ខេត្តសៀមរាប៖ក្រុមបុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានវិលត្រឡប់ ទៅវិញនៅប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីមន្ទីរការងារ សន្យាថានឹងរកដំណោះស្រាយ ជូនដល់ពួកគាត់ នៅថ្ងៃបន្ទាប់។
បុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS ប្រមាណ៧៥នាក់ នៅថ្ងៃទី២២ខែមករា ឆ្នាំ២០២១ ព្រឹកមិញ នេះ បានលើកគ្នាមកកាន់មន្ទីរការងារ ដើម្បីអោយខាងមន្ទីរ ជួយដោះស្រាយ ការកាត់បន្ថយបុគ្គលិក១៦១នាក់។
ការលើកគ្នាមកតវ៉ានេះ ដំបូងឡើយ ត្រឹមតែអោយខាងមន្ទីរ ជួយរកដំណោះស្រាយតែប៉ុណ្ណោះ លុះពេលខាងមន្ទីរពន្យល់ អំពីគោលការរបស់ក្រុមហ៊ុន ក៏ផ្ទុះការតវ៉ា ហើយនាំគ្នាលើកបដាទៅវិញ។
ក្រុមអ្នកតវ៉ាបានលើកឡើងថា ពួកគាត់ទាំងអស់គ្នា បានបម្រើការងារ នៅទីនោះច្រើនឆ្នាំមកហើយ។ តែពេលនេះ ក្រុមហ៊ុន បែជា បញ្ឍប់បុគ្គលិកតែ១៦១នាក់ទៅវិញ មានន័យថា ក្រុមហ៊ុនប្រកាន់បក្ខពួក។ បើអីចឹងទេ ពួកគេមិនព្រមឡើយ ចាំបាច់ត្រូវរកដំណោះស្រាយអោយសមរម្យ ដោយរក្សាពួកគេទាំងអស់ នៅបម្រើការដដែល។
ជាមួយការវិលត្រឡប់ របស់ក្រុមអ្នកតវ៉ាប្រធានមន្ទីរការងារខេត្តសៀមរាប លោកចន្ទ័ សុខុមចិត្តា បានថ្លែងថា ករណីនេះ ខាងបុគ្គលិក បានដាក់លិខិតទៅក្រសួងដើម្បីសុំអន្តរាគមន៍ហើយ តែក្រសួងសម្រេចអោយខេត្តដោះស្រាយ។
លោកបន្តថា នៅថ្ងៃទី២២ខែមករានេះ មន្ទីរហៅពួកគាត់មកសម្រួល រកដំណោះស្រាយ តាមផ្លូវច្បាប់ តែពួកគាត់មិនស្តាប់ បែជាចោទថា ជារឿងវិវាទ ហើយនាំគ្នាលើកបដាតវ៉ាទៅវិញ។
លោកប្រធានមន្ទីរបន្ថែមថា តាមពិតការកាត់ បន្ថយបុគ្គលិក១៦១ របស់ក្រុមហ៊ុនអាកាសយានដ្ឋាននេះ គឺដោយសារវិបត្តិកូវីដ១៩។ បើភ្ញៀវបរទេស មិនហ៊ានមកលេង ហើយបុគ្គលិក គ្មានការងារធ្វើផង តើបានប្រាក់ឯណា ផ្តល់ជូនពួកគាត់ ចឹងហើយទើបក្រុមហ៊ុនសម្រេចកាត់បន្ថយបែបនឹង។
លោកបញ្ជាក់ថា តាមពិតបុគ្គលិកចំនួន១៣០នាក់ បានយល់ព្រម ទទួលយកប្រាក់ដំណោះស្រាយ របស់ក្រុមហ៊ុនរួចហើយ តែពួកគេនៅតែប្រមូលគ្នា មកតវ៉ាបន្ថែម។ ប៉ុន្តែទោះជាបែបនេះ ក៏ខាងមន្ទីរ នៅតែព្យាយាមរកដំណោះស្រាយ ដល់ពួកគាត់ដែរ ប៉ុន្តែតាមគោលការច្បាប់។
រហូតដល់រសៀលថ្ងៃទី២២ខែមករា នេះ បណ្ដាញ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការឆ្លើយតប ពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMSនៅឡើយទេ ចំពោះការលើកឡើង របស់ក្រុមអ្នកតវ៉ាបែបនេះ៕SRP