Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២៥

លោកស ថាវី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក

លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ក្នុងដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញដោយលោក កូយ សៅ បានបញ្ជាក់ថា លោក ស ថាវី បានទទួលប្រាក់ពីគេចំនួន២០ម៉ឺនដុល្លារ នៅអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងអំពើឆបោកតាមរយៈការទិញ លក់ដីជាង១០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលជននេះអះអាងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួនបានពីការ ប្រមូលទិញពីប្រជាពលរដ្ឋ។

ដីកាដដែលនោះ បានកំហិតថា ក្នុងករណីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ស ថាវី មិនចូលខ្លួនទៅកាន់តុលាការទេនោះ ចៅក្រមស៉ើបសួរ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក ស ថាវី នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២៥

មរណៈភាពរបស់លោកឡៅ ឡឹង ដោយសារធ្លាក់ពីលេីផ្ទះ

ខេត្តសៀមរាប៖យោងតាមរបាយរាយការណ៍បឋមបានឲ្យដឹងថា  នៅវេលាម៉ោង០៧:០០ នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ទទួលបានព័ត៌មាន ពីពលរដ្ឋថាមាន ករណី មនុស្សធ្លាក់ពីលេីផ្ទះស្លាប់ នៅក្នុងបរិវេណរបងផ្ទះ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

របាយការណ៍បានបន្តថា សពជនរងគ្រោះ
មានឈ្មោះ ឡៅ ឡឹង ភេទប្រុស ឆ្នាំកំណេីត ០៣/០៦/១៩៧៧ មុខរបរលក់គ្រឿងសំណង់ ទីកន្លែងកំណើត នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងរស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

ក្នុងរបាយការណ៍បានបន្តទៀតថា យោងតាមវិដេអូ ក្នុងកាមេរា សុវត្ថិភាព ជនរងគ្រោះ បានធ្លាក់ចុះពីលើមកក្រោម នៅវេលាម៉ោង២២:៥៧ នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ តាមការសន្និដ្ឋានបឋម ជនរងគ្រោះស្រវឹងស្រា រអិលជើងធ្លាក់ពីលើផ្ទះកម្ពស់៧.២ ម៉ែត្រ ចុះមកក្រោម បោកក្បាលលើកការ៉ូឡាទីធ្លាក្នុងបរិវេណរបងផ្ទះ បណ្តាលឲ្យស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៥

មន្ត្រី៖ កសិករស្លាប់លេីដីស្រែចម្ការខ្លួនឯងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម

មន្ត្រីស៊ីម៉ាក់បានអះអាងថា នៅថ្ងៃទី​ ១០​ ខែមិថុនា​ ឆ្នាំ២០២៥នេះ​ មានករណីផ្ទុះមីនតោនស្ថិតនៅចំណុចចំការល្មើរ​ ក្នុងភូមិភូមិអូរដីស្អិត​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន បណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រស្លាប់នៅកន្លែងកេីតេហតុ​ និងខូចខាតត្រាក់ទ័រភ្ជួរដីប្រភេទគូបូតាមួយគ្រឿង។

សូមរំលែកទុក្ខជាមួយគ្រួសារសពនិងសូមវិញ្ញាណខន្តជនរងគ្រោះបានទៅកាន់ឋានសុគតិភពកុះបីឃ្លៀងឃ្លាតឡេីយ។

មន្ត្រីបានបន្តថា នេះជាសំណល់យុទ្ធភណ្ឌសង្គ្រាម​ ដែលនៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ​ បេីទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំហេីយ​ក៏ដោយ! រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចធិបតីបានបន្តខិតខំកិច្ចប្រតិបត្តិការ​បោសសម្អាតសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម​ ដេីម្បីរំដោះទឹកដីសុវណ្ណភូមិពីឃាតករលាក់មុខទាំងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២៥

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៥

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ ហេរញ្ញឹក លេខាធិការ សមាជិកគណៈកម្មាធិការសាខា លោកនាយក នាយករង និងមន្រ្តីក្រុមប្រតិបត្តសាខាខេត្ត សរុបអ្នក ចូលរួមចំនួន ១៧នាក់ ស្រី៤នាក់ នៅសាលប្រជុំសាខា កក្រក ខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៥ចំណុច ដូចខាងក្រោម៖
១- បង្ហាញអំពីនិតិវិធីនៃការរៀបចំ
២- ពិភាក្សាស្តីពីការរៀបចំសមាសភាពគណៈកិត្តិយស គណៈកម្មាធិការសាខា
៣-បង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតសាខា
៤- មតិចូលរួមរបស់សមាជិក សមាជិកា និងបញ្ហាផ្សេងៗ

