ខេត្តកណ្ដាល៖សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មណ្ឌលយុវនីតិសម្បទានេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលអាចចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា ដែលកន្លងមក កម្ពុជាយើងមិនទាន់មានមណ្ឌលបែបនេះនៅឡើយទេ។ មណ្ឌលយុវនីតិសម្បទានេះ គឺសំដៅទទួលយកអនីតិជនដែលទំនាស់នឹងច្បាប់ ដើម្បីអប់រំ និងកែប្រែឱ្យក្លាយជាយុវជនល្អនៅក្នុងសង្គមកម្ពុជាយើងឡើងវិញ។
សម្តេច ស ខេង ក៏បានស្នើដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ និងក្រសួង ស្ថាប័នពាក់ព័ន្ធរួមនិងអង្គការដៃគូអភិឌ្ឍ ឱ្យបន្តចូលរួមសហការឱ្យបានល្អក្នុងដំណើរការ នឹងការប្រព្រឹត្តទៅរបស់មណ្ឌលយុវជនីតិសម្បទានេះឱ្យស្របទៅតាមស្តង់អន្តរជាតិ ក្នុងគោលដៅធានាដល់ឧត្តមប្រយោជន៍ អនីតិជនរបស់យើង។
សម្តេចស ខេង មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកមិញនេះ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មណ្ឌលនេះ មានសមត្ថភាពទទួលអនីតិជនបានរហូតដល់ជាង ១០០០នាក់ ដែលជាចំណែកមួយជួយរំដោះអនីតិជនដែលបានដាក់នៅតាមពន្ធនាគាររាជរាជធានី -ខេត្ត កន្លងមក។
រដ្ឋមន្ត្រី បានបន្ថែមថាមណ្ឌលនេះ ពុំត្រឹមតែជាកន្លែងទុកដាក់អនីតិជនប្រព្រឹត្តល្មើសខុសនឹងច្បាប់ប៉ុណ្ណោះទេ តែជាកន្លែងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្លាយទៅជាធនធានមនុស្សសម្រាប់សង្គមជាតិនាពេលអនាគត ស្របតាមឆន្ទៈដ៏មុះមុតរបស់រដ្ឋាភិបាល ជាពិសេសក្នុងការឈានទៅសម្រេចគោលដៅ “គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល”៕SRP


