ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងប្រាប់ប្រជាពលរដ្ឋ ថា បន្ទាប់ពីចាប់ផ្ដើមស្ថាបនាផ្លូវ តម្លៃដីក៏ចាប់ផ្ដើមឡើងថ្លៃដែរ ប៉ុន្តែកុំលក់ដូរអី ទុកចែកឱ្យកូនចៅយើងរស់នៅវិញប្រសើរជាង។
លោកថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវក្នុងស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែង ២៧.៦០០ម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស នេះ គ្រោងចំណាយថវិកា កសាងក្នុងរង្វង់ប្រមាណជាង ៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ដើម្បីបំពេញសេចក្ដីតម្រូវការ របស់ប្រជាពលរដ្ឋ ដោយបានអភិវឌ្ឍស្រុកទេស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ក្រោមដំបូលសុខសន្តិភាព។
គួរកត់សម្គាល់ថា ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះផងដែរ បងប្អូនប្រជាពលរដ្ឋ បានសំដែងនូវអារម្មណ៍សប្បាយរីករាយ ទទួលស្វាគមន៍ អភិបាលខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ព្រោះយល់ឃើញថា សុខសន្តិភាព បាននាំមកនូវការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ ដូច្នេះគាត់បានប្តេជ្ញានាំគ្នាទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៣ ខាងមុខនេះ ដេីម្បីការពារសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យបន្តទៀត៕