ឯកឧត្តម សុខ លូ បានជម្រាបជូនថា៖យោងលក្ខន្តិកៈកាកបាទក្រហមកម្ពុជា ជំពូកទី៥ មាត្រា២៤ស្តីពី សាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រមវិធានទី៣៣ស្តីពីសន្និបាតសាខា។ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រារព្ធសន្និបាទសាខា ៦ឆ្នាំម្តង ដូចនេះសាខាខេត្តបាត់ដំបង បានឯកភាពកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ប្រារព្វសន្និបាត នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើដល់សមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត អនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំឱ្យបានល្អប្រសើរ ដើម្បីប្រព្រឹត្តទៅដោយរលូន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២៥

ឯកឧត្តម ប៉ែន បូណា៖ នយោបាយ “ឈ្នះឈ្នះ” គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។

ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖

ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។

ទី២៖ ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ។ មានន័យថា សង្គ្រាមនេះក្រៅពីបង្កការខូចខាតដ៏ធំមហិមាសម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល។ ដូច្នេះ ការបញ្ចៀសសង្គ្រាមដែលមានតែលទ្ធផល«ចាញ់ចាញ់»បែបនេះគឺជាផលចំណេញដ៏ធំមួយ។

ទី៣៖ ដំណោះស្រាយបញ្ហាព្រំដែននៅតែមិនអាចចៀសរួចពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិដដែល។ ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ក៏នៅតែធ្វើដដែល។ ដីរបស់យើងនៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។ ចំណុចណាដែលអាចចរចាគ្នាបាន យើងនៅតែបន្តចរចាគ្នាតាមយន្តការដែលមានស្រាប់ដដែល។ ថ្នាក់ដឹកនាំរបស់យើងបានបញ្ជាក់ច្បាស់ថា យើងចង់បានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ដែលជានយោបាយសន្តិភាពនិយម។

ទី៤៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាននិងកំពុងដើរតួនាទីជាគំរូនៃសន្តិភាពក្នុងតំបន់និងក្នុងពិភពលោកតាមរយៈនយោបាយ«ឈ្នះឈ្នះ»របស់សម្តេចតេជោ និងការបន្តរក្សាសុខសន្តិភាពបានយ៉ាងល្អរបស់សម្តេចធិបតី។ ដូច្នេះ ការបញ្ចៀសសង្គ្រាមមួយដែលអាចចៀសវាងបាន គឺជាមហាជោគជ័យមួយទៀតសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។

ទី៥៖ ក្នុងនាមកូនខ្មែរ យើងទាំងអស់គ្នាសុទ្ធតែមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល និងប្តូរផ្តាច់ការពារបូរណភាពទឹកដីដោយរួមគ្នាជាធ្លុងមួយ ជាសំឡេងតែមួយដែលបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំបំផុត។ យើងក៏មានមោទនភាពយ៉ាងខ្លាំង និងមានភាពកក់ក្តៅណាស់ដែលមានថ្នាក់ដឹកនាំយើងជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់មួយជីវិតដើម្បីបុព្វហេតុការពារទឹកដីនិងប្រជាពលរដ្ឋខ្មែរ។ យើងក៏មានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលប្តូរផ្តាច់យកអាយុជីវិតទៅប្តូរដើម្បីការពារបូរណភាពទឹកដី។

ទី៦៖ យើងមានសំណាងបានរស់នៅក្នុងសុខសន្តិភាព។ យើងផ្តល់តម្លៃដល់សន្តិភាពនិងស្ថាបនិកសន្តិភាពរបស់យើង ហើយពាក្យថា «អរគុណសន្តិភាព» ត្រូវបានព្យួរនៅគ្រប់ទិសទី។ ដូច្នេះ យើងទាំងអស់គ្នាគួរតែមានមោទនភាពនិងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំនៃយើងដែលអាចបញ្ចៀសសង្គ្រាមបាន។ កុំដល់ពេលមានសង្គ្រាមទើបយើងនាំគ្នានឹកស្តាយស្រណោះសន្តិភាព។

