ខេត្តកំពង់ចាម៖ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ចាម សម្រាប់ឱកាសចូលឆ្នាំសកល២០២២ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងនាមជាមន្ត្រីរាជការគឺយេីងត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ និងមិនប្រកាន់ពីនិន្នាការនយោបាយ ប៉ុន្តែត្រូវមានភក្ដីភាពចំពោះរាជរដ្ឋាភិបាល។
ថ្លែងក្នុងពិធី លោក អ៊ុន ចាន់ដា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត។
លោក អ៊ុន ចាន់ដា ក៏បានណែនាំថា ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវបង្រៀនមន្ត្រីឲ្យចេះធ្វើការ ហើយត្រូវទុកឱកាសឲ្យមន្ត្រីក្រោមឱវាទបញ្ចេញសមត្ថភាពទេពកោសល្យផង ដោយកុំប្រកាន់ច្រេីន ហេីយក៏កុំចោលឥរិយាបថទន់ភ្លន់ ពោលគឺត្រូវមានសាមគ្គីភាពផ្ទៃក្នុង ខិតខំធ្វេីការងារ បេីមានបញ្ហាអ្វីកេីនឡេីងត្រូវរួមគ្នា ដេីម្បីធ្វេីការដោះស្រាយផងដែរ៕SRP