ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានកាត់ដីចំនួន៦៤៩ហិកតា ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ទៅឱ្យក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯក របស់អ្នកឧកញ្ញ៉ា ជឹង សុគន្ធារី ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ។
បើតាមអនុក្រឹត្យ ចុះកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការផ្ដល់សិទ្ធិអភិវឌ្ឍន៍លើដីររបស់រដ្ឋ (សម្បតិ្តឯកជនរបស់រដ្ឋ) ទៅឱ្យក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) ខណៈម្ចាស់ក្រុមហ៊ុនដដែលនេះ ទើបតែទទួលបានដីចំនួន២២២ហិកតារ របស់រដ្ឋស្ថិតនៅភ្នំគិរីរម្យផងដែរនោះ គឺសម្រាប់ធ្វើការវិនិយោគ លើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ។
អនុក្រឹត្យបញ្ជាក់យ៉ាងដូច្នេះថា ផ្ទៃដីទំហំ៦៤៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រដ្ឋាភិបាល បានធ្វើការអនុប្បយោគ ប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បតិ្ត សាធារណៈរបស់រដ្ឋ មកជា ទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ តាមរយៈការផ្ដល់សិទ្ធិជួលឱ្យក្រុមហ៊ុនឯកជនមួយឈ្មោះ វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) ដើម្បីយកទៅអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។
អនុក្រឹត្យដដែលនេះ បានបញ្ជាក់ថា ក្រសួងបរិស្ថានដែលជាអ្នកកាន់កាប់ទ្រព្យសម្បត្តិ បន្តនិតិវិធីចាត់ចែងកិច្ចការងារនេះ ដោយមានកិច្ចសហការ ជាមួយក្រសួងសេដ្ឋកិច្ច ជាអាជ្ញាធរគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ និងក្រសួងពាក់ព័ន្ធ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕SRP
អ្នកឧកញ្ញ៉ា ជឹង សុគន្ធារី ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ


