Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបងស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត
តំបន់ផាប់ស្ទ្រីតនិងតំបន់ដងស្ទឹង ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត
រដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងរោងសិប្បកម្មកែច្បៃព្រៃឈើមួយកន្លែង
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៦

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើស Online Scams

ភ្នំពេញ៖ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ ពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ។

ក្នុងជំនួបដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានាសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសំណូមពរឱ្យឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមានអំពីកម្ពុជា និងជួយជំរុញទេសចរនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា ប្រទេសទាំងពីរ មានវប្បធម៌ និងទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។

ពាក់ព័ន្ធនឹងការបញ្ចប់អាណត្តិការទូតរបស់ឯកឧត្តមបណ្ឌិតវិញ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃកម្ពុជា និងឥណ្ឌូនេស៊ី ដែលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម បានកសាងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដល់ការពង្រឹងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យ ដូចជា៖ វិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ឥណ្ឌូនេស៊ី។

ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានឯកភាពចំពោះការវាយតម្លៃនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានសម្តែងអំណរអរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ដែលជានិច្ចកាល បានផ្តល់ការគាំទ្រ និងបានជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋឥណ្ឌូនេស៊ី កំពុងរស់នៅ និងប្រកបការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបណ្ឌិត ក៏បានកោតសរសើរចំពោះយុទ្ធនាការដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងអះអាងថាឥណ្ឌូនេស៊ី ត្រៀមខ្លួនជានិច្ចសហការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋឥណ្ឌូនេស៊ី ទៅប្រទេសដើមវិញ។ ឯកឧត្តមបណ្ឌិត ក៏បានឯកភាពជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្ដមបណ្ឌិតឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យកីឡាផងដែរ ហើយក៏បានបង្ហាញបំណងពង្រឹងវិស័យនេះ ដោយឈរលើស្មារតីសាមគ្គីភាព និងមិត្តភាពល្អរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីគោលជំហរចំពោះការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចឡើងវិញអំពីជំហរកម្ពុជា ប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងសន្តិភាព និងយន្តការដោះស្រាយដោយសន្តិវិធី ដើម្បីធានាបាននូវសុខសន្តិភាពរវាងប្រទេសជិតខាង និងសហសន្តិវិជ្ជមានក្នុងតំបន់អាស៊ាន។ ឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត បានគាំទ្រកម្ពុជា ដែលប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយដោយសន្តិវិធី និងជាពិសេសប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីសន្តិសុខ។ ឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត អះអាងជាថ្មីទៀតថា ឥណ្ឌូនេស៊ី ត្រៀមសហការគ្រប់បែបយ៉ាងជួយគាំទ្រគ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាពក្នុងតំបន់អាស៊ាន៕SRP

Like 197
Comment 0
Share ចែកចាយ
Views 2.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៦

ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ

ក្បាលដីចំនួន ១០ ៥៩៧ ក្បាលដី ស្ថិតក្នុងភូមិចំនួន១០ រួមមាន៖ ភូមិចំបក់ស, ភូមិគោកដូង, ភូមិស្វាយ, ភូមិតាហុក, ភូមិធិបតី, ភូមិជួយចក្រី, ភូមិឈូក, ភូមិត្រីញ័រ, ភូមិធ្វាស និងភូមិត្រពាំងព្រីង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ នៅថ្ងៃនេះ
ដើម្បីឱ្យបងប្អូនជាម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណកម្មសិទ្ធិ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីខេត្ត បានឱ្យដឹងថា ការបិទផ្សាយជាសាធារណៈនាពេលនេះ គឺជាដំណាក់កាលដ៏សំខាន់ និងជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋក្នុងការត្រួតពិនិត្យ ជំទាស់តវ៉ា និងកែតម្រូវទិន្នន័យឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។ ជាមួយគ្នានេះ ម្ចាស់ដីត្រូវពិនិត្យមើលពីសាវតា ឈ្មោះ ទំហំដី និងប្រភេទទ្រព្យ នៅលើបញ្ជីឈ្មោះ និងពិនិត្យទីតាំងដី រូបរាងដី នៅលើប្លង់សុរិយោដី។

