្រូវការចាំបាច់ និងដើម្បីបម្រើផលប្រយោជន៍ សាធារណៈ ស្របតាមគោលការណ៍ របស់ រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តបាន ចេញសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋ ១៩គ្រួសាររុះរើលំនៅដ្ឋាន និងសំណង់ការ្យផ្សេងៗចេញពីដីប្រព័ន្ធ ការពារដែលជាដី សាធារណៈរបស់រដ្ឋ និងបានរៀបចំដីសម្រាប់ដោះស្រាយគោលនយោបាយ ស្របតាម គោលការណ៍សម្បទានសង្គមកិច្ចរបស់រដ្ឋ ដើម្បីឲ្យពួកគាត់ទៅរស់នៅទីតាំងផ្សេង៕SRP



ភ្នំពេញ៖នៅទីបំផុតក្រសួងធម្មការបានស្នើសុំតុលាការដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ តាមមាត្រា ៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតរបស់ក្រសួងធម្មការនិងសាសនា ចុះហត្ថលេខា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយរដ្ឋមន្ត្រី លោក ឈិត សុខុន បានគោរពជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។
សូមជម្រាបថាកាលពីព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ ២០២១ លោកផែង វណ្ណ: បានលុតជង្គង់ក្រាបសំពះ លំអោនកាយបែបស្រទន់ នៅចំពោះមុខព្រះចៅអធិការវត្តរាជបូណ៌ ព្រះនាមពិន សែម ដែលមានព្រះជន៨០ព្រះវស្សា និងក្រោមក្រសែភ្នែកមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ទៀត។
លោកផែង វណ្ណ: បានចាកចេញពីវត្ត ដោយបង្ហាញភាពរីករាយ ក្រោយព្រះចៅអធិការទទួលយកការសុំទោសនេះ។តែលោកសុំមិនអធិប្បាយ ជាមួយអ្នកសារព័ត៌មាននោះទេ។ទោះជាបែបនេះ មន្ត្រីសង្ឃក្នុងហេតុការណ៍ បានបញ្ជាក់ថា គ្រប់យ៉ាងបានបញ្ចប់ហើយ ចំណែកលិខិតថ្កោលទោសរបស់ព្រះមេគណខេត្ត ដែលចុះហត្ថលេខា ដោយព្រះអង្គជុំ គឹមឡេង ក៏បាននិរាករណ៍ផងដែរ។
ខេត្តបន្ទាយមានជ័យ៖លោកឌី វិជ្ជា និងលោកជំទាវ ហ៊ុនម៉ាណា នៅរសៀលថ្ងៃទី ២១ខែមីនា ឆ្នាំ២០២១ ម្សិលមិញ បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌ នាំយកអំណោយទៅប្រគល់ជូនជីវិតដ៏កំសត់គ្រួសារក្មួយប្រុស អាយ បញ្ញា ដែលស្ថិតក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។