Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៣

ក្រុមហ៊ុន PNT កំពុងទទួលរងការរិះគន់ថាបានទទួលទិញឈើដោយខុសច្បាប់ ដែលមេឈ្មួញម្នាក់ បានគៀងគរប្រជាពលរដ្ឋ ឲ្យចូល កាប់បំផ្លាញព្រៃឈេីនៅក្នុងតំបន់ ស្នូលព្រៃឡង់។

ប្រភពបានឲ្យដឹងថា មេឈ្មួញបានបំផុសបំផុលគៀងគរ ឲ្យ ប្រជាពលរដ្ឋចូលទៅកាប់បំផ្លាញព្រៃឈេី ក្នុងតំបន់ ស្នូលព្រៃឡង់រួមមានខេត្ត៤គឺ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសឹ្ទងត្រែង និងខេត្តក្រចេះ ហើយបានដឹកជញ្ជូនឈើចេញតាមចំណុចច្រកអូរងាវ ប្រភេទឈេី(ឃ្លុំ) ដោយឡាន (វេអង)។

ប្រភពបានឲ្យដឹងថានៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៌មាន ប្រទះឃើញឡាន (វេអងចំនួន ៥ គ្រឿងចេញ តាមច្រកអូរងាវ ស្ថិតក្នុង ឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចេញមកតាមផ្លូវកាត់ព្រៃអង់តែន ដឹកកាត់តាមមុខស្នាក់ការមេព្រៃ(៤៤) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៦ ទៅទីក្រុងភ្នំពេញ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវច្រក(អូរងាវ) ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំ បានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ឡានប្រភេទ វេអង នេះ គេដឹកឈើចេញពីព្រៃឡង់ជារៀងរាល់យប់ មិនទាន់មានមន្ត្រីជំនាញធ្វើការទប់ស្កាត់នោះទេ។

ជុំវិញការការរិះគន់ប្រកាន់បែបនេះ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុនក្រុមហ៊ុន PNT នៅឡើយទេ។ ពាក់ព័ន្ធទៅនឹងក្រុមហ៊ុននេះ PNT កន្លងមក គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិបានចេញសេចក្ដីប្រកាសព័ត៌មាន ថា ក្រុមហ៊ុននេះ PNT មិនបានធ្វើការទទួលទិញឈើខុសច្បាប់ដូចព័ត៌មានបានចុះផ្សាយនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៣

ក្នុងសាររបស់សម្ដេចហ៊ុន សែន តាមប្រព័ន្ធតេលេក្រាម ដែលបានបង្ហោះចែកចាយនៅរាត្រីថ្ងៃសុក្រយប់មិញ ដោយបានលើកឡើងថា តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្តាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែ ការពារអ្នកប្រឆាំង?

សម្ដេច ហ៊ុន សែន បានសរសេរថា៖ យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយតែខ្ញុំមិនទាន់សម្រាកទេព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។ ផែង វណ្ណះ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនសុីលុយបរទេសទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មាន រហូតដល់វិទ្យុវីអូឌីស្លាប់ ដែលគ្មានពេលចាប់ជាតិ។ (ខ្ញុំមិនកាន់ជើងផែង វណ្ណះទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំក្រោយនាងស្លាប់ ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់មុឺនដងប្រៀបជាមួយការដែលផែង វណ្ណះ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។

សម្ដេច ហ៊ុន សែន បន្តថា ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថ ភរិយាខ្ញុំក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូនម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។

តើអង្គការទាំង៤០នេះ ក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្តាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕ ម៉ោង1.49នាទីថ្ងៃ១៧កម្ភះ២០២៣

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម៖ក្នុងពិធីប្រកាសខេត្តកំពង់ចាមជាខេត្តអស់មីន នៅថ្ងៃព្រហស្បតិ៍ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា តាមរយៈគម្រោង សម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្តិភាព បង្កើតស្នាមញញឹម” ចាប់ពីខែសីហា ឆ្នាំ២០២២មក បានធ្វើការបោសសម្អាត ចម្ការមីនដែលនៅសេសសល់ ក្នុងទឹកដីខេត្តកំពង់ចាម ចំនួន ១១ចម្ការ ស្ថិតនៅ ក្នុងស្រុក ចំនួន៤ រួមមាន៖ ស្រុកបាធាយ ២ចម្ការ ស្រុកចំការលើ ២ចម្ការ ស្រុក ស្ទឹងត្រង់ ២ចម្ការ និងស្រុកកងមាស ៥ចម្ការ ដែលមានផ្ទៃដីសរុបជាង ១លានម៉ែត្រក្រឡា និងបានកម្ទេចចោល មីនប្រឆាំងមនុស្ស ចំនួន ៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៣គ្រាប់។​