លោក ហ៊ី សាយ បានបញ្ជាក់ថា ការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តធិបតីពោធិរាម ហៅវត្តធិបតី។ ក្រោយបញ្ចប់ការបិទផ្សាយ ១៥ថ្ងៃ គណៈកម្មការរដ្ឋបាលនឹងរៀបចំសំណើជូនអភិបាលខេត្ត ដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនតែក្បាលដីណាដែលគ្រប់លក្ខខណ្ឌច្បាប់ និងគ្មានទំនាស់ប៉ុណ្ណោះ។

លោក ស៊ុន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិពេញលេញក្នុងការចាត់ចែង និងការពារដោយច្បាប់ បងប្អូនអាចយកបណ្ណកម្មសិទ្ធិនេះទៅដាក់បញ្ចាំ ដើម្បីខ្ចីប្រាក់យកមកប្រកបមុខរបរផ្សេងៗសម្រាប់លើកស្ទួយជីវភាពគ្រួសារ។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញត្រូវមានកិច្ចសហការល្អក្នុងការបញ្ជាក់ឯកសារអត្តសញ្ញាណ និងជួយពន្យល់ដល់បងប្អូនដែលមិនចេះអក្សរឱ្យយល់ច្បាស់ពីទិន្នន័យដែលបានបិទផ្សាយ។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិទាំង១០ សូមអញ្ជើញទៅផ្ទៀងផ្ទាត់ទិន្នន័យដីធ្លីឱ្យបានទាន់ពេលវេលាមុនថ្ងៃផុតកំណត់៕SRP

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

មន្ទីរព័ត៌មានខេត្តសៀមរាប

Like 196
Comment 0
Share ចែកចាយ
Views 7.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៦

ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន មន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ដែលសម្រេចបានប្រមាណ៨៣% ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។

បើតាមការឱ្យដឹងពីលោក ជុំ លីនដា ប្រធានវិស្វករនៃក្រុមហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុបខូអិលធីឌី Beijing Urban Constructions Group .Co,.TD បានបញ្ជាក់ជូន ឯកឧត្តមអភិបាលខេត្តថា គម្រោងដែលបានអនុវត្តរួចរាល់ នឹងកំពុងបន្តរួមមាន៖

១-ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង
២-ការងារស្ថានីយបូមរំដោះទឹកភ្លៀង ទឹកជំនន់ក្នុងក្រុង
៣-ការងារសាងសង់ស្ថានីយបូម បឋមទី១ ទី២ និងស្ថានីយមេ
៤-ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់
៥-ការងារដំឡើងបំពង់ទុយោទឹកស្អុយទាំងបីប្រភេទ 
៦-ការងារជួសជុលផ្លូវកៅស៊ូ AC។ 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងមន្ត្រីជំនាញ មានការរំពងទុកថា នៅពេលគម្រោងខាងលើបានបញ្ចប់ជាស្ថាពរនោះ ក្រុងកំពង់ចាម នឹងមិនមានការលេចលង់ ដោយសារកត្តាលទឹកភ្លៀងទៀតនោះទេ។ ក្រៅពីនោះ ទឹកកខ្វក់នៅក្នុងក្រុងកំពង់ចាមទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិនឲ្យហូរពាសវាលពាសកាលចូលទៅចូលក្នុងទន្លេទៀតដែរ ពោលគឺ ត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិ។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លៃងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលមានការយោគយល់ នូវផលប៉ះពាល់ខ្លះពីការអភិវឌ្ឍនេះ ហើយឯកឧត្តមសង្ឃឹមជឿជាក់ថានៅប៉ុន្មានខែខាងមុខនេះ ក្រុងរបស់យើងនឹងប្រែមុខមាត់ថ្មី ជាទីក្រុងសុីវីល័យ ក្រុងវ័យឆ្លាត នាសម័យតេជោ-ធិបតី។

គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចី ក្រោមកម្ចីហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវតត្តដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Constructions Group .Co,LTD ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ដោយផ្អែកតាមកិច្ចសន្យា គម្រោងនេះ អនុវត្តការសាងសង់ រយៈពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២២ រហូតដល់បំណាច់ខែ ឧសភា ២០២៦៕SRP

