ខេត្តសៀមរាប៖នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ នាព្រឹកមិញ នៅរដ្ឋបាលខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានថ្លែងថា នៅតាមក្រុងស្រុកមួយចំនួន អាជ្ញាធរភូមិ ឃុំ-សង្កាត់ មានការខ្វះចន្លោះ ក្នុងការតាមដាន ពីសកម្មភាពបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចជាការកាប់ទន្ទ្រានដីព្រៃលិចទឹក ព្រៃការពាររបស់រដ្ឋ សាងសង់សំណង់មុនចេញលិខិតអនុញ្ញាត ការរំលោភដីទីទួលបុរាណដ្ឋាន ការលួចយកសាច់ដីធ្វើអាជីវកម្ម ក្រោមរូបភាពស្ដារប្រព័ន្ធធារាសាស្ត្របុរាណជាដើម។ លោកថាទាំងនេះ បានបង្ហាញពីកាខ្វះកិច្ចសហការគ្នា អាជ្ញាធរមូលដ្ឋានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍សហគមន៍ រួមនិងទ្រព្យសម្បត្តិរដ្ឋ ពីក្រុមជនខិលខូចបានណែនាំដល់អាជ្ញាធរក្រុងស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការឃាត់ខ្លួនជនខិលខូច ហើយត្រូវតាមចាប់អ្នកដែលកាប់បំផ្លាញតំបន់ព្រៃការពាររបស់រដ្ឋ រំលោភយកដីតំបន់បុរាណដ្ឋាន ការសាងសង់សំណង់ខុសច្បាប់ រួមនិងទ្រព្យសម្បត្តិរដ្ឋដទៃទៀត មកផ្ដន្ទាទោសតាមច្បាប់។
តំណាងអភិបាលខេត្តលោកទៀ សីហា លោក ង៉ាន់ ភិរុណ បានណែនាំដល់ លោកអភិបាលក្រុងស្រុក ត្រូវបន្តណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើការរាយការណ៍ និងផ្អាករាល់សកម្មភាពខាងលើ ដែលពុំមានច្បាប់អនុញ្ញាត ជាពិសេសត្រូវសហការជាមួយ មន្ទីរ និងអង្គភាពជំនាញ ដើម្បីចុះពិនិត្យ អនុវត្តន៍ច្បាប់ និងឈានទៅដល់ការឃាត់ខ្លួន។
អភិបាលរងខេត្ត ក៏បានស្នើដល់មន្ត្រីជំនាញ របស់អាជ្ញាធរជាតិអប្សរា ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ សូមផ្ដល់នូវផែនទីទីតាំងបុរាណដ្ឋាន ក្នុងខេត្តសៀមរាប មកដល់អាជ្ញាធរខេត្ត ដើម្បីជាមូលដ្ឋាន ចៀសវាងធ្វើការអភិវឌ្ឍ ឬចេញបណ្ណសម្គាល់អចលវត្ថុ ជូនប្រជាពលរដ្ឋចំទីតាំងបុរាណទាំងនោះ។ មួយវិញទៀត ចំពោះការស្ដារប្រព័ន្ធធារាសាស្ត្របុរាណ ដូចជាប្រឡាយ ស្រះជាដើម ដែលអនុញ្ញាតដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត ពុំអនុញ្ញាតឲ្យក្រុមហ៊ុន ឬបុគ្គលណាមួយ ធ្វើអាជីវកម្មលើអាចម៍ដី ដែលបានស្ដារនោះឡើយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរខេត្ត៕SRP