សម្ដេចតេជោហ៊ុន សែន នៅព្រលប់ថ្ងៃអាទិត្យនេះបានប្រកាសជាថ្មីទៀតថា៖ ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។
អាចមានការភាន់ច្រឡំឬចង់បង្ករឿង
ពីភាគីម្ខាងទៀតដែលគិតថាយើងមិន
អនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅ
ប្រទេសវិញ។
ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។
សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស
នៅតែអាចធ្វើដំណើរបានធម្មតាព្រោះ
គ្មានការប្រយុទ្ធនៅព្រលានយន្តហោះ
ទេ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញឬនៅសៀមរាប។សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។ ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ
តាមផ្លូវអាកាសនៅទីកន្លែងដែលមាន
ជើងហោះហើរមកកម្ពុជា។
ខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ។អ្វីដែលយើងសូមឱ្យផ្អាកគឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕SRP