អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត

អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
0

អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ណែនាំបន្ថែមដល់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ណែនាំយ៉ាងដូច្នេះក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំរបស់រាជរដ្ឋាភិបាលជូនដល់អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក ដើម្បីធានាដល់ សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការរង និងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។

សូមជម្រាបថា អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ មានវិសាលភាព អនុវត្តចំពោះប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ និងអ្នកស្នាក់នៅ តាមទីតាំងរស់នៅប្រមូលផ្តុំនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែកន្លែងស្នាក់នៅប្រមូលផ្តុំ របស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ។

បើយោងតាមមាត្រា៤ នៃអនុក្រឹត្យនេះ បញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាអ្នកមានសមត្ថកិច្ចដឹកនាំអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយរដ្ឋាភិបាលតម្រូវឱ្យក្រសួងមហាផ្ទៃធ្វើប្រតិភូកម្មការងារគ្រប់គ្រងការស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

បន្ថែមពីនេះ មាត្រា១២ នៃអនុក្រឹត្យតម្រូវឱ្យប្រធានអង្គភាព ឬមា្ចស់/អ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្តុំ កត់ត្រាការស្នាក់នៅទាំងអស់ចូលក្នុងបញ្ជី។ចំពោះមាត្រា ១៣ ១៤ និង១៥ មាត្រាទាំងអស់នេះ សុទ្ធតែបានចែងពីការស្នាក់នៅរបស់ជនបរទេស ដោយម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំត្រូវរាយការណ៍ អំពីវត្តមាន ស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសក្នុងរយៈពេល២៤ម៉ោងយ៉ាងយូរ ដល់មន្ត្រីនគរបាលមានសមត្ថកិច្ច និងត្រូវទាមទារឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីការស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា៕SRP