Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • លេខទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២១

ខេត្តស្ទឹងត្រែង៖ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថាគណៈអភិបាលខ្លះមិនគោរពក្រុមប្រឹក្សានោះទេ ដ្បិតយល់ថាសមាជិកក្រុមប្រឹក្សានោះមានសមាសភាពមកពីអ្នកដែលធ្លាប់មានឋានៈតូចតាចជាងខ្លួន ប៉ុន្តែការគិតដូច្នេះត្រូវបានសម្ដេចចាត់ទុកថាការគិតខុស និងស្នើសុំឱ្យមានការកែប្រែចំណុចនេះ ដើម្បីពង្រឹងរបៀបរបបការងារឡើងវិញ។

សម្ដេច ស ខេង បានបន្តថាតួអង្គប្រធានក្រុមប្រឹក្សា និងគណៈអភិបាលត្រូវតែសាមគ្គីគ្នា ធ្វើការជាមួយគ្នា ត្រូវមានការជជែកគ្នាបើចាំបាច់ ដើម្បីរៀបចំកិច្ចប្រជុំណាមួយដែលមានសារៈសំខាន់។ សម្ដេចក៏បានគូសបញ្ជាក់ពីមន្រ្តីឱកាសនិយម មន្រ្តីប្រើអំណាចដោយរំលោភ ដោយសង្កត់ធ្ងន់ឱ្យចៀសវាងកុំធ្វើជាមន្រ្តីបែបនេះឱ្យសោះ ព្រោះជាបញ្ហាដែលនាំផ្ទៃក្នុងមិនរឹងមាំ។

សម្ដេច ស ខេង ក៏បានណែនាំក្នុងន័យដើមថា«យើងផ្ដល់សារៈសំខាន់ ផ្ដល់តម្លៃដល់ក្រុមប្រឹក្សាឱ្យបានខ្លាំង ព្រោះនៅថ្នាក់ខេត្ត ក្រុមប្រឹក្សាក៏ជាអង្គប្រតិបត្តិដែរ មិនមែនជាអង្គបញ្ញត្តិដែលចាំតែគណៈអភិបាលរាយការណ៍នោះទេ គឺក្រុមប្រឹក្សាមានសិទ្ធិ ប្រសិនបើគណៈអភិបាលមិនរៀបចំខ្លឹមសារកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សា១ភាគ៣មានសិទ្ធិស្នើកោះប្រជុំ មានសិទ្ធិកោះហៅចៅហ្វាយខេត្តដើម្បីប្រជុំ។ មានកន្លែងខ្លះគណៈអភិបាលមិនខ្ចីចូលរួមប្រជុំ ហើយមិនឱ្យតម្លៃក្រុមប្រឹក្សា ដែលចំណុចនេះគឺជាការខុសឆ្គងហើយ»។

សម្ដេចក៏បានបន្តណែនាំឱ្យកចិត្តទុកដាក់លើតួអង្គ៤ដែលសំខាន់ រួមមានមេឃុំចៅសង្កាត់ ស្មៀនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។ សម្ដេចបានណែនាំឱ្យផ្ដល់ការលើកទឹកចិត្តដល់សមាសភាពសំខាន់ទាំង៤នេះឱ្យខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ បន្ថែមលើការខិតខំប្រឹងប្រែងរបស់ថ្នាក់លើ និងរាជរដ្ឋាភិបាល។ សម្ដេចបានសង្កត់ធ្ងន់ថាសមាសភាពមន្រ្តីទាំង៤ខាងលើនេះ គឺជាអ្នកកៀក និងបំពេញភារកិច្ចជាប់ជាមួយជីវភាពរស់នៅប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយពលរដ្ឋអាចដឹងថាគាត់ធ្វើបានល្អ ឬមិនល្អ។

