ខេត្តកំពង់ចាម៖លោកលឹម ស៊ីដេនិន រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ប្រវែងសរុប ៤៥,៤៨៩ គម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីដោះស្រាយផលប៉ះពាល់ និងការងាររៀបចំផ្សេងៗហេីយ។
លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំ ពិនិត្យផលប៉ះពាល់គម្រោងពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ នៅសាលាខេត្តកំពង់ចាម នៅថ្ងៃសុក្រនេះ។
ក្នុងកិច្ចប្រជុំ លោកបានណែនាំថា ដំណាក់កាលអនុវត្តគម្រោង ត្រូវធ្វើការអង្កេតវាស់វែងលម្អិត និងវាយតម្លៃអំពីផលប៉ះពាល់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព និងមិនលម្អៀង ត្រូវគណនាចំនួនប្រាក់សំណងឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ គោលការណ៍ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល ត្រូវពន្យល់ផ្សព្វផ្សាយអំពីមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសម្របសម្រួលឱ្យប្រជាពលរដ្ឋ រុះរើដោយស្ម័គ្រចិត្ត ជាពិសេសចំពោះសំណង់ស្រាលៗ ពិសេសគឺមិនត្រូវជ្រៀតជ្រែក ឬអន្តរាគមន៍ដែលនាំឱ្យជះឥទ្ធិពលដល់ដំណើរការការងារដោះស្រាយ ផលប៉ះពាល់ឡេីយ។
លោក លឹម ស៊ីដេនិន បានបន្តថា តំណាក់កាលក្រោយការអនុវត្តគម្រោង ត្រូវសម្របសម្រួល និងចាត់វិធានការម៉ឺងម៉ាត់ ដើម្បីធ្វើការរុះរើសំណង់ និងទ្រព្វសម្បត្តិ ដែលបានដោះស្រាយរួច ត្រូវធានាថាការឈូសឆាយទីតាំងគម្រោងស្របតាមរបៀងនៃផលប៉ះពាល់ និងត្រូវ ទទួលខុសត្រូវក្នុងករណីមានការបំពានកាតព្វកិច្ចនេះ ត្រូវពង្រឹងការគ្រប់គ្រង និងទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់សារជាថ្មី និងការសង់ លើទីតាំងដែលបានដោះស្រាយផលប៉ះពាល់រួច ត្រូវរៀបចំចុះបញ្ជីជាដីសាធារណៈនូវរាល់ដីឯកជនដែលបានធ្វើលទ្ធកម្មរួច ត្រូវទប់ស្កាត់ និងមិនត្រូវចូលរួម ឬបង្កភាពងាយស្រួលដល់សកម្មភាពទន្ទ្រានកាន់កាប់ដី និងទ្រព្យសម្បត្តិដែលបានដោះស្រាយរួចឡេីយ។
រដ្ឋលេខាធិកាក្រសួងសាធារណការ បានសង្កត់ធ្ងន់ថា មន្ត្រីមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់មិនត្រូវទិញ-លក់ ដោះដូរ ឬធ្វើលទ្ធកម្មដី ដើម្បីផលប្រយោជន៍ឯកជននៅតាមទីតាំងជាក់លាក់របស់គម្រោងនៅគ្រប់ ដំណាក់កាលនៃការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងជាដាច់ខាត ដរាបណាការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងមិនទាន់ត្រូវបានបញ្ចប់ជា ស្ថាពរ។ ការហាមឃាត់នេះត្រូវអនុវត្តផងដែរចំពោះសហព័ទ្ធ និងសាច់ញាតិរបស់មន្ត្រីមាន សមត្ថកិច្ច រាប់ទាំងញាតិលោហិត និងញាតិពន្ធតាមការកំណត់របស់ច្បាប់ផងដែរ៕SRP



