ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបលោកទៀ សីហា បានលើកឡើងថា ភាពជោគជ័យនៃការអនុវត្តគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្ស សម្រាប់អភិវឌ្ឍន៍ក្រុងទេសចរណ៍សៀមរាប-អង្គរ ជាចំណងដៃដ៏ពិសិដ្ឋនៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទាំងការតស៊ូប្តូរផ្តាច់ ឆ្លងកាត់វិបត្តិកូវីដ-១៩ ដើម្បីអនាគត ដែលត្រូវរង់ចាំ ដោយការប្រើប្រាស់ឱកាស ជាដំណោះស្រាយ បញ្ហាប្រឈម ប្រកបដោយប្រសិទ្ធភាព។
លោកក៏បានថ្លែងណែនាំដល់បណ្តាក្រុង ស្រុង ធ្វើការផ្សព្វ ផ្សាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន មកទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ)ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី១០ មករាខាងមុខនេះ និង ជម្រុញយកចិត្តទុកដាក់លើកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផងដែរ។
បើតាមប្រសាសន៍ លោកទៀ សីហាក្នុងរយៈពេល១ឆ្នាំមកនេះ ខេត្តសៀមរាប បានរងគ្រោះដោយវិបត្តិកូវិដ១៩ ដែលធ្វើវិស័យសេដ្ឋកិច្ចក្នុងខេត្តធ្លាក់ចុះ។ ក្នុងករណីនេះលោកស្នើឲ្យមានកិច្ចសហការគ្នាពីគ្រប់បណ្តាមន្ទីរ អង្គភាពកងកម្លាំងទាំង៣ ក្នុងប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ សំខាន់វីរុសបម្លែងថ្មី (អូមីក្រុង) មិនឲ្យចូលក្នុងសហគមន៍នោះឡើយ។
លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣កាលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបបានណែនាំដល់កម្លាំងសមត្ថកិច្ច ក៏ដូច អាជ្ញាធរក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ៕SRP