សម្ដេចស ខេង បានគូសបញ្ជាក់ពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរីមកជាអភិបាលខេត្តស្ទឹងត្រែង និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តម ស្វាយ សំអ៊ាង នឹងខិតខំបំពេញភារកិច្ចបំរើជាតិ និងប្រជាជនក្នុងខេត្តស្ទឹងត្រែងឱ្យបានល្អ ហើយជាមួយគ្នានេះសម្ដេចស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ ចូលរួមផ្ដល់កិច្ចសហការ មានសាមគ្គីភាព និងគាំទ្រឯកឧត្តម ស្វាយ សំអ៊ាង ក្នុងការបំពេញរកិច្ចថ្មីនេះ។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗដែលត្រូវយកចិត្តទុកដាក់នាពេលបន្តបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។ ជាមួយគ្នានេះសម្ដេចក៏បានគូសបញ្ជាក់អំពីការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈដែលជាបញ្ហាគន្លឹះនាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបាន។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នេះ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមខិតខំប្រមូលបញ្ហានានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យមានតម្លាភាព យុត្តិធម៌ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅក្នុងសង្គម។ ក្នុងឱកាសនោះដែរ សម្ដេចក៏បានផ្ដល់ការពន្យល់អំពីអត្ថន័យនៃអភិក្រមទាំង៥ដែលបានដាក់ចេញដោយសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងនោះសម្រាប់អភិក្រមឆ្លុះកញ្ចក់ សម្ដេចបានមានប្រសាសន៍ថា រាល់ការយល់ឃើញ ការលើកឡើងពីពលរដ្ឋ ពីមជ្ឈដ្ឋាននានា ការរិះគន់ក្នុងន័យស្ថាបនា គឺជាកញ្ចក់ឆ្លុះឱ្យឃើញពីបញ្ហានានា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២១

ខេត្តកំពង់ធំ៖ករណីគ្រួពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បានទុកអ្នកជំងឺរហូតដល់ស្លាប់ ក្រុមគ្រួសារជនរងគ្រោះ បានស្នើសុំទៅសម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍។

យោងតាមលិខិតរបស់ក្រុមគ្រួសារជនរងគ្រោះ មានចំនួន៤ទំព័រដែលអង្គភាពសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅព្រឹកថ្ងៃទី០៤ ខែតុលា នេះដោយបានរៀបរាប់ពីហេតុការណ៍នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

ខាងក្រោមនេះជាពាក្យស្នើសុំទៅសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន៖

ខ្ញុំបាទឈ្មោះ កឺ សោភ័ណ ប្រើការងារនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ ជាអនុប្រធានការិយាល័យ និងជាក្រុមការងារចុះជួយឃុំអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នមានទីលំនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

 

កម្មវត្ថុ៖ស្នើសុំមេត្តាជួយពិនិត្យលើរបៀបរបបគ្រប់គ្រង សេវាព្យាបាល និងក្រមសីលធម៌ក្រុមគ្រូពេទ្យខេត្តកំពង់ធំចំពោះផ្នែកអ្នកជំងឺសង្រ្គោះបន្ទាន់។

យោងៈ-ករណីមរណៈភាពលោកឪពុករបស់ខ្ញុំបាទឈ្មោះ ឡាយ ស៊ុយ លួង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យខេត្តកំពង់ធំ។

– បណ្តាញព័ត៌មានខេមរា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

– បណ្តាញព័ត៌មានរិទ្ធីដាវដែក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

– បណ្តាញព័ត៌មានសៀមរាបប៉ុស្តិ៍ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ខ្ញុំបាទ និងក្រុមគ្រួសារពិតជាមានសេចក្តីរំភើបចិត្តណាស់ និងអរគុណរកអ្វីប្រៀបមិនបានឡើយ ដែលសម្តេចពុកតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដែលបានជួបនឹងការលំបាក រងភាពអយុត្តិធម៌ និងការខកចិត្តលើទង្វើអសីលធម៌ផ្សេងៗនៅក្នុងសង្គម។ នៅក្រោមមាគ៌ានៃការដឹកនាំរបស់សម្តេចពុកគឺប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងនិរន្តភាពក្នុងសង្គម មានការអភិវឌ្ឍលើគ្រប់វិស័យ តែដោយឡែកនៅក្នុងវិស័យសុខាភិបាលខេត្តកំពង់ធំមានក្រុមគ្រូពេទ្យមួយចំនួនតូចនៅផ្នែកអ្នកជំងឺសង្រ្គោះបន្ទាន់ ដែលអនុវត្តការងារផ្ទុយពីការណែនាំរបស់ថ្នាក់ដឹកនាំ និងមិនគោរពក្រមសីលធម៌ក្របខណ្ឌវិជ្ជាជីវៈសមជាគ្រូពេទ្យនោះឡើយ។ យ៉ាងណាមិញ ដូចនៅក្នុងករណីមរណៈភាពលោកឪពុកខ្ញុំបាទផ្ទាល់ ដែលគាត់បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដែលមូលហេតុបណ្តាលមកពី ការកង្វះខាតក្នុងការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យផ្នែកសង្រ្គោះអ្នកជំងឺបន្ទាន់ខេត្តកំពង់ធំ។

