ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថាថ្ងៃនេះយើងបានបេីកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែងជិត៣គីឡូម៉ែត្រ គិតជាថវិកាប្រមាណ ៣១ម៉ឺនដុល្លារ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិ។
ក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែង២.៦៩៧ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងឃុំពង្រ និងឃុំមហាលាភ ស្រុកកោះសូទិន នៅព្រឹកមិញលោក អ៊ុន ចាន់ដាបានថ្លែងប្រាប់ប្រជាពលរដ្ឋថា សូមឲ្យមានការជឿទុកចិត្តលេីអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងធ្វើការបម្រើពុកម៉ែបងប្អូន ដោយមិនគិតពីការនឿយហត់ ដេីម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋានយេីងឲ្យមានការរីកចម្រើន។
លោក អ៊ុន ចាន់ដា បានថ្លែងថា គម្រោងស្ថាបនាផ្លូវកៅស៊ូនេះ ពិតជាសារៈប្រយោជន៍សំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ជាពិសេសបម្រើឲ្យការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ដែលងាយស្រួលក្នុងការធ្វើដំណើរ។ ដោយការស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែនេះមានរយ:ពេល៥ខែ ដូច្នេះសូមឲ្យពុកម៉ែបងប្អូនមានការយោគយល់ និងចូលរួមដោះស្រាយបញ្ហាផលប៉ះពាល់ខ្លះៗផង។ លេីសពីនោះពេលដែលបានផ្លូវល្អប្រេីប្រាស់ហើយ សូមលោកយាយលោកតា ជួយអប់រំណែនាំដល់កូនចៅ ឲ្យគាត់បេីកបរដោយគោរពច្បាប់ចរាចរណ៍ផង ព្រោះប្រសិនបេីយេីងបេីកបរមិនគោរពច្បាប់ចរាចរណ៍ទេនោះ គឺផ្លូវនេះនឹងមិនបានកាត់បន្ថយភាពក្រីក្រទេ ព្រោះត្រូវចំណាយថវិកាព្យាបាលរបួស និងខាតបង់ទ្រព្យសម្បត្តិទៀតផង។
គួរបញ្ជាក់ថា នេះជាគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូពីជាន់ប្រភេទ(DBST) ប្រវែង២.៦៩៧ ម៉ែត្រ ទទឹង៥ម៉ែត្រ ឆ្លងកាត់៦ភូមិ ក្នុងឃុំពង្រ និងឃុំមហាលាភ ស្រុកកោះសូទិន ក្រោមក្របខ័ណ្ឌកាត់បន្ថយភាពក្រីក្រ និងអនុវត្តកសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ ដែលមានអ្នកទទួលផល សរុប ៣.៤៥៩នាក់ ស្មើនឹង ៩៤៦គ្រួសារ៕SRP