ខេត្តសៀមរាប៖សម្តេចហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ទៀតថា ផ្លូវទាំង៣៨ខ្សែគឺជាការយកកម្ពុជាចិញ្ចឹមកម្ពុជា ពីព្រោះការសាងសង់ផ្លូវទាំងនេះ ជាការសាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង មិនមានបរទេសណាចូលរួមនោះទេ។ សម្តេចតេជោពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលទាំងអស់ដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាបនេះ ត្រូវប្រសិទ្ធនាមថា ជាតារារះនាទិសឧត្តរ។
សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗកម្ពុជា ដែលបានសាងស្នាមព្រះហស្ថ និងស្នាដៃចំពោះជាតិនាពេលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសាងសង់ផ្លូវ និងកែលំអរស្ទឹងសៀមរាប មិនអាចកាត់ផ្តាច់នូវការចូលរួមរបស់ប្រជាពលរដ្ឋនោះឡើយ ពីព្រោះមានប្រជាពលរដ្ឋខ្លះបានរងប៉ះពាល់ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ហើយដែលបានស្ម័គ្រចាកចេញពីកន្លងដែលត្រូវសាងសង់ និងប្រគល់ដីជូនអាជ្ញាធរ។
សម្តេចតេជោបានណែនាំដល់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋយើង ដែលត្រូវបានផ្លាស់ចេញពីកន្លែងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកែលំអរស្ទឹងសៀមរាប ហើយទៅរស់នៅភូមិអភិវឌ្ឍតេជោរុណតាឯកនោះ៕SRP