ខ្ញុំបាទសូមអនុញ្ញាតបរិយាយអំពីសាវតារលោកឪពុកខ្ញុំបាទ គឺគាត់មានឈ្មោះ ឡាយ ស៊ុយ លួង មានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានអាយុ៩២ឆ្នាំ សុខភាពទូទៅមានអាការៈល្អធម្មតា។ នៅក្រោមការគិតគូយ៉ាងយកចិត្តទុកដាក់របស់សម្តេចពុកអំពីសុខភាពប្រជាជនកម្ពុជា គឺសម្តេចពុកបានផ្តល់ថ្នាំវាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាជនទូទាំងប្រទេសដោយមិនគិតម្រៃ នៅក្នុងនោះក៏មានរូបខ្ញុំបាទនិងក្រុមគ្រួសារ ព្រមទាំងសាច់ញាតិរបស់ខ្ញុំបាទក៏បានទទួលសេវានេះផងដែរ ហើយជាពិសេសគឺលោកឪពុកឡាយ ស៊ុយ លួង គាត់បានទទួលការចាក់វាក់សាំងឈ្មោះថា “ចនស៊ុនចនស៊ុន(Johnson and Johnson Vaccine)” សម្រាប់ការពារវីរុសកូវីដ១៩កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះ ថ្វីបើខ្ញុំបាទ និងក្រុមគ្រួសារ ក៏ដូចជាលោកឪពុកខ្ញុំបាទបានចាក់វាក់សាំងការពារវីរុសកូវីដ១៩នេះរួចរាល់តាមចំនួនដូសក៏ពិតមែន តែពួកយើងនៅតែបន្តអនុវត្តតាមការណែនាំរបស់សម្តេចពុក និងគោលការណ៍ក្រសួងសុខាភិបាល គឺ៣កុំនិង៣ការពារផងដែរ។ បន្ទាប់ពីបានចាក់វាក់សាំងការពារ លោកឪពុក ឡាយ ស៊ុយ លួង មានអាការៈធម្មតា តែនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១លោកឪពុកឡាយ ស៊ុយ លួង គាត់មានអាការៈគ្រុនក្តៅ ហើយកូនចៅបានមើលថែនិងឱ្យគាត់ពិសារថ្នាំត្រជាក់ លុះដល់នៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១គាត់មានសភាពល្អប្រសើរឡើងវិញ ដោយពិសារអាហារបានធម្មតា និងហាត់ប្រាណបានដូចរាល់ដង ស្រាប់លុះដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ គាត់មានអាការៈគ្រុនឡើងវិញ ពិសារអាហារមិនបាន ជាមួយគ្នានេះកូនចៅខ្លាចលោកឪពុកឡាយ ស៊ុយ លួង មានអាការៈកូវីដ១៩ ដូចនេះក៏បានអញ្ជើញគ្រូពេទ្យមកពិនិត្យគាត់នៅផ្ទះដែលមានទីតាំងនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយក៏បានធ្វើតេស្តរហ័សទាំងអស់គ្នា ក្នុងនោះលោកឪពុកឡាយ ស៊ុយ លួង បានធ្វើតេស្តរហ័សរហូតដល់ទៅ៣ដងឯនោះ តែពួកយើងទាំងអស់គ្នា ព្រមទាំងលោកឪពុកឡាយ ស៊ុយ លួង គឺមិនមានវីរុសកូវីដ១៩ទេ ដោយលទ្ធផលតេស្តបញ្ជាក់ថាអវិជ្ជមាន។

