ភ្នំពេញ៖យោងទៅតាមកម្មវិធីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១៦:៣០នាទី ល្ងាច ថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២។
សូមជម្រាបថានៅព្រឹកម៉ោងប្រមាណជា៨និង០០នាទីព្រឹក (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង១៩.០០នាទី យប់ (ម៉ោងនៅភ្នំពេញ) ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីសណ្ឋាគារ Willard Intercontinental ឆ្ពោះមកកាន់អាកាសយានដ្ឋាន Joint Base Andrews ក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីធ្វើដំណើរត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដោយជោគជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃ១២-១៣ ខែ ឧសភា ឆ្នាំ២០២២៕SRP



ខេត្តកំពត៖សម្ដេច ស ខេង បានមានប្រសាសន៍ថា វិស័យកសិកម្មនៅកម្ពុជាបាន និងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ពិសេសចូលរួមចំណែក២០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ សម្ដេច ថា វិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់ នៅក្នុងបរិបទនៃការប្រឈមុខ នឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមាន មួយចំនួនរបស់សាកលលោក។
ខេត្តបាត់ដំបង៖ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ចំនួន៥៨២ គ្រួសារ ដែលរស់ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង នៅផ្សារទំនើបភួ ពុយ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកសុខ លូ អភិបាលខេត្តបានថ្លែងប្រាប់ពលរដ្ឋថា៖ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។
លោក សុខ លូ បានមានប្រសាសន៍ផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព ដោយការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ព្រមទាំងរៀបចំសំអាតបរិស្ថាន សណ្ដាប់ធ្នាប់ជុំវិញផ្ទះសំបែងឲ្យបានស្អាតជានិច្ច។
លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។ លោកថាបើសិនជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣រយៈពេល៤-៥ខែហើយ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤បន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅ៕SRP