ទី៧៖ បេសកកម្មការពារបូរណភាពទឹកដីនៅវែងឆ្ងាយទៅមុខទៀតដែលទាមទារឱ្យយើងទាំងអស់គ្នាបន្តរួមគ្នាជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពយើងដោយឥតងាករេ។ ដំណោះស្រាយបញ្ហាបូរណភាពទឹកដីប្រកបដោយទំនុកចិត្តដែលរាជរដ្ឋាភិបាលកំពុងធ្វើគឺ យន្តការតុលាការអន្តរជាតិដែលយើងទាំងអស់គ្នាផ្តល់ការគាំទ្រជាឯកច្ឆ័ន្ទ។ ដូច្នេះ យើងត្រូវតែបន្តជឿជាក់និងគាំទ្ររាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅរបស់យើង។ រាជរដ្ឋាភិបាលយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដីតាមមធ្យោបាយសន្តិភាព តែម៉ឺងម៉ាត់ និងប្តូរផ្តាច់បំផុត។

ទី៨៖ យើងទាំងអស់គ្នាប្រាកដជាចងចាំជានិច្ចនូវពាក្យសន្យាជាឧឡារឹករបស់ថ្នាក់ដឹកនាំយើងគឺ«ប្តេជ្ញាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រ» និង «ការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយ»។ នេះគឺជាតម្លៃនៃជាតិសាសន៍យើង ពោលគឺ ថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសារ តែដាច់ខាតនិងម៉ឺងម៉ាត់មិនឱ្យបរទេសប្រមាថ៕

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៥

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២៥។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពី នាយឧត្ដមសេនីយ៍​ កិត្តិសង្គហបណ្ឌិត​ ហ៉ីង​ ប៊ុនហៀង​ អគ្គមេបញ្ជា ការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​នៃបញ្ជាការ​ដ្ឋាន​កងអង្គរក្ស​​ វត្តមាន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត ។

សម្ដេចមានប្រសាសន៍ថា ក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យានុភាពខ្មែរស្រឡាញ់សន្តិភាព ហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។

សម្តេចជាសាក្សីក្នុងកិច្ចការងារព្រំដែននេះ ហើយមិនមែនជាលើកទី១ទេដែលថៃតែងតែមកឈ្លានពានកម្ពុជា ហើយឥឡូវនេះទោះមិនមែនជាការបញ្ជាដោយផ្ទាល់ពីរាជរដ្ឋាភិបាលថៃ ប៉ុន្តែទាហានថៃបានមកឈ្លានពាននិងកេងប្រវ័ញ្ចលើទឹកដីកម្ពុជា ។

សភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ផ្តោតការយកចិត្តទុកដាក់ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី របស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៥

ដោយក្តីអាណិតអាសូរបន្ទាប់ពីទទួលបានព័ត៌មានទាក់ទងស្តីពីយុវជនកើតជំងឺមហារីកជើងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, នៅរសៀលថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខនិងនាំយកថវិកា ១០លានរៀល និងផ្លែឈើ-ភេសជ្ជៈ ព្រមទាំងសម្ភារៈមួយចំនួនផ្តល់ជូនយុវជន យាប វ៉ាន់នឿន អាយុ២៣ឆ្នាំ មានជីវភាពខ្វះខាត ថែមទាំងកំពុងកើតជំងឺមហារីកជើងធ្ងន់ធ្ងរបណ្តាលមកពីមុតដែកគោល រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហេីយបច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់យុវជន យាប វ៉ាន់នឿន ឆាប់បានជាសះស្បើយឡើងវិញ។ លោកជំទាវក៏បានមានប្រសាសន៍ណែនាំអំពីការបរិភោគអាហារឱ្យបានត្រឹមត្រូវដើម្បីបំប៉នដល់សុខភាព និងមិនធ្វើឱ្យជំងឺឈឺចាប់ឡើងវិញ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានមានប្រសាសន៍បន្ថែម ក្រោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលព័ត៌មានករណីខាងលើ សម្តេចប្រធាន បានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះពិនិត្យដល់ខ្នងផ្ទះដោយផ្ទាល់និងបានសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យដើម្បីបញ្ជូនយុវជន យាប វ៉ាន់នឿន មកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

យុវជន យាន វ៉ាន់នឿន និងម្តាយមីង មានក្តីរំភើបក្តុកក្តួលឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខ និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ យុវជននិងម្តាយមីងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ៕

សូមបញ្ជាក់ថា ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា យុវជន យាប វ៉ាន់នឿន អាយុ២៣ឆ្នាំ ជាកូនកំព្រា កើតជំងឺមហារីក គឺបណ្តាលមកពីមុតដែកគោល មានស្រុកកំណើតនៅភូមិបឹងព្រៃ ស្រុកបាណន់ ដោយស្ថានភាពគ្រួសារ និងគ្មានអ្នកមើលថែទើបម្តាយមីងសម្រេចមកមកស្នាក់នៅព្យាបាលផ្ទះមីង ក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ ពេលនេះយុវជន យាប វ៉ាន់នឿន ទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៥