ដោយលោកគ្រូពេទ្យ ឃើញលោកឪពុកឡាយ ស៊ុយ លួង មានអាការៈចុះខ្យោយ តម្រូវឱ្យយកលោកឪពុកឡាយ ស៊ុយ លួង ទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ ហើយបានណាត់រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ធំមកយកលោកឪពុកឡាយ ស៊ុយ លួង នៅពេលរសៀល តែដោយការរងចាំរថយន្តរបស់មន្ទីរពេទ្យខេត្តកំពង់ធំយូរពេក ទើបក្រុមគ្រួសារបានប្រើមធ្យោបាយផ្ទាល់ខ្លួនដើម្បីយកលោកឪពុកឡាយ ស៊ុយ លួង ទៅកាន់មន្ទីរពេទ្យខេត្តកំពង់ធំ។

ករណីរថយន្តរបស់មន្ទីរពេទ្យខេត្តកំពង់ធំនេះមានការយឺតយ៉ាវ ក្រុមគ្រួសារខ្ញុំបាទអាចយល់បាន ព្រោះពួកយើងយល់ថា ដោយសារបរិបទបច្ចុប្បន្ននេះ យើងកំពុងជួបបញ្ហាជំងឺកូវីដ១៩ដែលរថយន្តត្រូវការប្រើប្រាស់ដឹកអ្នកជំងឺច្រើននិងមានភាពមមាញឹកក៏ច្រើន។ តែរឿងដែលខ្ញុំបាទ និងក្រុមគ្រួសារមិនអាចទទួលយកបានគឺសេវាព្យាបាល អាបក្បកិរិយា និងក្រមសីលធម៌ក្រុមគ្រូពេទ្យផ្នែកអ្នកជំងឺសង្រ្គោះបន្ទាន់ខេត្តកំពង់មួយចំនួនដែលធ្វើឱ្យពួកយើងជាក្រុមគ្រួសារមានការខកចិត្តជាខ្លាំង នោះគឺកាលពីវេលាម៉ោងប្រាំល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នៅថ្ងៃដ៏ដែលនោះ ពួកយើងជាក្រុមគ្រួសារបានយកលោកឪពុកឡាយ ស៊ុយ លួង ទៅដល់មន្ទីរពេទ្យខេត្តកំពង់ធំដើម្បីសង្រ្គោះបន្ទាន់ត្រៀមដាក់អ៊ុកស៊ីសែន នៅខណៈពេលនោះលោកឪពុកឡាយ ស៊ុយ លួង កំពុងមានអាការៈហត់ខ្លាំងគួឱ្យអាណិតជាពន់ពេក បែរជាគ្រូពេទ្យនៅផ្នែកអ្នកជំងឺសង្រ្គោះ បន្ទាន់មិនព្រមទទួល ហើយថែមទាំងប្រើភាសាអសីលធម៌ដេញពួកយើងខ្ញុំដែលជាក្រុមគ្រួសាររបស់លោកឪពុកឡាយ ស៊ុយ លួង ចេញក្រៅ ដែលទង្វើអសីលធម៌មិនអាចទទួលយកបាន នេះបង្ហាញឱ្យឃើញថាជាការមិនយកចិត្តទុកដាក់លើអ្នកជំងឺដែលកំពុងត្រូវការជំនួយពីគ្រូពេទ្យក្នុងដំណាក់កាលសង្រ្គោះជីវិត។