ក្នុង​ពិធី​ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន បានថ្លែងថា៖ នៅខេត្តកំពង់ចាម គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សរុបប្រមាណជាង ៤៦,២ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៤៩ចម្ការមីន /គ្រាប់ ត្រូវបានបោសសម្អាតរួចដោយរកឃើញ និងកំទេចចោលគ្រាប់មីន ប្រឆាំងមនុស្ស ចំនួន ១៤០៦គ្រាប់ មីនប្រឆាំងរថក្រោះ ១៤២គ្រាប់ និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដទៃទៀត ៦៣ ៥៧៤គ្រាប់ ដោយប្រតិបត្តិករ ជាតិចំនួន ២ រួមមាន អង្គភាពស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

លោកលី ធុជ បានសង្កត់ធ្ងន់ថា ភូមិអស់មីន ឬខេត្ត អស់មីន មិនមែនជាភូមិ ឬជាខេត្ត អស់ការ គម្រាមពីយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ ពីព្រោះ​ថា​ខេត្តកំពង់ចាម នៅសល់ ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង ៦៧គីឡូម៉ ត្រក្រឡា ស្មើនឹង ៣៩០ចម្ការគ្រាប់ទៀត​។

មាន​ប្រសាសន៍​ក្នុង​ពិធី​ លោកហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ តំណាង សម្តេចហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមប្រតិបត្តិករវិស័យមីនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះជីវិត និងរំដោះផ្ទៃដី ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ និងកសាងហេដ្ឋារចនា សម្ព័ន្ធសាធារណៈ ធានាដល់ ការអភិវឌ្ឍកម្ពុជាប្រកបដោយសុវត្ថិភាព ជាក់ស្ដែងនាថ្ងៃនេះបានរំដោះផ្ទៃដី និងប្រកាសខេត្តកំពង់ចាម អស់មីន។

លោក ហ៊ុន ម៉ានិត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយទស្សនវិស័យ របស់ សម្តេច តេជោ បានជំរុញឥតឈប់ឈរដល់កិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពមីន និងតែងតែចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពដ៏ចំបងនៅក្នុងសកម្មភាពស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការឈានទៅសម្រេចបាននូវផែនការ យុទ្ធសាស្ត្រ កាត់បន្ថយភាពកីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដែលត្រូវបញ្ចប់ការងារបោសសម្អាតមីន ឲ្យអស់ត្រឹម ឆ្នាំ២០២៥ ដោយរយៈពេល ៣០ឆ្នាំកន្លងមកនេះ គឺសម្រេចបាននូវសមិទ្ធផលដ៏ធំធេងណាស់ ដោយយើងរំដោះផ្ទៃដី បានរាប់ពាន់គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ ដែលមានអ្នកទទួលផលប្រមាណជាង ៩លាននាក់។ ដូច្នេះកម្ពុជាគឺស្ថិតក្នុងចំណោមប្រទេស ក្នុងពិភពលោក ដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗខណៈជិះម៉ូតូទៅបុកគោយន្តកន្ត្រៃ។

ហេតុការណ៍បានកើតឡើង ម៉ោង២០និង ៣០ ថ្ងៃទី១៥ ខែកម្ភ: ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦៤ នៅភូមិត្រាចពក ឃុំពពេល​ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូ ហុងដា ពណ៌ក្រហម ​ ស្លាកលេខសៀមរាប 1B-7464 បើកបរក្នងទិសដៅពីជើងទៅត្បូង បានទៅបុកប៉ះពីក្រោយចំហៀងខាងឆ្វេងគោយន្តកន្ត្រៃ Kubota ពណ៌ក្រហម​ បើកបរស្របទិសគ្នាពីជើងទៅត្បូង ក្នុងនោះ
ខូចខាត ម៉ូតូ១ គ្រឿង ផងដែរ។ មូលហេតុ  អ្នកបើកបរម៉ូតូ បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ វត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកដើម្បីបន្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៣