Like 198
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៦

ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី មានក្រុមជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពយកកាំបិតដាវ កាប់មកលើជនរងគ្រោះ ឈ្មោះ ទ ស វ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងមិត្តភក្តិចំនួន ៧នាក់ទៀត ដែលកំពុងឈប់ម៉ូតអង្គុយលេងចំណុចទួល ព្រៃស្វាយ ស្ថិតនៅភូមិពន្លឺព្រះផុស ដោយក្រុមជនសង្ស័យ បានដេញកាប់ទៅលើក្រុមជនរងគ្រោះ ដោយពេលនោះ ក្រុមជនរងគ្រោះ បាននាំគ្នារត់ចោលម៉ូតូយករួចខ្លួន បន្ទាប់មកក្រុមជនសង្ស័យ បានធ្វើសកម្មភាព កាប់ទៅលើម៉ូតូរបស់ក្រុមជនរងគ្រោះ ចំនួន ០៣គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង ក្រោយពេលធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យ បានគេចខ្លួនបាត់អស់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថា ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានពីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន០៧ នាក់មកសាកសួរជាបន្តបន្ទាប់៖

១/ឈ្មោះ គុណ ណារីន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
២/ឈ្មោះ ឡាញ់ លិញជៅ ហៅជី ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
ទី៣/ឈ្មោះ ប៉ុញ បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៤/ឈ្មោះ ហេង វិច្ឆិកា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ចំបក់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៥/ឈ្មោះ ឃី នូរ៉ា ហៅពេ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៦/ឈ្មោះ យន់ ប៊ុនលាប ហៅហ៊ុច ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិតាគឹមក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៧/ឈ្មោះ ពេញ សិលា ហៅឈុយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងបន្តថា
ក្រោយធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ កន្លងមកក្រុមពួកខ្លួនមានទំនាស់ពាក្យសម្តីជាមួយក្រុមជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុពួកខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពយកដាវ ចំនួន១ដើម ទៅកាប់ក្រុមជនរងគ្រោះដែល កំពុងអង្គុយលើម៉ូតូត្រង់ចំណុចទួលព្រៃស្វាយ ពិតប្រាកដមែន ក្នុងពេលដែលពួកខ្លួនចុះទៅធ្វើសកម្មភាព ក្រុមជនរងគ្រោះ បានរត់យកយករួចខ្លួន ទើបពួកខ្លួនបានធ្វើសកម្មភាព កាប់ទៅលើម៉ូតូជនរងគ្រោះចំនួន ០៣គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង។

បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី វត្ថុតាងដែលសមត្ថកិច្ចដកហូតមានដាវចំនួន១ និងជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 197
Comment 0
Share ចែកចាយ
Views 22.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៦

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក

ខេត្តសៀមរាប៖លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តសៀមរាប បានសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក ដែលរួមចំណែកសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប។

លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ របស់មន្ទីរពេទ្យបង្អែកខេត្ត នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យជំនួយ ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងលោកសាស្រ្តាចារ្យជំនួយ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដៃគូសហការ តំណាង ប.ស.ស ថ្នាក់ដឹកនាំសុខាភិបាលក្នុងខេត្តសៀមរាប និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាច្រើនចូលរួមផងដែរ។

លោកវេជ្ជបណ្ឌិត បានបង្ហាញនូវមោទនភាព ជាមួយនឹងសមិទ្ធិផលថ្មីៗ ដែល​មន្ទីរពេទ្យបង្អែកខេត្តទទួលបាន ក្រោមការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដូចជា៖ អាគារមន្ទីរព្យាបាលបេះដូងដំបូងគេនៅក្នុងខេត្ត ដែលមានលទ្ធភាពព្យាបាលអ្នកជំងឺបេះដូង ខណៈដែលកន្លងមក មានតែនៅរាជធានីភ្នំពេញតែប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានផ្តល់អនុសាសន៍ល្អៗជាច្រើន ដោយឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពជាលំដាប់ ដើម្បីបម្រើសេវាកម្មដល់ប្រជាពលរដ្ឋ ដែលជាអ្នកជំងឺឱ្យកាន់តែល្អប្រសើរ មានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព។

