Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២៥

ឯកឧត្តមសុខ លូ ចុះសួរសុខទុក្ខយុវតីជាពលករ រងគ្រោះដោយអំពើរំលោភបំពានរបស់ទាហានឈុតខ្មៅថៃ

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីត្រូវបានទាហានឈុតខ្មៅរបស់ថៃរំលោភបំពានលើរាងកាយ។

ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៅពេលដែលស្ត្រីរងគ្រោះ (អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ) និងពលករខ្មែរប្រុសស្រីជាង ១០នាក់ទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងពេលនោះក្រុមទាហានឈុតខ្មៅថៃប្រមាណ ៧នាក់ បានចាប់វាយដំ ទាត់ធាក់ ធ្វើទារុណកម្មលើ ពលករប្រុសៗ និងបានចាប់រំលោភបំពានរាងកាយនារីរងគ្រោះរូបនេះ ព្រមទាំងជំរិតទារប្រាក់ និងប្លន់យកទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តម សុខ លូ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។

ឯកឧត្តមអភិបាលខេត្តក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានលើកទឹកចិត្តដល់ស្រី្តរងគ្រោះ និងក្រុមគ្រួសារ ឱ្យមានស្មារតីរឹងមាំឡើងវិញ។

ឯកឧត្តមក៏បានបន្តមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យបានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ខណៈស្ថានភាពយុវតីរងគ្រោះបានល្អប្រសើរឡើងវិញជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងថ្កោលទោសអំពើដ៏ស្មោកគ្រោករបស់ក្រុមទាហានឈុតខ្មៅថៃនេះ។
ក្រុម​គ្រួសារ​ជនរងគ្រោះ​បានបង្ហាញ​ភាពកក់ក្ដៅ​និងថ្លែង​អំណរគុណ​ដល់ថ្នាក់ដឹកនាំដែលបាន​យកចិត្ត​ទុកដាក់​ពី​សុខទុក្ខ​ និង​ផ្ដល់​ការ​ព្យាបាល​ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២៥

សមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីសម្លាប់នារីម្នាក់រួចរំលោភសាកសពតាមក្រោយ។

នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ បានឱ្យដឹងថា ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ រួចរំលោភសាកសពតាមក្រោយ នៅស្រុកតាំងគោក ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនឃាតករបានហើយ នៅខេត្តប៉ៃលិន។

នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌បានបន្តថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ រួចយកទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែន ព្រមទាំងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើត្រង់ចំណុចលើភ្នំទ្រប់ ស្ថិតភូមិខ្លុង សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានមកទារប្រាក់ពីម្តាយរបស់ខ្លួន ប៉ុន្តែម្តាយមិននៅ បន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឲ្យចូលទៅខាងក្នុងផ្ទះ រួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខ និងវាយសម្លាប់ ហើយក៏បានរំលោភជនរងគ្រោះ ក្រោយមកក៍បានយកសាកសពទៅកប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចាត់ការបន្ដ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២៥