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃ របស់ឯកឧត្តម យ៉ូស៊ីដា ហើយបានជម្រាប ជូនពីដំណើរការស្វែងរកសន្តិភាព របស់កម្ពុជា ដែលជាប្រទេសបានរងការបែកបាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនោះ ពិតជាពិបាកណាស់ កម្ពុជាបានរងនូវការបាត់បង់ស្ទើរទាំងអស់។ មួយចំណែកទៀត កម្ពុជារងនូវការកាប់សម្លាប់អស់ជាង ៣លាននាក់។ ក្នុងនាមជាយុវជនមួយរូប សម្ដេច គ្មានជម្រើសផ្សេងទេ មានតែការកសាងទ័ព តស៊ូ ចចារ និងយកជីវិតទៅប្ដូរ ដើម្បីសន្តិភាព។ មានសន្តិភាព ទើបមានអ្វីៗទាំងអស់ គ្មានសន្តិភាពទេ គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ គ្មានទេសិទ្ធិមនុស្ស ព្រោះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនជ្រកក្រោមសង្គ្រាមទេ ជាក់ស្ដែងដូចជា ស្ថានភាពនៅអ៊ុយក្រែន ជាឧទាហរណ៍ស្រាប់។

សម្ដេចហ៊ុន សែន ប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស
អនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នៅវិមានសន្តិភាព នៅថ្ងៃព្រហស្បតិ៍នេះ។

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឲ្យដឹងអំពីលទ្ធផលជំនួប ថា ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម នាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅ ព្រះរាជាណាចក្រកម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣។

ឯកឧត្តម យ៉ូស៊ីដា បានសម្ដែងនូវការគោរពជូនសម្ដេចតេជោដែលបានកសាងទ័ព ដឹកនាំទ័ព និងដឹកនាំកិច្ចចរចានាំមកជូនកម្ពុជា នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកឧត្តម យ៉ូស៊ីដា បានបន្ថែមថា បើសិនគ្មានសម្ដេចតេជោទេ គឺគ្មានទេសន្តិភាពឡើយ។ ឯកឧត្តម នឹងជំរុញពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព មិនមានអ្នកដើរពីមុខ ឬអ្នកដើរពីក្រោយ គឺដៃគូស្មើភាពគ្នា ដើម្បីបម្រើឱ្យការងារមនុស្សធម៌ផង និងរក្សាសុខសន្តិភាពផង។ ក្នុងន័យនេះ ឯកឧត្តម យ៉ូស៊ីដា បានគោរពស្នើសុំការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី។

សម្ដេចហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជា ក្នុងដំណើរការចរចា និងប្រតិបត្តិការស្វែងរកសន្តិភាព និងតែងតែជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ សហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យសេចក្ដីសុខសន្តិភាព របស់ប្រជាជនទាំងពីរផង ទាំងក្នុងតំបន់ និងក្នុងពិភពលោកផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ក្មេងទំនើងចំនួនបីនាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការឃាត់ខ្លួន ក្រោយមានការដេញកាប់គ្នាដូចរឿងហុងកុង បន្ទាប់ពីទំនាស់ពាក្យសម្ដីក្នុង ក្លឹប Temple។

ការឃាត់ខ្លួនបានជន ធ្វើឡើងនៅវេលាម៉ោង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី ១៥ ខែកុម្ភ: ត្រង់ចំណុចជ្រុងខាងត្បូង ផ្សារចាស់ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េត ស្នងការ រង នគរបាលខេត្ត ទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឱ្យដឹងនេះថា ជនសង្ស័យទាំង៣នាក់៖ ទី១. ឈ្មោះ ប៉ៃ សូរិយា ភេទប្រុសអាយុ ១៥ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី២.ឈ្មោះ មុំ វណ្ណះ ភេទប្រុស អាយុ១៣ ឆ្នាំ (ឆ្នាំកំណើត ០១.០៩.២០០៩) មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាមក្រុងសៀមរាប (អាណាព្យាបាលធានាត្រឡប់ទៅផ្ទះវិញ)។ ទី៣. ឈ្មោះ សឺ ពិទិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ពាក់ព័ន្ធករណី៖ ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស ( ប្រើកាំបិតកែឆ្នៃ ដេញកាប់ជនរងគ្រោះ ) កាលពីវេលា ម៉ោង ០៤ និង ១៥នាទី ទាបភ្លឺ ឈានចូលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចជ្រុងខាងត្បូងបរិវេណផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េត បន្តថាជនរងគ្រោះ ឈ្មោះ ចំប៉ា នីហ្សា ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