ខ្ញុំបាទ និងក្រុមគ្រួសារពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះមន្ទីរខេត្តកំពង់ធំផ្នែកសង្រ្គោះបន្ទាន់នេះណាស់ ដោយសារតែពួកយើងជាក្រុមគ្រួសារទុកចិត្តនិងជឿជាក់លើពេទ្យ ទើបពួកយើងយកលោកឪពុកឡាយ ស៊ុយ លួងទៅមន្ទីរពេទ្យ ដើម្បីឱ្យគាត់ទទួលបានការជួយសង្រ្គោះនិងព្យាបាលពីគ្រូពេទ្យ និងសេវាកម្មពេទ្យ តែបែរជាទុកចោលឱ្យគាត់ស្លាប់យ៉ាងអណោចអាធម្ម ដែលពួកយើងជាក្រុមគ្រួសារមានការសោកសៅអាណិត លោកឪពុក ឡាយ ស៊ុយ លួង ទាំងអលោះអាល័យបំផុត ដែលពួកយើងជាក្រុមគ្រួសារបានត្រឹមតែមើលដង្ហើមចុងក្រោយរបស់គាត់យ៉ាងវេទនារកអ្វីថ្លែងមិនបាន។

ខ្ញុំបាទ និងក្រុមគ្រួសារពុំដឹងអំពីនីតិវិធីនៃការងាររបស់ក្រុមគ្រូពេទ្យខេត្តកំពង់ធំផ្នែកអ្នកជំងឺសង្រ្គោះបន្ទាន់យ៉ាងណានោះទេ តែអ្វីដែលខ្ញុំក៏ដូចជាប្រជាជនទូទៅបានដឹង គឺថាក្នុងនាមជាគ្រូពេទ្យត្រូវតែធ្វើការសង្រ្គោះមនុស្សទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយត្រូវគោរពវិជ្ជាជីវៈក្រមសីលធម៌ជាគ្រូពេទ្យ មិនមែនធ្វើទង្វើអសីលធម៌ដូចដែលខ្ញុំបាទនិងក្រុមគ្រួសារបានជួបផ្ទាល់នោះទេ។

ជាមួយគ្នានេះដែរ កន្លងមកក៏មានការលើកឡើងពីសំណាក់ពលរដ្នក្រុមគ្រួសារអ្នកជំងឺផ្សេងៗមកថា ក្រុមគ្រូពេទ្យមួយចំនួនក្នុងខេត្តកំពង់ធំ ហាក់ដូចជាមិនសូវយកចិត្តទុកក្នុងការជួយសង្រ្គោះអ្នកជំងឺនោះទេ បើនិយាយពីក្រមសីលធម៌ និងការប្រើពាក្យសម្ដីវិញគឺអសុរោះសោះអង្គើយត្រកុះបោះបោកដាក់អ្នកជំងឺ មិនសាកសម្សជាគ្រូពេទ្យសោះឡើយ បើទោះបីអ្នកជំងឺអង្វរសុំឱ្យដាក់អុកស៊ីសែនឱ្យខណៈពេលដែលអ្នកជំងឺហត់ខ្លាំងក៏ដោយ ក៏គ្រូពេទ្យមិនដាក់ឱ្យឡើយរហូតដល់អ្នកជំងឺដាច់ខ្យល់ស្លាប់ ដែលមានការស្រដៀងគ្នាទៅនឹងករណីមរណៈភាពលោកឪពុករបស់ខ្ញុំបាទ ឡាយ ស៊ុយ លួង ផងដែរ។

ក្នុងករណីនេះដែរបើយោងតាមបណ្ដាញព័ត៌មានសៀមរាបប៉ុស្តិ៍ និងបណ្តាញព័ត៌មានផ្សេងៗទៀតកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថាគឺមានការទទួលស្គាល់ពីលោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា«លោកទទួលស្គាល់ថាពិតជាមានចំណុចខ្វះខាតមែន ដោយសារគ្រូពេទ្យមានចំនួនតិច ជាប់ធ្វើចត្តាឡីស័ក  ហើយគ្រូពេទ្យទាំងនោះហត់ខ្លាំង ទើបប្រើប្រាស់សម្ដីអសីលធម៌ខ្លះលើអ្នកជំងឺ។ លោកថា ពាក់ព័ន្ធសុជីវធម៌ លោកធ្លាប់បាន ណែនាំអប់រំ និងកែប្រែ ញឹកញាប់ណាស់ តែបើដឹងគ្រូពេទ្យណាមួយច្បាស់លាស់យើងងាយស្រួលធ្វើការអប់រំគាត់អោយកែប្រែនៅពេលក្រោយទៀត។ ដោយឡែកលោក ប៉ឹក គឹមសាន អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកទទួលស្គាល់ថា “ពិតជាមានចំណុចខ្វះខាតមួយចំនួនមែន ដោយសារតែបច្ចុប្បន្នជាសម័យជំងឺកូវីដ ធ្វើអោយគ្រូពេទ្យរវល់ច្រើន ពុំសូវមានពេលទទួលឱ្យបានដិតដល់ ហើយគ្រូពេទ្យមួយចំនួនជាប់ធ្វើចត្ដាឡីស័ក ទើបធ្វើអោយខ្វះខាតកម្លាំង។ លោកថារឿងក្រមសីលធម៌វិញ គឺធ្លាប់បានពន្យល់និងអប់រំ ណែនាំ កែប្រែ និងផ្សព្វផ្សាយច្រើនដងហើយ។”

