ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត នៅព្រឹកមិញនេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពច្រាំងទន្លេ ដែលរងការបាក់ស្រុត បណ្តាលឲ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិល្វាលេី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
លោកអ៊ុន ចាន់ដា បានជំរុញដាក់ផែនការឲ្យមន្ទីរធនធានទឹកនិងឧតុនិយម រួមនឹងអាជ្ញាធរមូលដ្ឋាន ត្រូវប្រមូលទិន្នន័យឲ្យបានគ្រប់ជ្រុងជ្រោយផងដែរ ដេីម្បីឈានទៅដល់ បង្កើតផែនការដោះស្រាយបញ្ហាចំពោះមុខ ព្រោះក្នុង១ឆ្នាំៗ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលត្រូវប្រឈម និងរងគ្រោះដោយការបាក់ច្រាំង ជាបន្តបន្ទាប់។ អភិបាលខេត្ត ក៏បានផ្តល់ប្រេងម៉ាស៊ូត ចំនួន ៣០០លីត្រ ជូនដល់គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយស្រុកកងមាស ដេីម្បីធ្វេីការបូមរំដោះទឹកចេញពីក្នុងភូមិឋាន របស់ពលរដ្ឋ ដែលជាជំនាន់ទឹកភ្លៀងផងដែរ។
បើតាមលោក ភោគ សាវុធ អភិបាលស្រុកកងមាស បានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋ ១០គ្រួសារ កំពុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេនេះ មានប្រជាពលរដ្ឋ ១គ្រួសារ ប្រឈមខ្លាំងដែលត្រូវរុះរើជាបន្ទាន់។
លោកអភិបាលស្រុក បានថា គ្រោះធម្មជាតិបាក់ស្រុតច្រាំង នៅចំណុចខាងលើនេះ បណ្តាលឲ្យដាច់ផ្លូវប្រវែង១៥ម៉ែត្រ ។ ដោយឡែក ច្រាំងទន្លេដែលបានបាក់ស្រុតនោះមានទំហំ ទទឹង ១០ម៉ែត្រ បណ្តោយ ១០០ម៉ែត្រ មិនបណ្តាលឲ្យខូចខាត ផ្ទះសំបែងប្រជាពលរដ្ឋនោះទេ តែផ្ទះប្រជាពលរដ្ឋ ចំនួន ៥គ្រួសារ កំពុងរងផលប៉ះពាល់ ក្នុងនោះ ៤គ្រួសារ ប្រឈមតិចតួច និង ១គ្រួសារ ប្រឈមខ្លាំងដែលត្រូវរុះរើ ជាបន្ទាន់។
លោកក៏បានអះអាងថា ផ្អែកតាមការចុះពិនិត្យជាក់ស្ដែង មូលហេតុដែលបណ្ដាលឲ្យបាក់ស្រុតនោះ គឺដោយសារមានផ្លូវទឹក ននៅខាងក្រោមដី៕SRP