តាមចម្លើយរបស់ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពដូចៗគ្នាថា៖ ពួកខ្លួនទាំង៣នាក់ និងបក្សពួក ៦នាក់ទៀត ( រត់គេចខ្លួន ) ពិតជាបាន ធ្វើសកម្មភាព ដេញកាប់ទៅលើក្រុមជនរងគ្រោះពិតប្រាកដមែន ប្រដាប់ដោយ កាំបិតកែឆ្នៃ ០១ដើម និង ខ្វែវ ០១ ជិះម៉ូតូ ០៣គ្រឿង ទៅផឹកស៊ី ក្នុងក្លឹប Temple ពេលកំពុងផឹកស៊ី ក៏មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ នៅពេលជនរងគ្រោះ នាំគ្នាជិះម៉ូតូ ចេញ ពួកខ្លួនបាននាំគ្នា ចេញមក តាមក្រោយ ដោយខលហៅមិត្តភ័ក្រ ចំនួន ៦នាក់ឱ្យយកកាំបិត និងខ្វែវ មកឱ្យ ក្រោយពេលជិះមកដល់ចំណុចជ្រុងខាង ត្បូង ផ្សារចាស់ ពួកខ្លួនបាននាំគ្នាកាប់ទៅ លើក្រុមជនរងគ្រោះ ប៉ុន្តែពួកគេគេចផុត ពួកខ្លួនក៏ដេញតាមកាប់ទៀត ស្រាប់តែពេលកំពុងធ្វើសកម្មភាព ក៏មាន ប៉ូលីសអន្តរាគមន៍មកដល់ ក៏ឃាត់ពួកខ្លួនទាំង ០៣នាក់ រួមទាំង កាំបិត ១ដើមតែម្តង ចំណែកបក្សពួក ៦នាក់.ផ្សេងទៀត បានរត់គេចខ្លួនបាត់តែម្តង។

ជនសង្ស័យ ២នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់នឹងដោះលែង ម្នាក់ អាយុ១៣ឆ្នាំ តាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយឱ្យអាណាព្យាបាល ជាអ្នកមកធ្វើកិច្ចសន្យាធានាត្រឡប់ទៅផ្ទះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៣

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានប្រកាសថា
សម្រេចឲ្យកីឡាករ កីឡាការិនី រងរបួស ដោយការប្រកួត ព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមិនតម្រូវបង់ប្រាក់។

ការប្រកាសធ្វើឡើងនៅថ្ងៃពុធនេះ តាមរយៈប្រព័ន្ធតេលេក្រាម ដែលអង្គភាពសៀមរាប៉ុស្ដិ៍ ទទួលបាន។

ខាងក្រោមនេះគឺជាសំណេររបស់សម្ដេចតេជោហ៊ុនសែន៖ បងប្អូនកីឡាករកីឡាការិនី!កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។

ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន ដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយា ខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។

ដោយមើលឃើញនូវការលំបាកបែបនេះព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិ
ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី១០០ ទៅ២០០គ្រែ។ ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។

សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម​ ទៀ​ សីហា​ អអភិបាលខេត្តនិងលោកជំទាវ នៅថ្ងៃអង្គារ ម្សិលមិញ បានអញ្ជេីញ ទទួលបដិសណ្ឋារកិច្ច​ ឯកឧត្តម ហ្វ្រាំង វ៉លធ័រ ស្ទែនម៉ៃយ័រ (HE. Mr. Frank-Walter Steinmeier) ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ អែលឃឹស ប៊ូដឹនបិនឌើ ( Mrs. Elke Büdenbender) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

ការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ការអញ្ជើញដល់ទឹកដីខេត្តសៀមរាប របស់ឯកឧត្តម ហ្វ្រាំង វ៉លធ័រ ស្ទែនម៉ៃយ័រ (HE. Mr. Frank-Walter Steinmeier) ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ អែលឃឹស ប៊ូដឹនបិនឌើ ( Mrs. Elke Büdenbender) ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៤ – ១៦ ខែកុម្ភៈ ឆ្នាំ២០២៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ បាន​ប្រាប់ដល់​មន្ទីរ​សាធារណការ​ ត្រូវបន្តពង្រឹងការងារស្ថាបនា ស្តារ ជួសជុល ពង្រីក និងថែទាំជាប្រចាំ ផ្លូវ-ស្ពាន​ លូ ប្រកបដោយគុណភាព សោភណ្ឌភាព និងរក្សាបានសុវត្ថិភាព ដើម្បីចូលរួមក្នុងការ កាត់បន្ថយភាពក្រីក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ព្រមទាំង​ជួសជុល ឬអ៊ុតឡើងវិញ ឬដាក់ថ្មី នូវបរិក្ខាចរាចរណ៍ដូចជា គំនូស សញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលគីឡូម៉ែត្រ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម​ នៅរសៀលថ្ងៃថ្ងៃអង្គារ នេះ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានណែនាំ​ដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​ ត្រូវបន្តពង្រឹងការងារផ្តល់សេវាសាធារណៈ ដូចជាការចុះបញ្ជី ការផ្តល់បណ្ណបើកបរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។​

អភិបាលខេត្តកំពង់ចាម​ រូបនេះ ក៏បាន​ជំរុញ​ឱ្យ​បន្តចុះអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីយានដ្ឋានជួសជុល កែច្នៃ និងដំឡើងយានយន្ត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឱ្យគោរពតាមបទដ្ឋានបច្ចេកទេស និងលក្ខណៈបច្ចេកទេស ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងដោយយានយន្តគ្រប់ប្រភេទខុសលក្ខណៈបច្ចេកទេស និងលុបបំបាត់ ចោលទាំងស្រុងយានយន្តខុសលក្ខណៈបច្ចេកទេសធ្វើចរាចរណ៍លើដងផ្លូវ​។​

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ​ ត្រូវ​សហការជាមួយអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះអប់រំផ្សព្វផ្សាយ និងចាត់ វិធានការបន្ទាន់ចំពោះសំណង់មិនរៀបរយ តូបលក់ដូ ដែលរំលោភបំពានដីចំណីផ្លូវ។ ជាពិសេស​ត្រូវ​ចុះអប់រំណែនាំ និងចាត់វិធានការបន្ទាន់ដល់ ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន ដែលចាក់ដីលុបមុខទឹក ដោយដាក់លូមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស​ផងដែរ​។

បេីតាម​របាយការណ៍​របស់​ លោក​សុខ​ លឹមហៀង​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ចាម​ បានឱ្យដឹងថា​ ការងារចុះបញ្ជីយានយន្ត សរុបចំនួន ១.១៧៨គ្រឿង ក្នុងនោះ រថយន្តដឹកអ្នកដំណើរ ធុនធំមាន ៧គ្រឿង រថយន្តដឹកទំនិញធុនធំមាន ១.១៧១គ្រឿង​ បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សរុបចំនួន ២៩.៦៧០គ្រឿង ក្នុងនោះ រថយន្តទេសចរណ៍មាន ១២.០៨១គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូចមាន ៣.២០០គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំមាន ៩៦គ្រឿង រថយន្តដឹកទំនិញធុនតូចមាន ៥.៩៣៦គ្រឿង និង​រថយន្តដឹកទំនិញធុនធំមាន ៨.៣៥៧គ្រឿង​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ បានបង្ហោះសារតាមហ្វេសប៊ុកថា៖
ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មាន
ឱកាសបើកឡើងវិញនិងដោយគិតទៅ
ដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារ
ធ្វើដោយកំហុសមេដឹកនាំ។
ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការ
រដ្ឋ។
សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួង
មុខងារសាធារណៈដើម្បីដាក់ពាក្យសុំ
ធ្វើការ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។
សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុង
របស់យើងហើយយើងសូមបញ្ជាក់ថា
នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់
យើងនោះឡើយ។ជនបរទេសគ្មានសិទ្ធិ
មកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ
តាមការចង់បានរបស់ពួកគេឡើយព្រោះ
នេះជាកិច្ចការផ្ទៃក្នុងរបស់យើង។
ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌
មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាព
សារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយ
ទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និង
ពង្រឹងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន
នៅកម្ពុជាថែមទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៥:១០ នាទី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។

តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនេះ បានពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៣

នៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ ក្នុងការជំរុញទំនាក់ទំនងលើគ្រប់វិស័យ ពិសេសលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកទាំងអស់ កាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀត ពិសេសការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧ និងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវនិងឡាវ-កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page186 Page187 Page188 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×