ជាមួយគ្នានេះដែរ កន្លងមកប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ធ្លាប់បានធ្វើការស្នើសុំអំពាវនាវអំពីករណីការមិនយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ និងការប្រើភាសាអសីលធម៌ពីក្រុមគ្រូពេទ្យផ្នែកអ្នកជំងឺសង្រ្គោះបន្ទាន់ទៅថ្នាក់ដឹកនាំខេត្តកំពង់ផងដែរ តែរហូតដល់បច្ចុប្បន្ន និងបញ្ហាដែលខ្ញុំបាទនិងក្រុមគ្រួសារបានជួបផ្ទាល់នេះ គឺឃើញថា ពុំទាន់មានចំណាត់ការណាមួយឱ្យមានប្រសិទ្ធភាពក្នុងការកែប្រែក្រុមគ្រូពេទ្យមួយចំនួននៅក្នុងផ្នែកអ្នកជំងឺសង្រ្គោះបន្ទាន់នៅឡើយទេ។ យ៉ាងណាមិញអ្វីដែលខ្ញុំបាទ ក៏ដូចជាមតិមហាជនលើកឡើងនេះ គឺមិនមែនមានចេតនាណាមួយរិះគន់ជាន់ពន្លិចឡើយ គឺក្នុងគោលបំណងចង់ឱ្យមានការកែប្រែ និងស្ថាបនាមន្ទីរពេទ្យខេត្តកំពង់ធំឱ្យមានកេរ្តិ៍ឈ្មោះ មានទំនុកចិត្តពីសំណាក់ប្រជាជនទូទាំងខេត្តកំពង់ធំ និងចង់ឱ្យស្ថាប័ននេះមានភាពល្អប្រសើរ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងក្រមសីលធម៌ និងវិជ្ជាជីវៈជាគ្រូពេទ្យ ដើម្បីជាគំរូល្អៗដូចស្ថាប័នសុខាភិបាលផ្សេងៗដែលតែងគោរពវិជ្ជាជីវៈនិងក្រមសីលធម៌ជាគ្រូពេទ្យ និងអនុវត្តការងារស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើសូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេត្តាពិនិត្យនិងដោះស្រាយដោយក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តី និង ការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ។

ករណីនេះគេនៅពុំទាន់ឃើញមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំចេញលិខិតបំភ្លឺជុំវិញការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនៅឡើយទេ៕SRP លោករដ្ឋមន្ត្រី ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២១

ខេត្តសៀមរាប៖សកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើនៅឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបបានកើតមានយ៉ាងអនាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋនៅឃុំខ្វាវបានឲ្យដឹងថា ការដែលមានបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យបែបនេះ ដោយសារតែមន្ត្រីបរិស្ថានបឹងពែរ និងមន្រ្តីរដ្នបាលព្រៃឈេី ខ្វាវ ប្រចាំនៅឃុំខ្វាវ មិនបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជាថ្នាក់លើ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រុមឈ្មួញបានធ្វើសកម្មភាពកាប់បំផ្លាញ និង ដឹកជញ្ជូនអុសស្រស់ៗ ឈេីតាប់ កូនឈេី ធ្យូងតាមមធ្យោបាយដឹកជញ្ជូនដូចជា គោយន្តកន្រ្តៃរថយន្តកែឆ្នៃ រថយន្តតាកូមា រថយន្តសាំយ៉ុងជាដើម៘

