ខេត្តឧត្តរមានជ័យ៖រយ:ពេលថ្មីៗនេះ តាមរយ: បណ្តាញសង្គម facebook ឃើញមានប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នារអ៊ូរទាំ អំពីបញ្ហាផ្លូវថ្នល់ ផ្លូវលេខ ៦៨ ខូចខាតធ្ងន់ធ្ងរមានជង្ហុកធំៗ ដោយអន្លើៗជាហេតុបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរជាហូរហែផងដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរាយការណ៍ព័ត៌មាន និងផ្តល់បទសម្ភាសន៍ប្រាប់អ្នកយកព័ត៌មាន គេហទំព័រ មាតុភូមិ នៅពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៥ ថា ផ្លូវថ្នល់លេខ ៦៨ ពីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ទៅក្រុងសំរោង សព្វថ្ងៃនេះកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរ ប្រេះបែកក្រហេងក្រហូងមានជង្ហុកធំៗ ជាអន្លើៗពិបាក ក្នុងការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។
ប្រជាពលរដ្ឋបានប្រាប់ថា៖ ការដែលផ្លូវថ្នល់លេខ៦៨ នេះខូចខាត មកពីក្រុមរថយន្តធំៗ ខ្នាតយក្សដឹកថ្ម ដឹកខ្សាច់ ដែក សុីម៉ង់តិ៍ ផ្ទុក ទំនិញដឹកជញ្ជូនមានទម្ងន់រាប់សិបតោន បើកបរបណ្តាក់គ្នារាប់សិបគ្រឿងក្នុង១ថ្ងៃ ពុំមានអាជ្ញាធរ និងសមត្ថកិច្ចណាម្នាក់ចុះហាមឃាត់ទប់ស្កាត់និងបង្ក្រាបអ្វីឡើយ។
ប្រជាពលរដ្ឋបានបន្តទៀតថា ចាប់តាំងពីកើតមានសំណង់អគារ ក្រុមហ៊ុនចិនបានសាងសង់ជាបន្ត បន្ទាប់ នៅលើភ្នំដងរែកមក ផ្លូវថ្នល់លេខ៦៨ និងផ្លូវបេតុងនានា ក្នុងមូលដ្ឋានសង្កាត់អូរស្មាច់ទាំងអស់បានទទួលរងការខូចខាតទាំងអស់ដោយពុំមានការជួសជុលឡើងវិញទេ។ ទោះជាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាសំណូមពរសុំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តឧត្តរមានជ័យឲ្យជួយមានវិធានការទប់ស្កាត់ ឬបង្ក្រាបក្រុមរថយន្តយក្សដឹកថ្ម ដឹកខ្សាច់ ដឹកដែក ស៊ីម៉ង់តិ៍យ៉ាងណាក៏ដោយ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រុមរយន្តយក្សដឹក សម្ភារ: សំណង់ទាំងនោះ គឺសុទ្ធតែជារថយន្តរបស់ឧកញ៉ា គ្រាក់ៗ ដ៏មានឥទ្ធិពលខ្លាំងៗ គ្មានអាជ្ញាធរ និងសមត្ថកិច្ចណាហ៊ានប៉ះពាល់បានទេ មានតែសម្ងំស្ងៀមយកសុខបណ្ដែតបណ្ដោយឱ្យមានការដឹកជញ្ជូនផ្លូវថ្នល់ខូចយ៉ាងពេញបន្ទុក។
ចំណែកមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ មិនខ្វល់ខ្វាយទប់ស្កាត់បង្ក្រាបឬធ្វើការជួសជុលផ្លូវខូចនោះឡើយ។ ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