ស្រវឹងស្រាទំនាស់ជាមួយប្អូន ម្តាយចូលទៅឃាត់យកកាំបិតតាំងតោកាប់បណ្តាលឲ្យរបួសធ្ងន់

ខេត្តសៀមរាប៖ជនដៃដល់ដែលបានធ្វើសកម្នភាពកាប់ម្ដាយបង្កើតកាលពីល្ងាចម្សិលមិញត្រូវបានចាប់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថាដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានបញ្ជាឲ្យលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់
ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសមាជិកគ្រួសារ (កាប់ម្តាយដោយកាំបិតតាំងតោ)។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថា កាលពីថ្ងៃទី១៤ ខែកវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៧,០០នាទី នៅចំណុចបន្ទប់ជួល ក្នុងផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីហិង្សាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសមាជិកគ្រួសារ (កាប់ម្តាយដោយកាំបិតតាំងតោ) បង្កឡើងដោយជនសង្ស័យឈ្មោះ កៃ កេង បានផឹកស្រាស្រវឹងហើយ ឈ្លោះពាក្យសំដីជាមួយប្អូនរបស់ខ្លួន បន្ទាប់មកជនរងគ្រោះឈ្មោះ ហ.ស.ធ ដែលជាម្តាយបានចូលទៅឃាត់ជនសង្ស័យ តែក៏ត្រូវជនសង្ស័យយកកាំបិតតាំងតោ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាម្តាយត្រូវក្បាលចំនួន៣កន្លែងដេរជាច្រើនថ្នេរ និងកាប់ត្រូវម្រាមដៃខាងឆ្វេង រយះកូនដៃ និងនាងដៃ បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួន។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១២,៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំខ្លួនជនសង្ស័យខាងលើ យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច ថាខ្លួនពិតជាបានកាប់ទៅលើម្តាយពិតមែន ចំណែកកាំបិតខ្លួនបានបោះចោល( មិនចាំកន្លែងបោះចោល )។

ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ កៃ កេង ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។(ប្រវត្តិទោស ធ្លាប់ជាប់មណ្ឌលចំនួន១លើករយៈពេល៣ខែ)។
វត្ថុតាងដកហូតបាន គ្មាន

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២៥

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ ឯកឧត្តម Donald J. Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃសៅរ៍នេះបានបង្ហោះថា នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។

តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។

ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២៥

អភិបាលខេត្តកំពង់ចាម ស្នើឱ្យកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យដូចភ្លៀងរលឹម

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានស្នើឱ្យកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យដូចភ្លៀងរលឹម ដើម្បីរក្សាបាននូវស្ថេរភាព សុខសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាជន។

ឯកឧត្តមថ្លែងបែបនេះ នាឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត,អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានដាក់ចេញវិធានការឲ្យក្រុមការងារ នៃមន្ទីរទេសចរណ៍ខេត្ត ត្រូវ គ្រប់គ្រងឲ្យបានល្អ នូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករ និងសេវាស្នាក់នៅជាដើម ដោយមិនឲ្យការតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យធំៗនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំបន្ថែមថា គ្រប់ពិធីបុណ្យធំៗរបស់ជាតិ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះអនុវត្តការងារ ៣ដំណាក់កាល ដោយក្នុងនោះ មាន ៖

ទី១ ៖ មុនពេលពិធីបុណ្យ ក្រុមការងារត្រូវចុះរៀបចំពិនិត្យមើល ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការតុបតែងលម្អ និងចុះធ្វើការអប់រំណែនាំអាជីវករ ផ្នែកសេវាកម្ម អនាម័យ និងរក្សាតម្លៃ មិនឱ្យមានការឡើងថ្លៃទេ រួមនិងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ ពិសេសគឺកន្លែងលេងទឹកជាដើម ។

ទី២ ៖ ក្នុងពេលពិធីបុណ្យ ត្រូវមានមន្ត្រីនៅប្រចាំការទទួលភ្ញៀវ និងសង្កេតការណ៍រាល់ការលក់ដូររបស់អាជីវករ តាមរមណីយដ្ឋាននីមួយៗ ។

ទី៣ ៖ គឺក្រោយពេលបុណ្យ គឺក្រុមការងារត្រូវពិនិត្យមើល លើការសំអាត អនាម័យបរិស្ថាន ធ្វើយ៉ាងណាឱ្យទីកន្លែងនីមួយៗមានភាពស្អាតដូចដើម។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំនេះ ឃើញថាមានប្រជាពលរដ្ឋមកកំសាន្តក្នុងខេត្តកំពង់ចាមប្រមាណជាជាង ១១ ម៉ឺននាក់ផងដែរ ។ ជាមួយគ្នានោះសមត្ថកិច្ចបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ និងបញ្ហាចរាចរកកស្ទះ ត្រូវបានសមត្ថកិច្ចយើងធ្វើការដោះស្រាយភ្លាមៗផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
Older posts
Newer posts
← Previous Page1 … Page20 Page21 Page22 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!