ករណីមិនប្រក្រតីនៅខេត្តតាកែវបានផ្ទុះឡើងជាថ្មី បន្ទាប់ពីអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងមន្ត្រីចុះធ្វើអធិការកិច្ចជាបន្ទាន់លើលោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ អភិបាលរងស្រុក ព្រមទាំងបក្ខពួក ជុំវិញបណ្តឹងរំលោភអំណាច និងទន្ទ្រានយកទ្រព្យសម្បត្តិរដ្ឋ។
យោងតាមឯកសារដែលបានចារឯកភាពដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនឹងផ្តោតលើចំណុចចោទប្រកាន់សំខាន់ៗចំនួន ៤ ករណី៖
១. ការរំលោភបំពានលើហេដ្ឋារចនាសម្ព័ន្ធទឹក
លោក កេត ម៉ៅ និងបក្ខពួក ត្រូវបានចោទថាបានគប់គិតជាមួយបុគ្គលឯកជនឈ្មោះ ងន ហ៊ាល ដើម្បីលុបអូរធម្មជាតិ (ផ្លូវទឹកសាធារណៈ) ដែលមានប្រវែងដល់ទៅ ៥០០ម៉ែត្រ នៅឃុំអូរសារាយ ស្រុកត្រាំកក់។
២. ការក្លែងបន្លំឯកសារទន្ទ្រានយកដីបឹង
មានការចោទប្រកាន់ថា អាជ្ញាធរស្រុកបានបណ្តោយឱ្យមានការក្លែងស្នាមមេដៃ និងបង្ខំមេភូមិឱ្យចុះហត្ថលេខា ដើម្បីឈូសឆាយកាន់កាប់ដី “បឹងខ្ពបត្របែក” ដោយខុសច្បាប់។
៣. សំណុំរឿងចាស់នៅស្រុកសំរោង
បណ្តឹងបានលាតត្រដាងថា កាលនៅកាន់តំណែងជាអភិបាលស្រុកសំរោង លោក កេត ម៉ៅ បានទន្ទ្រានយកដីបឹងត្នោតទេរជាច្រើនកន្លែង និងបណ្តោយឱ្យមានការសង់របងរំលោភចំណីបឹងស្លាគូ ប្រវែងជាង ៣,០០០ម៉ែត្រ ដោយគ្មានការត្រួតពិនិត្យ។
៤. អាស្រូវ “មន្ត្រីខ្មោច” និងការកែបន្លំបញ្ជីវត្តមាន
ករណីដែលមហាជនចាប់អារម្មណ៍បំផុតនោះគឺ ការចោទប្រកាន់លើការបើកប្រាក់បៀវត្សខុសប្រក្រតី៖
នៅស្រុកសំរោង៖ បន្តបើកប្រាក់ខែឱ្យមន្ត្រីបាត់បង់សមត្ថភាពការងារយូរឆ្នាំ។
នៅស្រុកត្រាំកក់៖ ក្លែងហត្ថលេខាបើកប្រាក់ខែឱ្យមន្ត្រីឈ្មោះ អ៊ុត សំនិត ដែលបានចេញទៅរស់នៅសហរដ្ឋអាមេរិកជិតកន្លះឆ្នាំទៅហើយ។
“បច្ចុប្បន្ន អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវយ៉ាងច្បាស់លាស់ ដើម្បីប្រមូលភស្តុតាងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការចាត់វិធានការតាមច្បាប់ជាធរមាន”។
សាធារណជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការនេះ ខណៈដែលខេត្តតាកែវ កំពុងក្លាយជាចំណុចក្តៅនៃបញ្ហាដីធ្លី និងអភិបាលកិច្ច៕SRP