ប្រភពបានឱ្យដឹងថា នៅឃុំខ្វាវមានឈ្មួញជាច្រើននាក់ បានធ្វើសកម្មភាពដឹកជញ្ជូនចេញពីចំណុចឃុំខ្វាវយកទៅចែកចាយនៅក្នុងស្រុកជីក្រែងនិងក្រុងសៀមរាបផងដែរ។

ប្រភពពីប្រជាពលរដ្ឋបានបន្ថែមថា ដោយសារតែមានសកម្មភាពដឹកជញ្ជូនឈើនិងកាប់បំផ្លាញព្រៃឈើនៅតំបន់ឃុំខ្វាវ ច្រើនបែបនេះធ្វើឲ្យព្រៃឈើនៅតំបន់ខាងលើនេះរងការកាប់បំផ្លាញស្ទើរគ្មានសល់។ ដូច្នេះពួកគាត់សង្ឃឹមថាអាជ្ញាធរជំនាញពាក់ព័ន្ធនឹងពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើជាមិនខា។ ជុំវិញទៅនឹងការដឹកជញ្ជូនឈើនៅឃុំខ្វាវនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍មិនអាចទាក់ទងបំភ្លឺពីមន្ត្រីជំនាញបាននៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានផ្ដល់ការណែនាំឱ្យបង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថភាពសង្គមឱ្យបានល្អប្រសើរដើម្បីបង្កបរិយាកាសដល់ការរៀបចំការបោះឆ្នោត និងការអភិវឌ្ឍន៍សង្គមគ្រប់វិស័យនៅមូលដ្ឋាន បន្តទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ម ចំណុចខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព។

សម្ដេច ស ខេង ថ្លែងណែនាំយ៉ាងដូច្នោះនៅរសៀលថ្ងៃសៅរ៍ ទី២ ខែតុលា ម្សិលមិញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ បានរារាំងមិនឱ្យមានការជួបប្រជុំគ្នាដោយផ្ទាល់ ហើយថាជាមួយគ្នានេះ ការចុះបំពេញការងារនៅតាមមូលដ្ឋានរបស់ក្រុមការងារគណបក្សក៏មានមិនសូវមានភាពរលូនល្អដែរ ។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថា ក្រុមការងារគណបក្សគ្រប់ថ្នាក់នៃខេត្តព្រៃវែង បានខិតខំសម្របសម្រួលអនុវត្តសម្រេចបានផែនការសកម្មភាពសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ។

សម្ដេចក្រឡាហោម បានបន្តថាថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សគ្រប់មូលដ្ឋានក្នុងខេត្តព្រៃវែង ក៏បានពុះពារខិតខំប្រឹងប្រែងលើកកម្ពស់ភាពជាម្ចាស់ក្នុងការរែកពន្ធការងារនានា ទាំងការងារគណបក្ស ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការដោះស្រាយជីវភាពប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងគ្រោះធម្មជាតិនានា ព្រមទាំងការគ្រប់គ្រងរដ្ឋបាល ការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការផ្ដល់សេវាសាធារណៈ និងការធានាប្រក្រតីភាពគ្រប់វិស័យនៅមូលដ្ឋាន ។

សម្ដេចក្រឡាហោមបន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៩ខែទៀតប៉ុណ្ណោះ ហេតុនេះកិច្ចប្រជុំនៅថ្ងៃនេះនឹងផ្ដោតលើការរួមគ្នាពិនិត្យពិភាក្សាលើការអនុវត្តកិច្ចការដែលបានអនវត្តកន្លងមក និងកិច្ចការដែលនៅសេសសល់ ដើម្បីកំណត់ទិសដៅការងារត្រូវអនុវត្តបន្តសំដៅរួមគ្នាដណ្ដើមយកជោគជ័យសម្រាប់គណបក្សក្នុងការបោះឆ្នោតខាងមុខ ។

