ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថាការផលិតស្រូវជាស្បៀងរបស់កម្ពុជាអាចមានការកេីនឡើងរហូតជាង១២លានតោន ព្រោះក្នុងខែវិច្ឆិកាកន្លងទៅនេះ កម្ពុជាបាននាំស្រូវចេចេញទៅប្រទេស វៀតណាម បានប្រមាណជាង៣លានតោនរួចហើយ ក្នុងនោះក៏មានការកេីនឡើងជាបន្ដបន្ទាប់ទៀតសម្រាប់បំណាច់ឆ្នាំ២០២១នេះ។
លោករដ្ឋមន្រ្តី វេង សាខុន បន្តថា ទន្ទឹមនឹងអ្វីដែលយើងទទួលបាននូវសុខសន្តិភាព ភាពសុខដុមរមនាហើយនោះ គឺសិទ្ធិរស់រានមានជីវិតដែលជាកត្តាចម្បងសម្រាប់ប្រជាជនយើង ដែលមិនអាចបំភ្លេចបាន ហើយសិទ្ធិរស់រានមានជីវិតនោះទៀត គឺត្រូវតែមានការគាំទ្រការពារសុខមាលភាព និងក្រពះផងដែរ។ ជាក់ស្ដែងក្នុងរដូវចុះត្រជាក់នេះ សម្តេចតេជោលោកបានណែនាំដល់មន្ត្រីឲ្យនាំយកអំណោយអាវរងារមកចែកជូនលោកយាយលោកតាដូចក្នុងឱកាសនេះ។
លោកថ្លែងបែបនេះនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ ក្នុងឱកាសចុះចែកអាវរងារ និងថវិកា ដែលជាអំណោយរបស់សម្តេចហ៊ុន សែន ជូនដល់ចាស់ជរាគ្មានទីពឹង ចំនួន៤០៦នាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា អំណោយរបស់សម្ដេចហ៊ុន សែន ដែលត្រូវចែកជូនចាស់ជរាគ្មានទីពឹង ចំនួន៤០៦នាក់ មកពីឃុំចំនួន៥ គឺឃុំអំពិល ក្រឡា អូរស្វាយ វិហារធំ និងឃុំរអាង ស្រុកកំពង់សៀម ដោយក្នុងម្នាក់ៗទទួលបាន អាវរងារ១និងថវិកាចំនួន៥ម៉ឺនរៀល៕SRP