ខេត្តបាត់ដំបង៖មានការលើកឡើងថាដីចំណី «ស្ពានអូរតាគី» ប្រវត្តិបទចម្រៀងលោកស៊ិនស៊ីសាមុត ត្រូវបានឈ្មួញកាយលក់យ៉ាងគគ្រឹកគគ្រេង។ ករណីនេះ គេដាក់ការសង្ស័យអាជ្ញាធរមូលដ្ឋាន ឃុបឃិតជាមួយឈ្មួញសំអាងថាស្តារអូរដើម្បីស្តុបទឹកទុក។
សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងកាយដីលក់នេះស្ថិតនៅត្រង់ចំណុចក្បែរស្ពានអូរតាគី ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។
ករណីនេះគេឃើញក្រុមហ៊ុនដឹកដីរបស់ឈ្មោះខៀវ ឃៀង បានសម្រុកដឹកជញ្ជូនដីយកទៅចាក់នៅដីឡូតិ៍មួយកន្លែង ដែលនៅជិតទីតាំងកាយនោះ។
ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបានលើកឡើងថា ស្ពានអូរតាគីនេះ គឺមានប្រវត្តិបទចម្រៀងរបស់ «ស្តេចសម្លេងមាស» លោកសុិនសុីសាមុត គឺបទស្ពានអូរតាគី ស្ពានអូរតាកែ។ ប៉ុន្តែពេលនេះ ត្រូវបានក្រុមឈ្មួញឃុបឃិតគ្នាជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ កាយបំផ្លាញលក់យ៉ាងអនាធិបតេយ្យ។
ពាក់ព័ន្ធករណីនេះ មន្ត្រីជំនាញបានលួចបង្ហើបប្រាប់ថា បើការជីកកកាយដីចំណីអូរខាងលើនេះគ្មានកិច្ចសហការពីមន្ទីរពាក់ព័ន្ធដូចជាមន្ទីរធនធានទឹកនិងឧតុនិយមឬ មន្ទីររ៉ែថាមពល ចុះមកវាយតម្លៃសិក្សាទេនោះ នេះពិតជាការឃុបឃិតគ្នាដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនឬបក្ខពួកប៉ុណ្ណុះ។
ជុំវិញការរិះគន់នេះ អភិបាលស្រុកថ្មគោល លោកជា សម្បត្តិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយម្តងមានការអនុញាត្ត ឲ្យកាយពីសាលាខេត្ត ដែលមានជម្រៅ៣ម៉ែត្រ ម្តងថាអនុញាត្តឲ្យជីកកកាយពីរដៃអេសស្ការវទ័រជម្រៅ៧ម៉ែត្រទៅវិញ។
លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានឲ្យដឹងថា ខាងលោកមិនបានដឹងទេព្រោះកាលសុំមិនបានបញ្ជាក់ជម្រៅទេ រឿងនេះពាក់ព័ន្ធនិងផលប្រយោជន៍ លោកឲ្យសួរទៅខាងមន្ទីរធនធានទឹកនិង
ឧតុនិយមទៅដឹងហើយ។
លោកប្រធានមន្ទីររ៉ែ បញ្ជាក់ថា បើខាងឯកជនមានជម្រៅតាមច្បាប់កំណត់ត្រឹមត្រូវ តែបើខាងស្រុកគេសុំចឹង គឺជាលក្ខណៈស្រុកជាមួយនិងធនធានទឹក ហើយ លោកនឹងដឹកនាំក្រុមការងារចុះទៅសិក្សារឿងសួយសារបង់ចូលរដ្ឋតាមមាត្រាស្តីពីការគ្រប់គ្រងធនធានរ៉ែ។
ទោះជាយ៉ាងណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផល្គុន ថា ខាងលោកមិនទាន់ដឹងទេ ចាំឲ្យក្រុមការងារចុះទៅពិនិត្យ។ លោកបានបន្តថា បើមានការប៉ះពាល់វិញមិនប៉ះពាល់ខាងស្រុកទេគឺខាងស្រុកចាំយកតែលុយប៉ុណ្ណុះ។
លោកថាបើជីកកកាយរាង៤ជ្រុងដូចស្រះ មិនត្រឹមត្រូវទេ បើស្តារអូរគឺកាយបាតអូររ៉បតាមអូរទើបត្រឹមត្រូវតាមការស្នើសុំកន្លងមក៕SRP