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលក្រុងសៀមរាបបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី០៧,០៨ ខែមិថុនា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អធិការនគរបាលបានបន្តថា នៅវេលាម៉ោង ០៦: ៣០ នាទីព្រឹក ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២៥ នៅចំណុច E-Sport club A7 ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួច (លួចម៉ូតូ ) បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿង រួចទម្លាក់គ្នាដើម្បីលួចម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ សៀមរាប 1AJ- 2965 របស់ជនរងគ្រោះឈ្មោះ អ៊ួង ស្រីទូច ភេទ ស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប រួចគេចខ្លួន ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានជាបន្តបន្ទាប់មានឈ្មោះដូចខាងក្រោម៖
០១-ជនសង្ស័យឈ្មោះ សុន សុភា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងបច្ចុប្បន្ននៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។
០២-ជនសង្ស័យឈ្មោះ រឿន មិថុនា ហៅម៉ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងបច្ចុប្បន្ននៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
០៣-ជនសង្ស័យឈ្មោះ ហ៊ាញ រត្តនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិពពែល ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងបច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
០៤-ជនសង្ស័យប៉ោ បូលីហុង ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និងបច្ចុប្បន្ននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះដកហូតបានម៉ូតូចំនួន០២គ្រឿង មានម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន០១គ្រឿង និងម៉ូតូជនរងគ្រោះចំនួន០១គ្រឿង។ នៅចំពោះមុខសម្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រួសខាងលើពិតប្រាកដមែន។

បញ្ជាក់ថា ជនសង្ស័យឈ្មោះ វឿន មិថុនា ហៅម៉ី ជនសង្ស័យ ឈ្មោះសុន សុភា និងជនសង្ស័យឈ្មោះ ប៉ោ បូលីហុង មានផ្ទុកសារធាតុញៀនផងដែរ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៥

អំណោយមនុស្សធម៌ ចំនួន៥ម៉ឺនដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់មន្ទីរពេទ្យកុមារអង្គខេត្តសៀមរាប

ខេត្តសៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ និងលោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរគណៈប្រតិភូកាកបាតក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បំពេញបេសកកម្មដោយនាំយកអំណោយមនុស្សធម៌ ដែលមានថវិកា.ចំនួន ៥ម៉ឺនដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

បន្ទាប់ពីសំណេះសំណាលជាមួយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងជូនថវិកាជូនមន្ទីរពេទ្យរួច គណៈប្រតិភូបានអញ្ជើញសួរសុខទុក្ខក្មួយៗ.កុមារដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យេនេះ ដោយម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ។

មុននឹងបញ្ចប់បេសកកម្ម គណៈប្រតិភូបានអញ្ជើញជួបសួរសុខទុក្ខមាតា ទារក ដែលទើបសម្រាលកូនរួច នៅមន្ទីរពេទ្យគន្ធបុប្ផា ចំនួនជាង១៥០នាក់ផងដែរ ដោយម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៥

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងបានចាប់ខ្លួនមនុស្សពីរនាក់ពាក់ពន្ធ័ អំពើលួច (ម៉ូតូ) ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។

នគរបាលស្រុកប្រាសាទបាគងបានបញ្ជាក់ថា
បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ រ ស ន ភេទស្រី អាយុ២០ ឆ្នាំ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការណ៍ជាមួយ នគរបាលផែនការងារព្រហ្មទណ្ឌខេត្ត នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លៃ សៀកលេង ភេទប្រុស អាយុ២៥ ឆ្នាំ នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារមកសាកសួរនាំ និងបានធ្វើការដកហូតម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាZoomerx សេរីឆ្នាំ២០២១ ពណ៌ទឹកប្រាក់ (បាត់ស្លាកលេខ) មានលេខតួMLHJF 6206G- 5041777 លេខម៉ាសុីនJF62E- 0041777 ដែលជាម៉ូតូរបស់ ជនរងគ្រោះ បាត់កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ នឹងបាន ធ្វើការឆែកឆេក លើខ្លួនជនសង្ស័យរូបនេះ រកឃើញថ្នាំញៀន មួយកញ្ចប់តូច ប្រភេទម៉ាទឹកកក បន្ថែមទៀត។