សម្ដេច ស ខេង បានផ្ដល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅតាមវិធានការរាជរដ្ឋាភិបាល ការងារពង្រឹងសមត្ថភាពនិងបទពិសោធន៍ដើម្បីឱ្យយុវជនគណបក្សកាន់តែមានសក្ដានុពល និងការងារបង្ក្រាបបទល្មើសនៅតាមមូលដ្ឋាន ។

សម្ដេចក្រឡាហោមក៏បង្ហាញការកត់សំគាល់លើកិច្ចការសំខាន់ដែលត្រូវបន្តខិតខំរួមគ្នាអនុវត្តចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២១ ដូចជាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នាំ២០២១ ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត ការរៀបចំរបាយការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់អាណត្តិទី៥ និងកំណត់គោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់អាណត្តិទី៥ ការរៀបចំសន្និបាទគណៈកម្មាធិការគណបក្សឃុំសង្កាត់ ការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ និងការពង្រឹងពង្រីកសមាជិកគណបក្ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២១

ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ាសៀងណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប រួមជាមួយនិងរដ្ឋបាលក្រុងសៀមរាប នៅល្ងាចថ្ងៃទី០២ ខែតុលា ម្សិលមិញ បាននិមន្តព្រះសង្ឃចំនួន២១វត្តនៅក្នុងក្រុងសៀមរាប ដើម្បីវេរប្រគេននូវទ័យវត្ថុនិងគ្រឿងឧបភោគបរិភោគ សម្រាប់ដោះស្រាយការខ្វះខាតនិងបញ្ហាប្រឈម នានា ក្នុងទីវត្ត អារាមអំឡុងពេលនៃវិបត្តិជំងឺកូវីដ។

ពិធីនេះស្ថិតក្នុង គេហដ្ឋានរបស់ ឯកឧត្តម អ្នកឧកញ៉ាសៀងណាំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនិងមន្ត្រីក្រោមឱវាទ។

ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានមានប្រសាសន៍ថា កម្មវិធីប្រគេនទេយ្យទាននាថ្ងៃនេះ គឺកើតឡើងដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងសៀមរាប រួមជាមួយនិងក្រុមគ្រួសារ របស់ឯកឧត្តម អ្នកឧកញ៉ា ហើយព្រមទាំង ក្រុមការងាររបស់ឯកឧត្តមអ្នកឧកញ៉ាផងដែរ។ ដោយហេតុថា នៅក្នុងខេត្តសៀមរាប មានការរីករាលដាលជាបន្តបន្ទាប់នូវជំងឺកូវីដ-១៩និងជាខេត្តមួយស្ថិតនៅក្នុងចំណោមរាជធានីខេត្ត ដែលក្រសួងសុខាភិបាលបានចាត់ទុកជាទីតាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ៣កុំ ៣ការពារ ដូច្នេះប្រជាពលរដ្ឋពុំបានចេញក្រៅ ពិបាកយកចង្ហាន់ទៅវត្ត ដែលធ្វើឱ្យវត្តអារាមទាំងឡាយប្រឈមការខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យ៤ជាដើមក្នុងរដូវបិណ្ឌភ្ជុំនេះ។

ឯកឧត្ដមអ្នកឧកញ៉ា ក៏បានបន្ដថា នេះជាសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ បើទោះជាមិនបានច្រើន ប៉ុន្តែក៏អាចជួយសម្រាលបន្ទុក និងដោះទ័លដល់ព្រះតេជគុណគ្រប់ព្រះអង្គបានមួយរយៈផងដែរ ប៉ុន្តែប្រការសំខាន់ សូមអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ មេត្តាជួយក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទរបស់យើងគ្រប់ៗគ្នា ឱ្យពង្រឹងនូវការគោរពតាម វិធានការ៣កុំ និង ៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត។ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃក្នុងមួយវត្តៗមាន៖ អង្ករ ១៥០គីឡូក្រាម .មី៦កេសតូច .  ត្រីខកំប៉ុង១កេស. ទឹកត្រី ២យួរ.ទឹកស៊ីអ៊ីវ៣យួរ.  ស្ករស៨គីឡូក្រាម. ទឹកបរិសុទ្ធ១កេស និងបច្ច័យ ៧០ម៉ឺននរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page772 Page773 Page774 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!