ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់កំព្យូទ័រយួរដៃ និងថវិកាមួយចំនួន ដល់សិស្សប្រលងជាប់និទ្ទេសA ចំនួន៣២នាក់។ ការផ្ដល់នៅព្រឹកមិញនេះនៅសាលាខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងថា នេះជាការទឹកចិត្ត របស់លោកផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ហេីយត្រូវរៀនតាមប្រព័ន្ធអនឡាញយ៉ាងណាក្ដី។ ទាំងអស់នេះ គឺជាកិត្តិយស សម្រាប់ខ្លួនឯង ក៏ដូចជា មាតា បិតា ឬអាណាព្យាបាល ក៏ដូចជា នាយកសាលាផ្ទាល់ ជាពិសេស កិត្តិយស សម្រាប់ខេត្តកំពង់ចាម របស់យើងផងដែរ។
អភិបាលខេត្តក៏លើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ការបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បី ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈ ការប្រលងប្រជែង នៅកម្រិតឧត្ដមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសលរបស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។ លើសពីនេះទៅទៀតនោះ នៅពេលក្មួយៗ បានបន្តនៅកម្រិតឧត្ដមសិក្សាហើយ ក្មួយៗត្រូវខិតខំព្យាយាមរៀនសូត្រ ឲ្យបានពូកែ ធ្វើយ៉ាងណា ឲ្យក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹង មកបម្រេីជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាភាពរីកចំរើន ដល់ក្រុមគ្រួសារ ទន្ទឹមនោះនៅពេលដែលក្មួយៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកខេត្តកំពង់ចាមវិញ ដើម្បីរួមគ្នាកសាងអភិវឌ្ឍ ខេត្តរបស់យើង ឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត។
បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជនមកប្រលងចំនួន ៦.៧៧៤នាក់ បេក្ខជនប្រលងជាប់ចំនួន ៤.៣៣៣នាក់ ស្មើនឹង ៦៣,២៦% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ១១៨នាក់ ខណៈបេក្ខជនប្រលងជាប់និទ្ទេស A នៅទូទាំងប្រទេស មានចំនួន ១.៧៥៣នាក់។
គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែលឯកឧត្ដមអភិបាលខេត្ត ផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេស A ទាំង ៣២នាក់ ក្នុងម្នាក់ៗ ទទួលបាន កំព្យូទ័រយួរដៃ (latop) ១ គ្រឿង , ថវិកា ចំនួន ៤០ម៉ឺនរៀល , សៀវភៅ ២០ក្បាល, ប៊ិច និងខ្មៅដៃ ចំនួន ១០ដើមផងដែរ៕SRP