បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៧៨នាក់ (ស្រី១២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនចំនួន ១៤នាក់ (ស្រី ១នាក់), ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scam) ចំនួន ៦៤នាក់ (ស្រី១០នាក់), ករណីដឹកជញ្ជូនគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) ចំនួន១នាក់ (ភេទប្រុស) និងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែនចំនួន ១នាក់ (ភេទស្រី)។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៣នាក់ (ភេទប្រុស), ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ២នាក់ (ភេទប្រុស), ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៧១នាក់ (ស្រី១១នាក់) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ២នាក់ (ស្រី១នាក់)៕SRP

