ខេត្តព្រៃវែង៖រឿងអាស្រូវពុករលួយរបស់ លោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិព្រះស្ដេច ខេត្តព្រៃវែង និងបក្សពួក ត្រូវមន្ត្រីក្រោមឱវាទចំនួន១៦នាក់ នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេច នាំគ្នាផ្ដិតមេដៃប្ដឹងជាចំហរ បើកមុខ ទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យចាត់វិធានការ ចំពោះលោក យូ ស៊ីឡិ ដែលបានដឹកនាំ ប្រកាន់បក្ខពួកគ្រួសារនិយម ប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីអ្នកជំងឺ និងស៊ីដាច់លុយ របបការងារកូនចៅជាដើម។ល។
ក្នុងលិខគោរពជូន សម្ដេចក្រឡាហោម៖ដែលធ្វើឡើង កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០
ដោយមានភ្ជាប់ស្នាមមេដៃ មន្ត្រីពេទ្យបង្អែកស្រុកព្រះស្ដេច ចំនួន១៦នាក់ ដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី១៧
ធ្នូនេះ ថា៖ ក្រុមគ្រូពេទ្យបានស្នើសុំឱ្យសម្ដេចក្រហោម ស ខេង ជួយពិនិត្យ និងចាត់វិធានការចំពោះលោក យូ ស៊ីឡិ ជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្ដេច ដែលបានដឹកនាំង្កើតបក្ខពួកនិយម ក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច រួមមាន៖
ទី១៖លោក យូ ស៊ីឡិ ប្រធានODស្រុកព្រះស្ដេច។
២៖លោក យូ ស៊ីណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចត្រូវជា(បងបង្កើតរបស់លោក យូ ស៊ីឡិ)។
៣៖លោក ហាស់ ចំរើន អនុប្រធានប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
៤៖លោក ឌៀប សាវរ័ត្ន គណនេយ្យមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
៥៖លោក ជួប សេងវន្នី ទទួលបន្ទុកផ្នែកព័ត៌មានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
៦៖អៀង ចន្ទរិទ្ធិ ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
លិខិតនោះបានបញ្ជាក់ទៀតថា៖ អ្នកទាំង៦នាក់ខាងលើ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងកេងប្រវ័ញ្ចលុយក្នុងមន្ទីរពេទ្យ។ រួមមានលុយ.ប.ស.ស.ដែលទូទាត់ថ្លៃសេវាព្យាបាល.មន្ត្រីរាជការ កម្មករ កម្មការិនី និយោជិក កងកម្លាំងប្រដាប់អាវុធ។
ជាសមាជិកបេឡាជាតិ របបសន្តិសុខសង្គម មិនដែលចែកអោយបុគ្គលិកទេ។ ខណៈពួកខ្លួនខិតខំថែទាំព្យាបាល និងផ្ដល់សេវាកម្មដល់អ្នកជំងឺ ក៏ដូចជាអ្នកមកទទួលសេវា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ សូម្បីតែលុយក្បាលកូន ដែលសម្ដេច កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់ពេទ្យឆ្មប ក្នុង១ករណី៤០.០០០រៀល តែជាក់ស្ដែងទទួលបានតែ១៦.០០០រៀលតែប៉ុណ្ណោះ។
រីឯប្រាក់ចំណូលដែលបានពីការព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ ០១%សម្រាប់បង់ជូនរដ្ឋ ។
៣៩% សម្រាប់ផ្គត់ផ្គង់ក្នុងមន្ទីរពេទ្យ និង៦០% សម្រាប់បែងចែកដល់បុគ្គលិក។ ប៉ុន្តែជាក់ស្ដែងពួកគេពុំបានបែងចែងឱ្យបុគ្គលិកគ្រប់តាមលក្ខ័ណ្ឌ៦០%នោះទេ។ លើសជាងនេះទៅទៀត លុយវាយតម្លៃប្រចាំត្រីមាស១០០% ដែលមន្ទីរពេទ្យទទួលបាន។ គឺត្រូវបែងចែងឱ្យបុគ្គលិក៨០% និង២០%សម្រាប់ដំណើរការផ្គត់ផ្គង់មន្ទីរពេទ្យ។ លុះជាក់ស្ដែង៖ ពួកគេមិនដែលបែងចែក តាមការកំណត់របស់ក្រសួងសុខាភិបាលឡើយ។ ខណៈពួកគេរៀបគម្រោងធ្វើតារាង២ផ្សេងគ្នា ១ច្បាប់សម្រាប់ទុកឱ្យមន្ទីរសុខាភិបាលត្រួតពិនិត្យ។ រីឯ១ច្បាប់ទៀត ទុកបែងចែកដល់បុគ្គលិក ដែលតារាងទាំង២ច្បាប់នេះ មានតួរលេខខុសគ្នា ។
ចំពោះលុយរបស់មន្ទីរពេទ្យ(៦២០២៨).២៥០លានរៀល ក្នុង១ឆ្នាំៗ ដែលក្រសួងផ្ដល់ឱ្យ។ គឺក្រុមលោក យូ ស៊ីឡិ បានធ្វើវិក្កយបត្រក្លែងក្លាយ ដើម្បីកិបកេងលុយទាំងនោះទុកចែកបក្ខពួកខ្លួន។ ដោយមិនយកមកទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យឡើយ។
លើសជាងនេះទៅទៀតលោក យូ ស៊ីឡិ បានជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា(មន្ត្រីខ្មោច)ចំនួន៤នាក់ ដែលមានតែឈ្មោះ ប៉ុន្តែមិនមកបម្រើការងារ ដើម្បីកិបកេងផលប្រយោជន៍ផ្ទាល់ខ្លួន។ ទង្វើបែបនេះវាបានផ្ទុយទៅនិងគោលការរបស់ក្រសួងសុខាភិបាល យោងតាមអនុក្រឹត្យលេខ៦៥.អ.ន.ក្រ-ប.ក.ចុះថ្ងៃទី០១.ខែមេសាឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល។ ស្ដីអំពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា គឺមិនអនុញ្ញាតឱ្យប្រធានអង្គភាព ឬមន្ត្រីណាម្នាក់កាត់ប្រាក់បៀវត្ស.ម៉ោងយាម.ប្រាក់សម្រាលកូន.ប្រាក់ប៉ះពាល់សុខភាព.របស់បុគ្គលិក.និងលាភសការៈផ្សេងៗរបស់មន្ត្រីរាជការបានឡើយ។
ក្នុងករណីមានពាក្យបណ្ដឹងណាមួយនៅពេលស្ថាប័នមានសមត្ថកិច្ច ហើយរកឃើញថា៖ ប្រធានអង្គភាព ឬមន្ត្រីបានប្រព្រឹត្តកំហុសឆ្លងដូចខាងលើ.គឺនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ជុំវិញការចោទប្រកាន់នេះ សៀមរាបប៉ុស្តិ៍មិនទាន់ទទួលបានការបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធ ខាងលើនៅឡើយទេ។ ប៉ុន្តែលោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្ដេច បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា៖ លុយក្បាលកូន១ ករណី៤០.០០០រៀលនោះ។ គឺត្រូវបែងចែកជាមួយបុគ្គលិក ដែលចូលរួមសម្រាលកូន ខណៈឆ្មបបានតែ១៦.០០០រៀលប៉ុណ្ណោះ។ លោកសុំណូមពរថា រឿងនេះកុំផ្សាយអី។ ចំណែក លោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មិនអាចសុំការបកស្រាយ បំភ្លឺបាននៅឡើយទេដោយ
ទូរស័ព្ទចូលហើយ លោកបានចុចបិទ៕SRP