ខេត្តសៀមរាប៖ករណីឃាតកម្ម នៅស្រុកអង្គរជុំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំ ឃាត់ខ្លួនជនដៃដល់ក្រោយពីបានធ្វើសកម្មភាពវាយសម្លាប់បុរសម្នាក់រយៈពេលប៉ុន្មានម៉ោងក្រោយមក។
សមត្ថកិច្ចស្រុកអង្គរជុំបានរាយការណ៍ថា ករណីនេះបានកើតឡើង វេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នៅចំណុច ភូមិ រាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។
សមត្ថកិច្ចស្រុកអង្គរជុំបានបន្តថា ការឃាត់ខ្លួនជនដៃដល់ នៅម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិ រលំ ឃុំស្រែខ្វាវ ខាងត្បូងកន្លែងកើតហេតុប្រមាណ៤គីឡូម៉ែត្រ។ ជនសង្ស័យឈ្មោះ ផាន់ សូយ ភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិ កើតហេតុខាងលើមុខរបរកម្មករ។ ចំណែកជនរងគ្រោះ ឈ្មោះ សឿយ អឿយ ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។
ក្រោយពីបានយកមកសាកសួរឈ្មោះ ផាន់ សូយ បានសារភាពថា រូបខ្លួនពិតជាបានយកដំបងឈើវាយសម្លាប់ជនរងគ្រោះឈ្មោះ សឿយ អឿយ ប្រាកដមែន។ មូលហេតុ៖ ដោយសារឈ្មោះសឿយ អឿយ បានខឹងរូបខ្លួនថាឲ្យរូបគេ រឿងចូលបន្ទប់ទឹកយូរ ក្រោយពេលចេញពីបន្ទប់ទឹករួចជនរងគ្រោះបានទាញដំបងឈើរកវាយមកលើរូបខ្លួន ទើបពេលនោះរូបខ្លួន បានទាញយកដំបងឈើជ្រុងប្រវែងប្រហែល ១០០សង់ទីម៉ែត្រ វាយតបទៅលើជនរងគ្រោះចំនួន៤ដំបង (ត្រូវក្បាល១ដំបងនិងស្មា០៣ដំបង)។ បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ ព្រមទាំងវត្ថុតាង ការិយាល័យជំនាញកំពុងតែអនុវត្តន៍តាមនីតិវិធី៕SRP


