ថ្លែងក្នុងខេត្តកំពង់ស្ពឺ នៅសៅរ៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំ ឱ្យមានការធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេស ដោយត្រូវបង្កើតការិយាល័យអនុព័ន្ធ ដើម្បីចាត់បញ្ជូនមន្ត្រីទៅប្រចាំការ និងរៀបចំប្រតិបត្តិការ និងគ្រប់គ្រងទិន្នន័យ។ លើសពីនេះ ចំពោះលិខិតថ្កោលទោស គឺត្រូវរៀបចំធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំ និងអនុវត្ត។ បន្ថែមលើនេះផងដែរ សម្តេច ហ៊ុន សែន បានប្រគល់ភារកិច្ចជូនលោកនេត សាវឿន ឧបនាយករដ្ឋមន្ត្រី ដើម្បីធ្វើកិច្ចការជាមួយច្រកព្រំដែនចេញ-ចូលទាំងអស់ ដោះស្រាយរឿងកម្រៃក្រៅសេវា ពាក់ព័ន្ធការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង ដើម្បីសម្រួលការលំបាកក្នុងការឆ្លងកាត់ និងចេញ-ចូល របស់ប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស នៅស្រុកសំរោងទង
សម្តេចហ៊ុន ម៉ាណែត បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំការប្រឡង ក្របខណ្ឌដាច់ដោយឡែក ក្នុងការជ្រើសរើស មន្ត្រីគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីទុកពេលឱ្យមានការរៀបចំយន្តការរួម តាមរយៈគណៈកម្មាការ ដែលមានក្រសួងមុខងារសាធារណៈ ទទួលបន្ទុកក្នុងការដឹកនាំរៀបចំ ដោយនឹងមានការប្រឡងព្រមគ្នា ក្នុងក្របខណ្ឌថ្នាក់ជាតិតែម្តង។ នេះជាគោលការណ៍ ក្នុងការធ្វើកំណែទម្រង់លើការប្រឡង ចូលបម្រើការជាមន្ត្រីរាជការក្នុងក្របខណ្ឌទូទាំងប្រទេសដោយប្រកាន់គោលការណ៍ “អ្នកចេះ គឺជាប់”។
សម្តេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលថ្មី គឺនៅតែបន្តគោលនយោបាយ ការទូតរបស់ គណបក្សប្រជាជនកម្ពុជា គឺឈរលើភាពស្មើមុខស្មើមាត់គ្នា អព្យាក្រឹត្យ ស្របតាមរដ្ឋធមនុញ្ញ ផ្អែកលើច្បាប់ និងបម្រើផលប្រយោជន៍ជាតិ ដែលជាអាទិភាពចម្បង។
សម្ដេចហ៊ុន ម៉ាណែត ថ្លែងថា អំពីការងារសំខាន់ចំនួន ៣ ដែលសម្តេចបានធ្វើចំពោះជាតិ និងប្រជាជនគឺ៖ ទី១. ការងារការទូត ដើម្បីបន្តរក្សាកម្រិតស្មើភាព និងស្មើមុខស្មើមាត់លើការងារទំនាក់ទំនងការទូត ក្នុងនាមជាប្រទេស ដែលមានអធិបតេយ្យភាពពេញលេញ ទី២. ការជួបទ្វេភាគី ដើម្បីបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស ជាមិត្តបន្ថែមទៀត ដែលក្នុងនោះបណ្តាប្រទេសជាមិត្ត បានទទួលស្គាល់ និងធ្វើការសាទរចំពោះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលមានប្រជាជនជាង ៨២% បានបោះឆ្នោតគាំទ្រ និងទី៣. ការងារសេដ្ឋកិច្ច ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈការ ផ្សព្វផ្សាយពីវិស័យ សំខាន់ៗមួយចំនួន ជាអាទិ៍ វិស័យកសិកម្ម, វិស័យទេសចរណ៍, វិស័យថាមពល និងវិស័យការងារជាដើម ទៅកាន់ឆាកអន្តរជាតិ៕