នគរបាលបានបន្តថា បន្ទាប់មកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីជំនាញយើង បានបន្តនិតិវិធី ឈានដល់ការនាំខ្លួន បក្សពួកជនសង្ស័យ
បន្ថែមបានចំនួន០១ នាក់ទៀត ឈ្មោះ ផង់ ផុន ហៅ ញ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិ ចំបក់ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដកហូតវត្ថុតាងបាន កញ្ចក់ម៉ូតូ០១ គូរ កាងម៉ូតួចំនួន១ កាងម៉ាស៊ីនម៉ូតូចំនួន១ ដែលជនសង្ស័យ បានដោះចេញពីម៉ូតូរបស់ជនរងគ្រោះ យកទៅលាក់ទុក។ បន្ទាប់មកទៀត កម្លាំងជំនាញយើង បានធ្វើការតេស្តទឹកនោមជនសង្ស័យទាំង០២ នាក់ រកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(ប្រើប្រាស់ថ្នាំញៀនជាមួយគ្នា)។

បច្ចុប្បន្ន យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងនគរបាលស្រុក សហការជាមួយការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៥

សម្ដេចតេជោហ៊ុន សែន សូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ

សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជាតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបានសរសេរបង្ហោះក្នុងសំណេរដើមថា៖ មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។

ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។

ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។

តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង1.1ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង5.2ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង 4.1ពាន់លានដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង200លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង1.5ពាន់លានដុល្លារ។

ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៥

ខេត្តសៀមរាប៖រថយន្តចំនួន២គ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យតៃកុងរថយន្តធំជាប់ក្នុងកាប៊ិន។

ហេតុការណ៍បានកើតឡើងនៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៧ និង៤០ នាទីលើផ្លូវជាតិ  លេខ០៦ ចន្លោះគីឡូម៉ែត្រ៣៣៤.៣៣៥ ភូមិទួលរវៀង ឃុំល្វា ស្រុកពួក។

នគរបាលខេត្តសៀមរាប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកលុចស៊ីស 470 ពណ៌ទឹកមាស  ផលិតឆ្នាំ ១៩៩៩ ពាក់ ផ្លាកលេខ ភ្នំពេញ 2AK-0055 បើកបរដោយ ឈ្មោះ ប្រឿន សុវណ្ណ ភេទប្រុស អាយុ៥៨ឆ្នាំ និងអ្នករួមដំណើ ចំនួន ០១ នាក់ ឈ្មោះ ប្រម សុខៀម ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាកូន  រស់នៅភូមិគោកកណ្តាល ឃុំសស្តម្ភ ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច បានបុក ជាមួយរថយន្តម៉ាក ហ៊ីយាន់ដាយ ២.៥ តោន ពណ៌ស  ពាក់ផ្លាកលេខ សៀមរាប 3A-1959  បើកបរដោយឈ្មោះ តាប់ ចំរើន ភេទប្រុស អាយុ៣៥ ឆ្នាំនិងអ្នករួម ដំណើរ០១ នាក់ ឈ្មោះ អំ ថុនី ភេទស្រី អាយុ ៣៤ឆ្នាំ ត្រូវជាប្រពន្ធនៅភូមិតាត្រាវ ឃុំមុខប៉ែន  ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីលិចទៅកើត។

នគរបាលបានថ្លែងបន្តថា ករណីខាងលើនេះ បណ្តាលអោយរងរបួស ០២ នាក់ :
១.ឈ្មោះ ប្រឿន សុវណ្ណ  រងរបួស (មធ្យម)
២.ឈ្មោះ តាប់ ចំរើន (មធ្យម)។
-ខូចខាតរថយន្ត ០២គ្រឿងធ្ងន់។

បើតាមនគរបាលខេត្តសៀមរាប មូលហេតុ:យោងតាមកាមេរ៉ាសុវត្ថិភាព បានឃើញរថយន្តម៉ាលុចស៊ីស បើកបរដោយមិនប្រកាន់ស្តាំ ឃើញដូចនោះរថយន្តម៉ាកហ៊ីយាន់ដាយ ក៍បានបើកគេចទៅឆ្វេង ដល់កន្លែងកើតហេតុ រថយន្តម៉ាកលុចស៊ីសក៍បាន បើកចូលទៅស្តាំវិញក៍បុកគ្នាតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ សហការណ៍ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា ចុះវាស់វែងជួយសង្គ្រោះជនរងគ្រោះភ្លាមៗទៅមន្ទីរពេទ្យនិងប្រមូលវត្ថុតាងមករក្សាទុក្ខនៅអង្គភាព ដើម្បីបន្តនីតិវីធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page31 Page32 Page33 … Page638 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!