ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកមិញនេះ ទទួលសមិទ្ធផល នៃគម្រោងកែលម្អមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ស្រីសន្ធរ និងស្រុកកងមាស សម្រាប់ឆ្នាំ២០២១ សរុបជាថវិកាប្រមាណ៥៦ម៉ឺនដុល្លារ។
លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយការកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ បំពាក់សម្ភារបរិក្ខារបម្រើឲ្យមន្ទីរពេទ្យបង្អែកស្រុកទាំង៣ ខាងលេី។
គួរបញ្ជាក់ថាការប្រគល់-ទទួលនេះ បានធ្វើឡើងរវាងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ត នៃពួក បរិសុទ្ធថ្ងៃចុងក្រោយ ដែលជាភាគីផ្ដល់ជំនួយ តំណាងដោយលោក សៀ សំណាង ប្រធានសមាគម និងរដ្ឋបាលខេត្តកំពង់ចាម ជាភាគីទទួលជំនួយ តំណាងដោយលោក គឹមសួរ ភីរុណ ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ចាម ក្រោមវត្តមាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ សម្រាប់មន្ទីរពេទ្យបង្អែកស្រុកជេីងព្រៃ មានទំហំទឹកប្រាក់ប្រមាណជាង២២ម៉ឺនដុល្លារ ក្នុងនោះបានធ្វើការកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាជាង១៥ម៉ឺនដុល្លារ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣៤មុខ ស្មើនឹង ១៨៤គ្រឿង គិតជាថវិកាជាង៦ម៉ឺនដុល្លារ។
មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ មានទំហំទឹកប្រាក់ប្រមាណជាង ២៦ម៉ឺនដុល្លារ ក្នុងនោះកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាជាង១៥ម៉ឺនដុល្លារ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣០មុខ ស្មើនឹង ៥៩គ្រឿង គិតជាថវិកាជាង ១០ម៉ឺនដុល្លារ។
មន្ទីរពេទ្យបង្អែកស្រុកកងមាស មានទំហំទឹកប្រាក់ប្រមាណជាង៧ម៉ឺនដុល្លារ ក្នុងនោះកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ គិតជាថវិកាជាង៤ម៉ឺនដុល្លារ (សែសិបពីរពាន់បីរយប៉ែតសិបដុល្លារ) និងបំពាក់សម្ភារ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ១មុខ ស្មើនឹង១គ្រឿង គិតជាថវិកាចំនួន៣ម៉ឺនដុល្លារ៕SRP