ភ្នំពេញ៖សម្តេចហ៊ុន សែន តាមរយៈសំឡេងមួយផ្ញើទៅកាន់ជនរួមជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើមានការចាត់បញ្ជូនអ្នកជំងឺពីខេត្តមកកាន់រាជធានីភ្នំពេញ នឹងនាំឱ្យមានគ្រោះថ្នាក់ទៅវិញទេ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់»។
ការអំពាវនាវរបស់ សម្តេចហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា មានការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ដែលការបញ្ជូននេះមិនមែនជាការសម្រេចចិត្តរបស់មន្ទីរពេទ្យនោះទេ ប៉ុន្តែជាការបញ្ជូនដោយក្រុមគ្រួសារអ្នកជំងឺ។
សម្តេចបញ្ជាក់ថា ករណីនេះកន្លងទៅបានបង្កឱ្យគ្រោះថ្នាក់ដល់អ្នកជំងឺ ឬកាន់តែធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរថែមទៀត។
សម្តេចហ៊ុន សែន បញ្ជាក់ថា យោងតាមការស្រាវជ្រាវរបស់គ្រូពេទ្យ ប្រសិនបើអ្នកជំងឺនេះធ្វើដំណើរឆ្ងាយតាមរថយន្ត ដោយមានម៉ាស៊ីនត្រជាក់ ធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ទៅវិញ ដែលមកដល់មន្ទីរពេទ្យពិបាកស្រោចស្រង់តែម្តង។
សម្តេចហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិឱ្យទុកចិត្តមន្ទីរពេទ្យរបស់យើង នៅតាមបណ្តាខេត្តដែលយើងបានខិតខំកសាង ក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការពង្រឹងសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យនៅតាមខេត្ត។ ការធ្វើបែបនេះ ដើម្បីចៀសវាងការធ្វើឱ្យកកកុញអ្នកជំងឺនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
«អ្វីដែលជាបញ្ហាធំជាងគេគឺបញ្ហាការពារអាយុជីវិតអ្នកជំងឺ ដើម្បីកុំឱ្យគ្រោះថ្នាក់ដោយការចាត់បញ្ជូន ដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺនោះវិញ តាមរយៈការបញ្ជូនមករាជធានីភ្នំពេញ ដែលគ្មានាករចាំបាច់ ខណៈដែលខេត្តក៏មានលទ្ធភាពព្យាបាលជំងឺនេះដែរ»៕SRP