លោកយាយមានជំងឺហើយពិការស្លាប់មួយចំហៀងខ្លួន ដែលមានអាយុ ៩១ឆ្នាំ រស់នៅភូមិថ្នាល់បត់ ឃុំបស្វាយទាប ស្រុកចំការលើ បានទទួលរងគ្រោះថ្នាក់ស្លាប់ដោយសារអគ្គីភ័យ។
ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ ដោយសារអគ្គីភ័យ មូលហេតុឆ្លងចរន្តអគ្គិសនី ធ្វើអោយ ផ្ទះឈើ ប្រក់ក្បឿង ១ខ្នង ទំហំ ៦ម × ១០ម ត្រូវភ្លើងឆេះទាំងស្រុងផងដែរ។
នៅរសៀល ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ ២០២៥ លោក ទូច ឆៃ នាយកសាខាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា រួមដំណើរជាមួយមន្ត្រីអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន ពលរដ្ឋ១ គ្រួសារខាងលើ ឈ្មោះ ឯម សុខុន អាយុ ៦២ឆ្នាំ។
លោក ទូច ឆៃ បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយគ្រួសាររងគ្រោះ ចំពោះ ឧប្បត្តិហេតុដែលកើតឡើងដោយស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន បាត់បង់ ទាំងទ្រព្យសម្បត្តិ លុយកាក់ ក៏ឆេះអស់គ្មានសល់។
លោកនាយកសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយ ទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏ សម្តេច លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
លោកទូច ឆៃ បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្ន អំពីផគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំពិនិត្យផ្លាស់ប្តូរខ្សែអគ្គិសនីចាស់ៗ ហើយភ្ជាប់ចរន្តឡើងវិញ ទៅតាមបទដ្ឋាន បច្ចេកទេស អោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវពង្រឹងស្មារតីទប់អារម្មណ៍ ខិតខំប្រឹងប្រែងរកស៊ីសន្សំលុយកាក់ បង្កើនចំណូលសារជាថ្មី ដើម្បីស្តារសាងសង់លំនៅដ្ឋានឡើងវិញ ពិសេស យកចិត្តទុកដាក់ ថែទាំសុវត្ថិភាពអនាម័យអោយបានល្អ ដោយបោះបង់ទម្លាប់មិនល្អមួយចំនួន ដែលបំផ្លាញសុខភាព និងអាយុជីវិតខ្លួនឯង ពិសេស កាត់បន្ថយអាហារមានជាតិផ្អែម ប្រៃ ហើយរួមគ្នាពង្រឹងសហគមន៍ អោយមានសមត្ថភាពទ្រាំទ្រ និងបន្សាំបាន ជាមួយបញ្ហាប្រឈមដែលបង្កដោយការប្រែប្រួលអាកាសធាតុ ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ពលរដ្ឋរងគ្រោះ អគ្គីភ័យ ១គ្រួសារនេះ រួមមាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ – ទឹកស៊ីអ៊ីវ ២យួរ – មី២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) សម្ភារៈដំណេក សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១,០០០,០០០ រៀល ។
ដោយឡែក ចូលរួមបុណ្យសព៖- អង្ករ ៥០ គក្រ , មី ២កេស , ត្រីខ ២យួរ, ទឹកក្រូច ២កេស និងទឹកសុទ្ធ ២កេស រួមទាំង ថវិកា ៤០០,០០០រៀល ផងដែរ៕SRP