ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានលើកឡើងថា អំពើចោរកម្មបានកើតឡើងជាបន្តបន្ទាប់ នៅតាមមូលដ្ឋាននៃស្រុកសូត្រនិគម ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង។ការដែលអំពើចោរកម្មកើតមាននេះ ចាប់តាំងពីអធិការឡើងថ្មីមក។
ប្រជាពលរដ្ឋបានបន្តថា ជាក់ស្ដែង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានចោរលួចម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1AH-5556 លេខតួ ND125M-5672875 ខណ:សិស្សទៅរៀនគួរអង់គ្លេសនៅផ្ទះគ្រូនៅផ្សារសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនរងគ្រោះ ឈ្មោះ ហោន រក្សា ភេទប្រុសអាយុ១៣ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមការបំភ្លឺរបស់ជនរងគ្រោះ ពេលទៅដល់ ខ្លួនបានទុកម៉ូតូចោលនៅមុខផ្ទះគ្រូដោយពុំបានចាក់សោរសុវត្ថិភាពបន្ថែមឡើយ។ លុះរៀនចប់នៅម៉ោង១៩:០០ ខ្លួនត្រឡប់ទៅវិញក៏រកម៉ូតូមិនឃើញ ភ្លាមៗនោះ ខ្លួនបានប្រាប់គ្រូ រាយការណ៍ជូនសមត្ថកិច្ច និងឪពុកបានជូនទៅដាក់ពាក្យបណ្ដឹងតែម្ដង។ ករណីនេះសមត្ថកិច្ច បានកំពុងស្រាវជ្រាវ កំណត់មុខសញ្ញាតាមចាប់ជនសង្ស័យ។
ថ្លែងនៅរសៀលថ្ងៃពុធ ម្សិលមិញ ក្នុងពិធីសម្ពោធ សមិទ្ធិផលនានា នៅស្រុកបាណន់ សម្ដេចស ខេង បានរម្លឹកដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួម និងគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយផ្សារភ្ជាប់ទៅនឹងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
សម្ដេច ស ខេង បន្តថាទន្ទឹមគ្នានេះថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ទាំង៧ចំណុចនេះ ឱ្យបានលទ្ធផលល្អដែរ ដើម្បីពង្រឹងការផ្ដល់សេវាសាធារណៈ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើតសុខដុមនីយកម្មក្នុងសង្គមផងដែរ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋមានការលើកឡើងបន្តថា ចាប់តាំងពីលោក ឃីម ផល្លា ឡើងតំណែងជាអធិការស្រុកសូត្រនិគម មក ភូមិសាស្ត្រនៃស្រុកសូទ្រនិគម តែងតែមានល្បែងស៊ីសង មានអំពើចោរកម្ម គ្រឿងញៀន ឃាតកម្មជាបន្តបន្ទាប់ដែលជាករណីនេះធ្វើឲ្យពួកគាត់រស់នៅមូលដ្ឋានមានការព្រួយបារម្ភពីសន្តិសុខសុវត្ថិភាព៕SRP
