ខេត្តព្រះវិហារ៖ក្រុមហ៊ុន( ភីអិនធី PNT ) បានរងការរិះគន់ថា ជាអ្នកប្រមូលទិញឈើដោយខុសច្បាប់ពីសកម្មភាពកាប់បំផ្លាញព្រៃឈេីនៅក្នុងតំបន់ស្នូលនៃព្រៃឡង់។ ករណីបែបនេះ សហគមន៍ព្រៃឡង់ បានទទូចស្នើសុំអាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរខេត្តកំពង់ធំ ចាត់វិធានការឲ្យមានប្រសិទ្ធិភាព។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានផ្សព្វផ្សាយ។
ប្រព័ន្ធផ្សព្ធផ្សាយបន្តថាបទល្មេីសព្រៃឈេីបានកេីតឡេីងពេញបន្ទុក នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយសកម្មភាពកាប់បំផ្លាញព្រៃឈេី នៅក្នុងតំបន់ស្នូលនៃព្រៃឡង់ ហើយធ្វេីការដឹកជញ្ជូនឈេី តាមគោយន្តកន្រ្តៃរាប់សិបគ្រឿង ជាហេតុនាំឲ្យក្រុមហ៊ុន ( ភីអិនធីPNT ) រងការរិះគន់ថា ជាអ្នកចាំប្រមូលទិញឈើជញ្ជូនចូលក្រុមហ៊ុនដោយខុសច្បាប់ បង្វែទៅជាឈើស្របច្បាប់។
ប្រភពបានបន្តថា ក្នុងនោះ ក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) បានដាក់ពង្រាយកម្លាំងកម្មករ ជាច្រើនក្រុម ឲ្យធ្វើសកម្មភាពកាប់ឈើ នៅក្នុងតំបន់ស្នូល នៃព្រឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយគ្មានបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធ។ ដោយសារតែគ្មានការទប់ស្កាត់ ទើបប្រជាពលរដ្ឋ នឹងប្រជាសហគមន៍ព្រៃឡង់ បានសំណូមពរទៅលោក គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ នឹងជាប្រធានគណះបញ្ជាការឯកភាពខេត្ត ចាត់វិធានការទប់ស្កាត់ នូវសកម្មភាពកាប់ឈើ របស់ក្រុមហ៊ុនភីអិនធី។
សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ បច្ចុប្បន្ននេះ ក្រុមហ៊ុនភីអិនធី នៅតែបន្តបានដាក់កម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើ នៅក្នុងតំបន់ស្នូល នៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុន ភីអិនធី កាប់រំលំអារច្រៀកឈើ គឺនៅចំណុចបុស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះ ត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទាន របស់ខ្លួន ដើម្បីឲ្យក្លាយជាឈើស្របច្បាប់ ដោយជោគជ័យ។
ប្រភពបានបន្តថា ក្រុមហ៊ុន ភីអិនធី បានប្រើប្រាស់រថយន្តបង្កុង រថយន្តរ៉េវ និងគោយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនឈើ ចេញពីតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួន។ ករណីបែបនេះប្រសិនបើគ្មានការឃុបឃិត ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ ទេនោះ គឺក្រុមហ៊ុនភីអិនធី មិនអាចកាប់ឈើ អារច្រៀកឈើនៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុន យ៉ាងគគ្រឹកគគ្រេង តាមអំពើចិត្តបានឡើយ។
រហូតដល់ព្រឹកថ្ងៃចន្ទនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុនភីអិនធី ចំពោះការរិះគន់នេះបាននៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយកន្លងមកថ្មីៗនេះគណៈកម្មការជាតិទប់ស្កាត់បទល្មើសធនធានធម្មជាតិដែលមាន លោក នាយឧត្តមសេនីយ៍សៅ សុខា ជាប្រធានបានចេញសេចក្ដីប្រកាសព័ត៌មានថា ខ្លួនមិនបានរកឃើញបទល្មើសព្រៃឈើរបស់ ក្រុមហ៊ុនភីអិនធីនោះទេ ក្រោយព័ត៌មានបានផ្សព្វផ្សាយ៕SRP