ខេត្តសៀមរាប៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើប្រមាណ«១៧២ហិកតា»នៅក្នុងខេត្តសៀមរាប ឲ្យលោកឡេង ណាវ៉ាត្រា។ នេះយោងតាមអនុក្រឹត្យលេខ ១២០អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលទើបតែទទួលបាននៅព្រឹកនេះ។
អនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុន សែន នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើ កាត់ដីទំហំ ១៧២ហិកតា៣អា ស្ថិតនៅភូមិរំចេក ឃុំរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនអ្នកឧកញ៉ា ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា ធ្វើជាកម្មសិទ្ធិ។
លោក លី សំរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានថ្លែងប្រាប់(សារព័ត៌មានថ្មីៗ)ថារដ្ឋបាលខេត្តបានទទួលអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលរដ្ឋាភិបាលបានសម្រេចនោះហើយ។ លោកពន្យល់ថា ដ្បិតជាដីគម្របព្រៃឈើឆ្នាំ២០០២ ពិតមែន តែផ្ទៃដីសព្វថ្ងៃ ពុំមានព្រៃឈើទៀតនោះទេ។ លោកបន្តថា៖« ដីជាគម្របព្រៃឈើឆ្នាំ២០០២ ប៉ុន្តែប្រជាជនអាស្រ័យផលអីជាហូរហែរមកដែរ សព្វថ្ងៃវាគ្មានព្រៃ គ្រាន់តែជាទីតាំងគម្របព្រៃឈើ តែគ្មានព្រៃឈើទៀតទេ អស់ហើយ ប្រជាជនគាត់ធ្វើស្រែធ្វើចម្ការខ្លះ លក់ដូរបន្តគ្នាខ្លះ»៕SRP