ភ្នំពេញ៖រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី លោកដួង តារា បានគាំទ្រពេញទំហឹង ចំពោះចំណាត់ការ របស់សម្ដេចតេជោហ៊ុន សែន ដែលបានដកហូត បុណ្យស័ក្កិ លោកវរសេនីឯក គឹម ពន្លក ចេញអធិការស្រុកកំរៀង និងបណ្ដេញចេញពីក្របខ័ណ្ឌ នៃនគរបាលជាតិ។
លោកដួង តារា បានសរសេរថា៖ «សូមគាំទ្រចំពោះចំណាត់ការវះកាត់មន្រ្តីខិលខូចចេញ»
ខ្ញុំបាទសូមគោរពគាំទ្រ ពេញទំហឹងដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការសម្រេចដ៏ត្រឹមត្រូវ ដកហូតបុណ្យស័ក្តិ តួនាទី និងបណ្តេញចេញពីក្របខ័ណ្ឌ ចំពោះមន្រ្តីខិលខូចណា ដែលមិនយកតួនាទីនិងបុណ្យស័ក្តិ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ទៅបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិពិតប្រាកដ ផ្ទុយទៅវិញទៅបម្រើត្រឹមតែផលប្រយោជន៍ ផ្ទាល់ខ្លួន និងបក្សពួកខ្លួន។
យើងចូលរួមធ្វើជាមន្រ្តីល្អ កសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋ យើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។
សូមជម្រាបថានៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២១ ម្សិលមិញ នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យសម្រេច ដកហូតឋានន្តរស័ក្កិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំពោះ វរសេនីយ៍ឯក គឹម ពន្លក អត្តលេខ ១០១៦៨ នាយនគរបាលជាន់ខ្ពស់ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។
បើតាមលិខិតបង្គាប់ការ របស់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការប៉ូលិសខេត្តបាត់ដំបងបានបញ្ជាក់ថា ការសម្រេចផ្អាកការងារ របស់វរសេនីឯក គឹម ពន្លក អធិការស្រុកកំរៀង មូលហេតុអនុវត្តការងារខុសនីតិវិធី៕SRP