ខេត្តរតនគិរី៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យខិតខំថែរក្សា និងការពារព្រៃឈើ ព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតដែលមានក្នុងខេត្តឱ្យបានល្អ។
សម្ដេចស ខេង ក៏បានណែនាំអភិបាលខេត្តថ្មី រួមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពិសេសកម្លាំងការពារព្រំដែន សូមការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែនដើម្បីជំរុញការអភិវឌ្ឍព្រំដែនឱ្យទៅជាព្រំដែនមានទាំងសន្តិភាព និងរីកចំរើនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
សម្ដេចសខេងមានប្រសាសន៍នៅ ថ្ងៃអង្គារ៍ ទី១២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តរតនគិរី។
សម្ដេចបានផ្ដល់អនុសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តរតនគិរី បន្តខិតខំថែរក្សាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ ដែលជាគន្លឹះនៃធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផងដែរ។
សម្ដេចស ខេង ក៏បានផ្ដល់ទស្សនៈឱ្យថ្នាក់ដឹកនាំ និងមន្ត្រីចំណុះរដ្ឋបាលខេត្តទាំងអស់ ខិតខំប្រមូល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យបានល្អ បើកចិត្តឱ្យបានទូលាយដើម្បីទទួលយកមតិរិះគន់កែលម្អរ និងសំណូមពរនានាពីប្រជាពលរដ្ឋ និងពីមជ្ឈដ្ឋាននានា។ ជាមួយគ្នានេះ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យបានល្អ ផ្ដល់សេវាសាធារណៈដោយគ្មានការរើសអើង និងប្រកាន់និន្នាការនយោបាយ។
សូមជម្រាបថាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី ជំនួសលោក ថង សាវុន ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តមណ្ឌលគិរី៕SRP


ខេត្តសៀមរាប៖លោកស៊ុំ ម៉ាប់ ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២ តាមរយៈកិច្ចប្រជុំលើក ទី៩ របស់ក្រុមរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ពីព្រោះក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតក វប្បធម៌ទាំងរូបីយ និងអរូបីយ ដែលជាគោលដៅ ទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញក្នុងពិភពលោក។ លោកថា ដោយឡែកព្រឹត្តិការណ៍ដាំដើមឈើ និង ជិះកង់ក្នុងរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោកពេលនេះ ជាកម្មវិធីមួយដែលក្រសួងវប្បធម៌រៀបចំឡើង ដើម្បីបង្ហាញពីសក្ដានុពលរបស់ក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ដ៏ល្បីល្បាញ របស់កម្ពុជា ទៅដល់ប្រទេសដែលជាសមាជិកផងដែរ។
ខេត្តព្រះសីហនុ៖លោកសាយ សំអាល់ បានណែនាំដល់មន្ត្រីមូលដ្ឋាន ឲ្យបន្តបង្កើនធ្វើអំពើល្អ និងបម្រើពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀតព្រោះជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។