សូមជម្រាបថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ មាន ៤៧០គ្រែ បន្ទប់វះកាត់១០ និងមានផ្នែកឯកទេសជាច្រើន និងកំពុងដើរតួនាទីជាមន្ទីរពេទ្យបង្អែកថ្នាក់តំបន់ ដោយមានអត្រាពី ១៥ ទៅ១៨ ភាគរយនៃអតិថិជនមកទទួលសេវា គឺមកពីបណ្តាខេត្តផ្សេងៗ។ ក្នុងឆ្នាំ២០២៥ ចំនួនអតិថិជនបន្តកើនឡើងពី១០ ទៅ១៥ភាគរយ។ បន្ថែមពីនេះ មន្ទីរពេទ្យកំពុងបន្តពង្រីកសេវាឯកទេសបន្ថែមជាបន្តបន្ទាប់ ជាពិសេសសេវាព្យាបាលជំងឺបេះដូង និងសរសៃឈាម ចាប់ពីត្រីមាសទី១ ឆ្នាំ២០២៦។ ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យបានទទួល​ពិគ្រោះជំងឺក្រៅសរុប ១៣៩,០០០ករណី អ្នកជំងឺសម្រាកពេទ្យ ៣១,០០០ករណី វះកាត់ ១៣,០០០ ករណី និងករណីសម្រាលកូន ២,១០០។

ជាមួយនឹងសមត្ថភាព និងការអភិវឌ្ឍជាលំដាប់នេះដែរ នៅឆ្នាំ២០២៥កន្លង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២ ជាមន្ទីរពេទ្យបង្អែកកម្រិត៣ ដែលផ្តល់សេវាសាធារណៈគំរូ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ។ ពិធីប្រកាសទទួលបានជ័លលាភីចំណាត់ថ្នាក់លេខ២នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥កន្លងទៅ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 5.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៦

ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបាន
តុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ

ខេត្តតាកែវ៖លោកទេសង៉ែត វឌ្ឍនាឆាយានាថ ចាងហ្វាងការផ្សាយសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានសាលាដំបូងខេត្តតាកែវចេញដីកាឲ្យចូលខ្លួនទៅបំភ្លឺ។

លោកទេសង៉ែត វឌ្ឍនាឆាយានាថ បានបង្ហោះព័ត៌មាននៅលើ account ផ្ទាល់ខ្លួនថា នៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានបងប្អូនអ្នកសារព័ត៌មានម្នាក់បានផ្ញើដីកាកោះ ពី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ មកខ្ញុំ តាមបណ្តាញសង្គម Telegram ពោលគឺ ខ្ញុំមិនបានទទួលតាមតុលាការ ឬតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ទេ?។

អ្នកសារព័ត៌មានរូបនេះ បញ្ជាក់ប្រាប់ខ្ញុំថា គាត់បានចូលបំភ្លឺនៅតុលាការរួចហើយ ហើយ ក្រឡាបញ្ជីបានឱ្យគាត់ថតដីកាកោះនេះ រួចផ្ញើបន្តមកខ្ញុំ។

នៅក្នុងដីកាកោះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុំ រ័ត្ននា តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានអញ្ជើញឈ្មោះ ឆាយ យ៉ានៀត (ឈ្មោះពិតខ្ញុំ គឺ ទេសង៉ែត វឌ្ឍនាឆាយានាថ ឈ្មោះក្នុងបណ្តាញសង្គម គឺ Chhaya Neat មុខរបរ អ្នកសារព័ត៌មាន ) មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១២ ផ្លូវលេខ១ បុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ (នេះមិនមែនជាទីលំនៅខ្ញុំទេ តែ ជាការិយាល័យអង្គភាពសារព័ត៌មាន កម្ពុជាឈ្នះ) ទីលំនៅពិកប្រាកដ ខ្ញុំ គឺ ផ្លូវលំ ភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងដីកាកោះ ដដែល គឺ លោក អ៊ុំ រ័ត្ននា តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានកោះហៅខ្ញុំឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨៖៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿង «ញុះញង់និងកំហែងយក» ប្រព្រឹត្តនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ភួន ឈីម (អភិបាលស្រុកបាទី) និង ឈ្មោះ ឆាយ កែវមុន្នី (អធិការនគរបាលស្រុកបាទី ដែលទើបត្រូវបានបញ្ឈរជើង) ប្តឹងទៅលើឈ្មោះ ស៊ាង ប៊ុនសុង និងឈ្មោះ ព្រហ្ម សុផៃ (ជាអ្នកសារព័ត៌មាន)។

នៅក្នុងដីកាកោះនេះ មិនបានកំណត់អត្តសញ្ញាណខ្ញុំច្បាស់លាស់ទេ ទាំងឈ្មោះ ទាំងទីលំនៅ ទាំងឋានៈ តើខ្ញុំជា ជនសង្ស័យ ឬជាសាក្សី…។

ទោះបីយ៉ាងណាក៏ដោយ បើដីកានេះ ពិតជាកោះហៅខ្ញុំមែន ខ្ញុំនឹងចូលបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តតាកែវ តាមការកំណត់។

ខ្ញុំសូមបញ្ជាក់ថា អង្គហេតុនៃការប្រព្រឹត្តបទល្មើសក្នុងពាក្យបណ្តឹង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ គឺ ខ្ញុំមិនបានដឹង ខ្ញុំមិនបានចូលរួមជាមួយឈ្មោះ ស៊ាង ប៊ុន និង ឈ្មោះ ព្រហ្ម សុផៃ និង មិនបានសូម្បីផ្សព្វផ្សាយព័ត៌មាន រឿងរស៊ើប ទីតាំង Scams Online នៅចំណុចនេះ។

មាសសុទ្ធមិនខ្លាចភ្លើងទេ ខ្ញុំជាអ្នកសារព័ត៌មាន អនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក៏មិនខ្លាចការចូលបំភ្លឺដែរ។

ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តតាកែវនៅឡើយទេជុំវិញការចេញដីកាកោះហៅចាងហ្វាងការផ្សាយសារព័ត៌មានកម្ពុជាឈ្នះ រហូតដល់ម៉ោងផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 7.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៦

ខេត្តសៀមរាប៖សមត្ថកិច្ចបានអះអាងថាហេតុការណ៍អគ្គីភ័យកាលពីព្រឹកមិញនេះមិនមានមនុស្សណារងរបួសនោះទេប៉ុន្តែទ្រព្យសម្បត្តិនិងផ្ទះត្រូវបានបំផ្លាញទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅម៉ោងព្រឹក ថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិ​គោកត្នោត ឃុំ​កណ្ដែក ស្រុក​ប្រាសាទ​បាគង​។

កម្លាំង​ជំនាញ នៃកងរាជអាវុធហត្ថ​ខេត្ត បានចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះខាងលើ។​

ក្នុងករណី​នេះ មូលហេតុ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បណ្ដាលមកពីទុសេ្សខ្សែភ្លើង ធ្វើ​ឱ្យខូចខាត ផ្ទះ​ចំនួន​០១ខ្នង និងសម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​ធំ ប៉ុន្តែ​មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 36.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៦

កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប ដើម្បីធានាដល់ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ

លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ផែនការថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ក្នុងឆ្នាំ២០២៦នេះ ស្នងការនគរបាលខេត្ត កំពុងនឹងបន្តជំរុញការរៀបចំកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវជាតិ ជាពិសេសផ្លូវជាតិលេខ៦ បន្ថែមពីលើចំនួនកាមេរ៉ាដែលមានស្រាប់ ដើម្បីប្រើប្រាស់ក្នុងកិច្ចការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ខណៈកន្លងមកកាមេរ៉ាសុវត្ថិភាព បានជួយសម្រួលសមត្ថកិច្ចធ្វើការឆ្លើយតប បង្ក្រាបបទល្មើស បានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ទៀតថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ នឹងជួយបង្កើននូវប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសនានា និងជាពិសេសជួយឱ្យសមត្ថកិច្ចធ្វើការឆ្លើយតបបានទាន់ពេលវេលា ធ្វើយ៉ាងណាធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្ដល់ភាពកក់ក្ដៅជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់បន្ថែមថា ក្រៅកាមេរ៉ាសុវត្ថិភាពដែលគ្រប់គ្រងដោយស្នងការនគរបាលខេត្ត ខេត្តសៀមរាបក៏មានកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវ ៣៨ខ្សែ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត។ បន្ថែមពីនោះ ក្នុងគម្រោងទីក្រុងឆ្លាតវៃរបស់ទីភ្នាក់ងារសហការប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបំពាក់កាមេរ៉ា ដើម្បីតាមដានការចតរថយន្តខុសច្បាប់ចំនួន ៤ទីតាំង និងគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៤ទីតាំង នៅក្នុងតំបន់ផាប់ស្រ្ទីត ដើម្បីតាមដានជនសង្ស័យផងដែរ៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 197
Comment 0
Share ចែកចាយ
Views 9.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៦

សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព

ក្នុងស្មារតីពង្រឹងវិស័យព័ត៌មាន មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា សារព័ត៌មានមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកសាងប្រទេស តាមរយៈការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ សារព័ត៌មានបានក្លាយជាកម្លាំងចលករជួយដល់ការសម្រេចចិត្តរបស់ពលរដ្ឋ និងជាត្រីវិស័យសម្រាប់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយឆ្លើយតបទៅនឹងតម្រូវការសង្គមជាក់ស្ដែង។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានសង្កត់ធ្ងន់ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះ ប្រសិនបើប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ថែរក្សាសន្តិភាព ស្ថិរភាព និងផ្ដល់ថាមពលឱ្យប្រជាជនធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម កៅ អ៉ីមរ៉ន លើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ដោយសារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលលើនយោបាយ និងអំណាចទាំង៣ដោយឡែក។ ការពិភាក្សាវែកញែកអំពីសកម្មភាពរបស់មន្ត្រីសាធារណៈ និងស្ថាប័ននយោបាយក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងតាមដានការអនុវត្តរបស់អំណាចទាំង៣។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ ត្រូវបន្តយកចិត្ដទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដោយប្រកាន់ភ្ជាប់នូវការគោរពតួនាទីភារកិច្ចឱ្យបានល្អ ប្រើប្រាស់អំណាចទី៤នេះ ឱ្យស្របទៅនឹងក្រមសីលធម៌ និងវិជ្ជាជីវៈជាមន្ត្រីព័ត៌មាន។ ជាពិសេសពង្រឹងលើការងារសាធារណៈមតិ ស្របតាមប្រសាសន៍ណែនាំ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៕SRP

‎អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ ក្រុមការងារ

Like 196
Comment 0
Share ចែកចាយ
Views 3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៦

អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAI AMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី MATH AMIRORS នាយិកាប្រតិបត្តិ ក្រុមហ៊ុន DUBAI AMIRAKLETOUR និងជាប្រធានហើយ និងក្រុមការងារពាណិជ្ជកម្មតភ្ជាប់រវាងទីក្រុង ឌូបៃ និង ប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធវិស័យទេសចរណ៍។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប ព្រមទាំងតំណាងក្រុមហ៊ុនទេសចរណ៍ និងអ្នកផ្សព្វផ្សាយមាតិកាទេសចរណ៍មកពី អារ៉ាប់អេមីរ៉ាត ផងដែរ។

កិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗ ដូចតទៅ៖
ទី១. ពង្រឹងការតភ្ជាប់ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបភាគីទាំងពីរ បានពិភាក្សាអំពីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម (B2B) ការចូលរួមវេទិកា និងព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដើម្បីបង្ហាញពីសក្តានុពល និងភាពទាក់ទាញនៃវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។

ទី២. បង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ
ផ្តោតលើការទាក់ទាញភ្ញៀវទេសចរពីទីផ្សារថ្មីៗ ជាពិសេសតំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ី ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជាតិ និងបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។

ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន
ជំរុញកិច្ចសហការរវាងអាជ្ញាធរខេត្ត ជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងវិនិយោគិន ដើម្បីរួមចំណែកអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងលើកកម្ពស់គុណភាពសេវាកម្មឱ្យសមស្របតាមស្តង់ដារអន្តរជាតិ។

ទី៤. លើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន
ការកើនឡើងនៃចំនួនភ្ញៀវទេសចរ នឹងរួមចំណែកគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដូចជា ភោជនីយដ្ឋាន សិប្បកម្ម សណ្ឋាគារ និងសេវាកម្មមូលដ្ឋានផ្សេងៗ ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ជាមួយនឹងជំនួបនេះ ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ រវាងទីផ្សារអារ៉ាប់អេមីរ៉ាត និងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕SRP

Like 196
Comment 0
Share ចែកចាយ
Views 6.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៦

បុរសចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ

ខេត្តសៀមរាប៖បុរសម្នាក់ឈ្មោះ ឡេ សុភ័ក្រ ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវបានធ្វើតេស្ត៍ទឹកមូត រកឃើញមានសារធាតុញៀនដែលបានចូលប្លន់ទូមាសនៅផ្សារលើធំថ្មីខេត្តសៀមរាបត្រូវបានចាប់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាព។

ហេតុការណ៍វាយទូលក់មាស ប្លន់យកគ្រឿងអលង្ការបានកើតឡើង នៅវេលាម៉ោង​ប្រមាណ ១៤ និង៥២នាទី ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៦នៅក្នុង ផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានអះអាងថា បន្ទាប់ពីមានការភ្ញាក់ផ្អើលកណ្តាលផ្សារភ្លាមៗប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅ លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្ត​សៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍ កម្លាំង​អាវុធហត្ថ​ក្រុងសៀមរាប​ និងកម្លាំង​ការិយាល័យជំនាញ​ បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យម្នាក់។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបាន ដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ញញួរ១ដើម កាំបិត​តាំងតោ០១ដើម លោហធាតុពណ៌លឿង ចំនួន០៣ខ្សែបានប្រគល់ ខ្សែដៃផ្លាកទីន ជូនជនរងគ្រោះវិញផងដែរ៕SRP

Like 201
Comment 0
Share ចែកចាយ
Views 216.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៦

អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត…

អ្នកសារព័ត៌មាន គឺជាតួអង្គដ៏សំខាន់ក្នុងការតាមដាន និងឃ្លាំមើលបញ្ហាសង្គម ជាពិសេសចំណុចអសកម្ម ឬអវិជ្ជមាន ដើម្បីជំរុញឱ្យមានការកែប្រែ និងធ្វើឱ្យប្រសើរឡើង។

ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានមួយចំនួនតូច ពេលខ្លះអាចសរសេរព័ត៌មានដោយផ្អែកលើពាក្យសំដី ឬដំណឹងដែលខ្លួនទទួលបាន ដោយខ្វះការផ្ទៀងផ្ទាត់ ឬការថ្លឹងថ្លែងពាក្យពេចន៍តាមបែបវិជ្ជាជីវៈ។ ការខ្វះការយកចិត្តទុកដាក់បែបនេះ អាចនាំឱ្យមានការប្តឹងផ្តល់តាមផ្លូវច្បាប់ ឬតម្រូវឱ្យធ្វើការកែតម្រូវភ្លាមៗ។ ការតម្រូវឱ្យកែអត្ថបទដែលផ្សាយខុស ឬការប្តឹងទៅតុលាការ គឺជាវិធានការសកលដែលត្រូវបានអនុវត្តជាទូទៅ។

ប្រសិនបើអ្នកសារព័ត៌មានរូបណាមួយត្រូវបានរកឃើញថាមានកំហុសជាបន្តបន្ទាប់ វិធានការទាំងពីរនេះអាចធ្វើឱ្យគាត់បាត់បង់ជំនឿទុកចិត្តពីមហាជន ហើយកេរ្តិ៍ឈ្មោះរបស់គាត់ក៏អាចរងការខូចខាតក្នុងសង្គមអ្នកសារព័ត៌មានផងដែរ។ ក្នុងករណីខ្លះ បុគ្គលនោះអាចត្រូវបានស្ថាប័នរបស់ខ្លួនបណ្តេញចេញពីការងារ។

ចំណែកវិធានការផ្សេងពីនេះ ដូចជាការចាប់ខ្លួន ហើយពេលខ្លះរហូតដល់វាយខ្នោះ ក្នុងករណីដែលមិនមែនជាបទល្មើសជាក់ស្តែង នឹងបង្កឱ្យមានផលប៉ះពាល់ដល់សេរីភាពសារព័ត៌មាន ហើយធ្វើឱ្យរូបភាពរបស់ប្រទេសទាំងមូលរងការខូចខាតបន្ថែមទៀត ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន។
សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត…

Like 196
Comment 0
Share ចែកចាយ
Views 12.9K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page18 Page19 Page20 … Page662 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបងស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត អភិបាលខេត្តបាត់ដំបងស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
តំបន់ផាប់ស្ទ្រីតនិងតំបន់ដងស្ទឹង ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២ តំបន់ផាប់ស្ទ្រីតនិងតំបន់ដងស្ទឹង ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២ ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×